គេហទំព័រPropertyarea.asiaចុះMOUសហការជាមួយសារព័ត៌មានជាភាសាចិនCCTIMES

ដោយគង់ សូរិយា

ភ្នំពេញៈ គេហទំព័រ Propertyarea.asia បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសារព៌តមាន The Cambodia China Times (CCTIMES) ដើម្បីសហការគ្នាលើការផ្លាស់ប្តូរព៌តមាន និងការសហការគ្នាក្នុងភាពជាដៃគូលើការលក់ពាណិជ្ជកម្មរួមគ្នា។

ស្ថាប័នព៌តមានឈានមុខគេទាំងពីរនេះ មានការផ្សព្វផ្សាយលើទម្រង់ព៌តមានស្រដៀងគ្នា ដោយផ្តោតភាគច្រើនលើវិស័យសេដ្ឋកិច្ច រួមមាន ហិរញ្ញវត្ថុ អចលនទ្រព្យ និងទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមកិច្ចព្រមព្រៀងនៃអនុស្សរណៈនេះ បានចែងលើចំណុចមួយចំនួនដូចជាទី១ ស្ថាប័នព៌តមានទាំងពីរ នឹងជួយលើការផ្សព្វផ្សាយពីសកម្មភាពនៃស្ថាប័ន និងការផ្សព្វផ្សាយពាណិជ្ជកម្មរបស់គ្នាទៅវិញទៅមក ទី២ ស្ថាប័នទាំងពីរនឹងផ្តល់ផលប្រយោជន៍ជូនគ្នាទៅវិញទៅមក តាមរយៈការលក់ពាណិជ្ជកម្មសំរាប់គ្នា ដោយភាគីនិមួយៗបានទទួលកម្រៃជើងសារ២០ភាគរយ នៃតម្លៃពាណិជ្ជកម្ម ដែលភាគីទាំងពីរផ្តល់ឲ្យគ្នាទៅវិញទៅមក។
ទី៣ ភាគីទាំងពីរនឹងជួយផ្សព្វផ្សាយ ពីសកម្មភាពរបស់គ្នាទៅវិញទៅមក សំដៅបង្កើនកេរ្ត៍ឈ្មោះ និងកិត្យានុភាពរវាងស្ថាប័នរបស់់យើងទាំងពីរ និងទី៤ ភាគីទាំងពីរនឹងរួមចំណែកជួយគ្នា លើការបណ្តុញបណ្តាល និងការជួយគ្នាលើការងារផ្សេងៗ ដើម្បីពង្រីកសក្តានុពល និងឧត្តមភាពនៃក្រុមហ៊ុនទាំងពីរ។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia លោកយិន លាងគង់បានមានប្រសាសន៍ ក្នុងពិធីចុះហត្ថលេខាជាមួយលោកផ្លុង វិចិត្រអគ្គនាយកសារព៌តមាន The Cambodia China Times នាព្រឹកថ្ងៃទី៩ កុម្ភៈនេះថា ការសហការគ្នានេះជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជម្រុញការរីកចម្រើនរបស់គ្នាទៅវិញទៅមក ដោយយើងឈរលើមូលដ្ឋាននៃភាពឈ្នះ ឈ្នះទាំងអស់គ្នា។

លោកបន្តថា “ការប្រកួតប្រជែងមិនធ្វើឲ្យយើងរីកចម្រើនទេ គឺមានតែការសហការប៉ុណ្ណោះ ទើបយើងអាចដើរទៅ​មុខបានឆ្ងាយ និងរីកចម្រើនរួមគ្នា”។ លោកបន្តថា “ដោយហេតុនេះហើយ យើងនឹងបង្កើតតម្លៃកញ្ចប់ពាណិជ្ជកម្មរួមគ្នា ដើម្បីផ្តល់ជម្រើសដល់អតិថិជនដៃគូរបស់យើង អាចប្រើប្រាស់សេវាកម្មរបស់យើង បានគ្រប់ជ្រុងជ្រោយនិងមានប្រសិទ្ឋភាពខ្ពស់”។

ជាមួយគ្នានេះ លោកផ្លុង វិចិត្រអគ្គនាយកសារព៌តមាន The Cambodia China TIMES បានមានប្រសាសន៍ថា ការរីកចម្រើនរួមគ្នា ក្នុងភាពជាដៃគូ យើងសង្ឃឹមថានឹងផ្តល់ផលប្រយោជន៍ជូនគ្នាទៅវិញទៅមក សំដៅរួមចំណែកផ្សព្វផ្សាយព៌តមាន មានលក្ខណៈវិជ្ជមានដល់ប្រជាពលរដ្ឋ និងជួយដៃគូពាណិជ្ជកម្មរបស់យើង អាចផ្សព្វផ្សាយព៌តមានបានទូលំទូលាយក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ អចលនទ្រព្យនៅកម្ពុជា។
លោកបន្តថា“យើងសង្ឃឹមថាឆ្នាំ២០២១ ក្រោយចូលឆ្នាំប្រពៃណីចិន ដែលនឹងមកដល់នាពេលខាងមុខ យើងនឹងអាចមើលឃើញភាពរីកចម្រើនរួមគ្នា និងជោគជ័យទាំងអស់គ្នា”។

The Cambodia China Times (CCTIMES) ជាស្ថាប័នព៌តមានដែលមានជាកាសែតបោះពុម្ពជាភាសាចិន ទស្សនាវដ្តីជាភាសាចិន និងសារព៌តមានអនឡាញដែលដាក់ឈ្មោះលើបណ្តាញទំនាក់ទំនងសង្គមស៊ីស៊ីថាមស៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here