លំនៅដ្ឋាន​បែប​លំហែកាយ​នឹងមាន​តម្រូវការ​កាន់​ច្រើន​ខណៈ​ពលរដ្ឋ​ចាប់ផ្តើម​មាន​និន្នាការ​ទៅរក​ភាព​ស៊ី​វិ​ល័យ

ដោយៈ​សាវុធ

ភ្នំពេញៈ កំណើនសេដ្ឋកិច្ច​កម្ពុជា រក្សាបាន​នូវក្នុង​រង្វង់៧ភាគរយ ក្នុង​រយៈពេល​ជាង ២ទសវត្សរ៍​ចុងក្រោយ ធ្វើឱ្យ​ពលរដ្ឋ​មាន​ជីវភាព​កាន់តែ​ប្រសើរ​ជាមុន និង​បាន​ជំ​រុញឱ្យ​តម្រូវការ​នៃ​ភាព​ស៊ី​វិ​ល័យ​ក្នុងប្រទេស​ក៏​កាន់តែ​កើន​ជាង​មុន។

អ្នកជំនាញ​បានលើកឡើង​ថា ជាមួយនឹង​ជីវភាព​កាន់​ប្រសើរឡើង របស់​ប្រជាពលរដ្ឋ តម្រូវការ​លំនៅដ្ឋាន​លំហែកាយ​នៅ​តំបន់​ទេសចរណ៍ មាន​កំណើន​ជាង​មុន និង​កំពុងមាន​ការអភិវឌ្ឍ ដើម្បី​ផ្គត់ផ្គង់​ទៅតាម​តម្រូវការ​ទីផ្សារ បើទោះបីជា​បច្ចុប្បន្ននេះ​កម្ពុជា​កំពុង​ជួបនឹង​វិបត្តិ​នៃ​កូ​វីដ១៩ក្ដី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ច្រឹ​ក សុខ​នី​ម ​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ថ្លែងប្រាប់​កាលពីថ្មីៗនេះ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា មាន​សន្ទុះ​ក្នុង​រង្វង់៧ភាគរយ​ក្នុង​មួយឆ្នាំ រយៈពេល​ប៉ុន្មាន​ចុងក្រោយ​នេះ បានធ្វើឱ្យ​កម្រិតជីវភាព​ពលរដ្ឋ​កម្ពុជា បាន​ប្រសើរឡើង​មួយកម្រិត​ទៀត និង​ធ្វើឱ្យ​ភាព​ស៊ី​វិ​ល័យ របស់​ប្រជាជន​កម្ពុជា ចាប់ផ្ដើម​មាន​តម្រូវការ។

លោក​បាន​ថ្លែង​ង​ថា “ដំបូង​ឡើយ​ពលរដ្ឋ​ត្រូវ​មានផ្ទះ​ធម្មតា សំរាប់​ស្នាក់នៅ​អចិន្ត្រៃយ៍ បន្ទាប់មក​ពួកគាត់​ក៏​ស្វែងរក​ផ្ទះ​ទី២ ផ្ទះ​សម្រាប់​ស្នាក់​លំហែ​នៅពេល​ទំនេរ” ។  លោក​បន្តថា “ក្នុងស្ថានភាព​បច្ចុប្បន្ន​នេះ គឺជា​ស្ថានភាព​ដែល​កម្ពុជា​ចាប់ផ្ដើម​មាន​តម្រូវការ​លំនៅឋាន​លំហែកាយ​ចុង​សប្ដាហ៍ ក៏ប៉ុន្តែ​ទន្ទឹមនឹងនោះ ការវិនិយោគ​លើ​លំនៅដ្ឋាន​លំហែកាយ​ក៏ត្រូវ​ជ្រើសរើស​រក​ទីតាំង​សម្រាប់​អភិវឌ្ឍន៍​ផងដែរ” ។

លោក​សុខ​នី​ម​បាន​បន្តថា ទីតាំង​សមស្រប​សម្រាប់​អភិវឌ្ឍន៍ លំនៅដ្ឋាន​លំហែកាយ​គឺជា​កន្លែង ដែលមាន​សក្ដានុពល​ក្នុង​វិស័យ​ទេសចរណ៍ ហើយ​ស្ថិតនៅ​តំបន់​ធម្មជាតិ ជាក់ស្ដែង​ក្នុងនោះ​កំពត គឺជា​ខេត្ត​មួយ​សមស្រប​បំផុត សម្រាប់​ការអភិវឌ្ឍ​ជា​លំនៅដ្ឋាន​លំហែកាយ​ទាំង​បច្ចុប្បន្ន​និង​នៅពេល​អនាគត។

យោងតាម​ធនាគារពិភពលោក​បាន​ឱ្យដឹងថា នៅក្នុង​អំឡុងពេល​ជាង​ពីរ​ទសវត្សរ៍​កន្លងទៅ ប្រទេស​កម្ពុជា​មានការ​ផ្លាស់ប្តូរ​រីកចម្រើន​គួរឱ្យកត់សម្គាល់ ដោយ​ឈានទៅ​ទទួលបាន​ឋានៈ ជា​ប្រទេស​មាន​ចំណូល​មធ្យម​ទាប​ក្នុង​ឆ្នាំ២០១៥ ហើយ​មាន​ប្រាថ្នា​ថា​នឹង​សម្រេច​ឱ្យបាន​នូវ​ឋានៈ ជា​ប្រទេស​មាន​ចំណូល​មធ្យម​ខ្ពស់​ត្រឹម​ឆ្នាំ២០៣០ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here