ស្ថាប័នហិរញ្ញវត្ថុធំៗចាប់ផ្តើមពង្រីកខ្លួនទៅកាន់ខេត្តមណ្ឌលគិរីខណៈគម្រោងអភិវឌ្ឍន៍ជាច្រើនបានចាប់ផ្តើម

ដោយ:ស៊ីវ ម៉េង

ភ្នំពេញៈ ស្ថាប័នហិរញ្ញវត្ថុធំៗជាច្រើនបានពង្រីកខ្លួនទៅកាន់ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ខណៈគំរោងធំៗជាច្រើនបាននិងកំពុងពង្រីកខ្លួនទៅក្នុងខេត្តមួយនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៨ កុម្ភៈនេះថា បច្ចុប្បន្នស្ថាប័នហិរញ្ញវត្ថុធំៗជាច្រើន បានពង្រីកខ្លួនទៅកាន់ខេត្តមណ្ឌលគិរី ដូចជាធនាគារABA ធនាគារកាណាឌីយ៉ា បន្ថែមលើស្ថាប័នធនាគារដូចជាធនាគារហត្ថា និងមីក្រូហិរញ្ញវត្ថុដែលមានមូលដ្ឋានស្រាប់នៅទីនោះ។

លោកបន្តថា “បច្ចុប្បន្នសកម្មភាពនៃការអភិវឌ្ឍខេត្តមណ្ឌលគិរី បាននិងកំពុងកើនឡើង ដោយទស្សនទាននៃការអភិវឌ្ឍរបស់ខេត្ត កំពុងទាក់ទាញការវិនិយោគ ពិសេសគំរោងអភិវឌ្ឍន៍លំនៅដ្ឋាន រមណីយដ្ឋានបែបលំហែរកាយ”។លោកបន្តថា “ទស្សនទាននៃការអភិវឌ្ឍក្នុងខេត្ត មានសភាពស្រដៀងគ្នានឹងខេត្តសៀមរាប ប៉ុន្តែខេត្តមណ្ឌលគិរីផ្តោត​លើទេសចរណ៍ក្នុងស្រុកច្រើនេះជាង ដោយសារខេត្តនេះមានអាកាសថាតុល្អ ទេសភាព​ស្អាត”។

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបានអនុញ្ញាត្តឲ្យក្រុមហ៊ុនPower China Groupវិនិយោគសាងសង់ព្រលានយន្តហោះខ្នាតតំបន់ មានលក្ខណៈអន្តរជាតិ ដែលការវិនិយោគនេះធ្វើឡើងក្នុងរូបភាពBOT។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកបណ្ឌិតថោង ខុនបានថ្លែងឲ្យដឹងកាលពីឆ្នាំមុនថា រដ្ឋាភិបាលគ្រោងវិនិយោគខេត្តមណ្ឌលគិរី ជាតំបន់សេដ្ឋកិច្ចពហុបំណង ខណៈដែលវិស័យទេសចរណ៍ ជាវិស័យអាទិភាពដែលត្រូវវិនិយោគ ដោយរដ្ឋាភិបាលគ្រោងដាំផ្កា បន្លែ ដើម្បីទាក់ទាញទេសចរណ៍ទៅទស្សនាផង និងដើម្បីពង្រីកមូលដ្ឋាននៃការផ្គត់ផ្គង់បន្លែ ដល់សេវាកម្មបដិសណ្ឋារកិច្ចក្នុងស្រុកផង។

លោកឧកញ៉ាហួត អៀងតុងប្រធានអគ្គនាយកធនាគារហត្ថាបានមានប្រសាសន៍ថា ធនាគារបានពង្រីកការិយាល័យទៅកាន់ខេត្តរួចហើយ ដែលការិយាល័យទី១មាននៅក្នុងក្រុងសែនមនោរម្យ និងទី២ មាននៅទីប្រជុំជនស្រុកកែវ សីមារបស់ខេត្ត។លោកបន្តថា ការរីកចម្រើនរបស់ខេត្តបាន និងកំពុងធ្វើឲ្យតម្រូវការឥណទានពីធនាគារហត្ថាកើនឡើង ដោយសារកំនើនប្រជាពលរដ្ឋ និងការវិនិយោគកើនឡើង។

លោកបន្តថា “ទោះជាយ៉ាងណាធនាគារមិនទាន់មានគំរោង ពង្រីកសាខាបន្ថែមនៅក្នុងខេត្តនៅឡើយទេ ដោយសារអ្នកវិនិយោគភាគច្រើន បានប្រើប្រាស់មូលធនរបស់ពួកគេដែលមាននៅរាជធានីភ្នំពេញ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here