កម្ពុជាត្រូវការថវិកាជិត៦០០០លានដុល្លារដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា កម្ពុជាត្រូវការថវិកា៥,៨ពាន់លានដុល្លារអាមេរិកសម្រាប់ជំរុញកម្មភាពកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងថវិកាជាង២លានដុល្លារអាមេរិក សម្រាប់សកម្មភាពបន្ស៊ាំអាកាសធាតុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកនេត្រ ភក្ត្រារដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១នេះថា កម្ពុជា ជាប្រទេសងាយរងគ្រោះពីផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ រាំងស្ងួតជាដើម។

លោកបានថ្លែងថា “តាមការប៉ាន់ស្មាន កម្ពុជាត្រូវការហិរញ្ញវត្ថុដល់ទៅ៥,៨ពាន់លានដុល្លារ សម្រាប់ជំរុញសកម្មភាពកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងថវិកាជាង២ពាន់លានដុល្លារ សម្រាប់សកម្មភាពបន្ស៊ាំអាកាសធាតុ”។

លោកបន្តថា កម្ពុជាជាប្រទេសងាយរងគ្រោះដោយសារផលប៉ះពាល់ កើតចេញពីការប្រែប្រួលអាកាសធាតុ។ ការប្រែប្រួលអាកាសធាតុ បានកាត់បន្ថយកំណើនផលិតផលក្នុងស្រុកសរុបជាមធ្យមប្រចាំឆ្នាំចំនួន ៦,៦ភាគរយ និងផលិតផលក្នុងស្រុកសរុប ចំនួន០,៤ភាគរយ នៅក្នុងឆ្នាំ២០២០ ហើយប្រហែលជា២,៥ភាគរយនៅក្នុង ឆ្នាំ២០៣០ និង៩,៨ភាគរយ នៅឆ្នាំ២០៥០។ ក្នុងនោះ ស្ត្រី កុមារ ជនពិការ និងប្រជាពលរដ្ឋ គឺជាក្រុម ដែលទទួលរងផលប៉ះពាល់ ពីការប្រែប្រួលអាកាសធាតុខ្លាំងជាងគេ។

លោកជួប ប៉ារីស៏អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន មានប្រសាសន៏ថា ដើម្បីកាត់បន្ថយហានិភ័យនិងផលប៉ះ ពាល់ពីការប្រែប្រួលអាកាសធាតុ រដ្ឋភាគីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៏ ស្តីពីការប្រែប្រួលអាកាសធាតុ បានព្រមព្រៀង ក្នុងការដាក់កម្រិត កំណើនកំដៅផែនដី ឲ្យនៅកម្រិតទាបជាង២អង្សារសេ និងដោយល្អបំផុតឲ្យនៅត្រឹម១,៥អង្សារសេ ធៀបទៅនឹងកម្រិតមុនបដិវត្តន៏ឧស្សាហកម្ម។

លោកបន្តថា តាម ការព្យាករណ៏ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សរុបក្នុងឆ្នាំ២០៣០ ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់៧៩លានតោន នៃសមមូលឧស្ម័នកាបូនិចក្នុងមួយឆ្នាំ ខណៈដែលការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សរុបទាំងអស់ ដោយរាប់បញ្ចូលទាំង វិស័យព្រៃឈើ និងការប្រើប្រាស់ដីផ្សេងទៀត ត្រូវគេរំពឹងថា នឹងកើនដល់១៥៥លានតោន នៃសមមូលឧស្ម័នកាបូនិកក្នុងមួយឆ្នាំ។

ពាក់ព័ន្ធនឹងបរិស្ថាននេះដែរ ក្រុមហ៊ុនធំៗ លើពិភពលោកបានចំណាយប្រាក់រាប់ពាន់លានដុល្លារអាមេរិក ដើម្បីទប់នឹងការប្រែប្រួលអាកាសធាតុ ដូចជាការបំភាយឧស្ម័នពុល និងការសន្សំសំចៃ ចំពោះការប្រើប្រាស់កាកសំណល់រឹងជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here