ក្រុមហ៊ុនល្បែងមានមូលដ្ឋាននៅទីក្រុងហុងកុងនឹងបើកកាស៊ីណូថ្មីនៅក្នុងគំរោងតារាសាគរក្នុងខេត្តកោះកុង

ដោយៈ ខុម

ភ្នំពេញ:  ក្រុមហ៊ុនល្បែង និងកម្សាន្តCentury Entertainment International Holdings Ltd ដែលចុះបញ្ជីនៅក្រុងហុងកុង នឹងបើកកាស៊ីណូថ្មីមួយ នៅតំបន់តារាសាគរ ក្នុងខេត្តកោះកុង។

ថ្នាក់ដឹកនាំក្រុមហ៊ុនដែលបានវិនិយោគលើគំរោងនេះ បានចុះកិច្ចព្រមព្រៀងជាមួ​យលោក Ng Man Sun ប្រធាន និងជានាយកប្រតិបត្តិរបស់ខ្លួន ដើម្បីអនុញ្ញាតឱ្យដាក់ដំណើរការតុល្បែងជាជួរ (mass table gaming) ក្នុងកាស៊ីណូថ្មីមួយនៅរមណីយដ្ឋានតារាសាគរ ដែលមានភូមិសាស្ត្រស្ថិតនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងខែមីនា ខាងមុខនេះ។ នេះបើយោងតាមគេហទំព័រ asgam.com ចុះផ្សាយកាលពីថ្ងៃទី៨ កុម្ភៈ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចព្រមព្រៀងថ្មីនេះ ធ្វើឡើងនៅពេលក្រុមហ៊ុន Century Entertainment ដែលពីមុនគេស្គាល់ថា Amax International បានបញ្ជាក់ថា ការសម្ពោធកាស៊ីណូថ្មីខាងលើនេះត្រូវបានលើកពេលពីខែមករា ទៅដើមខែមីនាវិញ ខណៈអាជីវកម្មនានាត្រូវបានបិទផ្អាកជាបណ្ដោះអាសន្នកាលពីពេលថ្មីៗនេះ ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩ និងការរអាក់រអួលនៅក្នុងទីផ្សារដឹកជញ្ជូនពិភពលោក ដែលធ្វើឱ្យការដឹកជញ្ជូនឧបករណ៍សំខាន់ៗមួយចំនួនត្រូវពន្យារពេល។

ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនCentury Entertainment បានចុះកិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំ ជាមួយក្រុមហ៊ុន Lion King Entertainment Company Ltd ដែលលោក Ng Man Sun ជាម្ចាស់កាន់កាប់ទាំងស្រុង និងជាក្រុមហ៊ុនដែលគ្រប់គ្រងកាស៊ីណូខាងលើនេះ ដើម្បីដំណើរការតុល្បែងជាជួរចំនួន៤នៅកាស៊ីណូ របស់លោកស្ថិតក្នុងខេត្តព្រះសីហនុ។

ទោះជាយ៉ាងណា ដំណើរការកាស៊ីណូនានា បានបង្ខំចិត្តបិទទ្វារនៅខែមេសា ឆ្នាំ២០២០ ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ដែលក្រោយមកលោក Ng Man Sun បានទម្លាយឱ្យដឹងថា លោកទទួលបានកិច្ចព្រមព្រៀងដ៏គួរឱ្យជាក់ទាញជាងនេះ នោះគឺការផ្លាស់ប្ដូរទីតាំងកាស៊ីណូរបស់លោក ទៅកាន់រមណីយដ្ឋានតារាសាគរ។

ក្រុមហ៊ុន Century Entertainment បានលើកឡើងកាលពីថ្ងៃសុក្រ ទី៥ កុម្ភៈ ថា ទីតាំងកាស៊ីណូថ្មីនេះ នឹងមានផ្ទៃសរុប១០.៥០០ម៉ែត្រការ៉េ ជាមួយតុល្បែងជាជួរវែងសរុបចំនួន២០តុ ក្នុងនោះ៧តុសម្រាប់បៀផែ (poker) ១០តុសម្រាប់បាការ៉ាត (Baccarat) ១តុសម្រាប់ Blackjack, Sicbo និងបៀផែ ២៥ តុសម្រាប់ភ្ញៀវ VIP ទូហ្គេម EGM ចំនួន៥០ទូ និងភោជនីយដ្ឋានចិនមួយ។

តាមការរំពឹងទុកថា ក្រុមហ៊ុនCentury Entertainment នឹងទទួលបានប្រាក់ចំណេ​ញយ៉ាងតិច២៨លានដុល្លារហុងកុង (៣,៦ លានដុល្លារអាមេរិក) សម្រាប់រយៈពេល១២ខែដំបូង និង៣២លានដុល្លារហុងកុង (៤,១ លានដុល្លារអាមេរិក) សម្រាប់រយៈពេល ១២ ខែបន្ទាប់ស្ថិតក្រោមរយៈពេលនៃកិច្ចព្រមព្រៀងថ្មីខាងលើនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here