ដោយ៖ លក្ខិណា
ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វិនិយោគិនក្នុង និងក្រៅប្រទេសបានវិនិយោគលើគម្រោងអគារខ្ពស់ៗជាច្រើនទាំងក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន ក្នុងនោះក្នុងចំណោមខេត្តទាំងអស់ ខេត្តព្រះសីហនុ ទទួលបានគម្រោងវិនិយោគអគារខ្ពស់ច្រើនជាងគេបន្ទាប់ពីភ្នំពេញ។
ជាមួយគ្នានេះ មានសំនួរលើកឡើងថា តើរហូតមកដល់ពេលនេះ ទូទាំងប្រទេសកម្ពុជាមាន អគារខ្ពស់ប៉ុន្មានហើយ ?
យោងសេចក្ដីព្រាងរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបណីយកម្មនិងសំណង់ បានបែងចែកចំណាត់ថ្នាក់អគារខ្ពស់ទៅតាមលំដាប់ៗ ក្នុងនោះអគារកំពស់ពី៥ជាន់ឡើងសរុបមានចំនួន ២.១៨០អគារ ក្នុងនោះត្រូវបែងចែកពី៥ជាន់ដល់៩ជាន់មានចំនួន១.១៧៦អគារ កំពស់ពី១០ជាន់ដល់ ១៩ជាន់មានចំនួន៦២៥អគារ កំពស់ពី២០ជាន់ដល់២៩ជាន់មានចំនយន២០៧អគារ កំពស់ពី៣០ជាន់ទៅ៣៩ជាន់មានចំនួន១២២អគារ អគារកំពស់ចាប់ពី៤០ជាន់ឡើងទៅមានចំនួន៥០អគារ។
របាយការណ៍បានបង្ហាញថា ក្នុងចំណោមអគារទាំង២១៨០អគារ ទូទាំងប្រទេស នៅខេត្តព្រះសីហនុមានចំនួន ៦១៥ អគាររួចទៅហើយ។
នៅក្នុងរយៈពេលជាង១០ឆ្នាំមកនេះ កម្ពុជាក៏ទទួលបានការវិនិយោគលើសំណង់ជាច្រើនទៀត ក្នុងនោះសំណង់សណ្ឋាគារ មានចំនួន១.០៣៧គម្រោង សំណង់អគារពាណិជ្ជកម្មមានចំនួន ២.៦៥១គម្រោង សំណង់អគាររោងចក្រមានចំនួន១០.៤២២គម្រោង និងសំណង់អគារពហុមុខងារមានចំនួន២០៧គម្រោង។
ការអភិវឌ្ឍលើសំណង់អគារខ្ពស់ៗនៅកម្ពុជានៅពេលចុងក្រោយនេះ ក៏ជាទាក់ទាញនូវវិនិយោគិនពីបរទេសជាច្រើនទៀត ចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាលើវិស័យសំណង់ ជាពិសេសវិនិយោគិនមកពីចិន កូរ៉េ និងជប៉ុន ដែលជាប្រទេសកំពុងប្រកួតប្រជែងលើការវិនិយោគនៅក្នុងប្រទេសកម្ពុជា៕







