ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកកើនឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង១០ឆ្នាំ

ដោយៈសុខុម

វ៉ាស៊ីនតោន:  ឱនភាពពាណិជ្ជកម្ម (Trade deficit) របស់សហរដ្ឋអាមេរិក បានកើនឡើង ១៧,៧% ក្នុងឆ្នាំ២០២០ ដល់ ៦៧៩ ពាន់លានដុល្លារអាមេរិក ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០០៨មក ខណៈការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានធ្វើឱ្យរាំងស្ទះដល់ពាណិជ្ជកម្មពិភពលោក។

ការព្យាយាមរបស់អតីតៈប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីស្ដារឡើងវិញនូវតុល្យភាពនៃពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ជាមួយពិភពលោកទាំងមូលទទួលរងបរាជ័យ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងពាណិជ្ជកម្មអាមេរិក បានគូសបញ្ជាក់កាលពីថ្ងៃសុក្រ ទី៥ កុម្ភៈកន្លងមកថា គម្លាតរវាងតម្លៃទំនិញ និងសេវាកម្មដែលសហរដ្ឋអាមេរិក លក់នៅឯបរទេស និងអ្វីដែលខ្លួនទិញបានកើនឡើងពី៥៧៧ ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩។ ការនាំចេញបានធ្លាក់ចុះ ១៥,៧% មកនៅត្រឹម ២,១ ទ្រីលានដុល្លារ ហើយការនាំចូលបានធ្លាក់ចុះ ៩,៥% មកនៅត្រឹម២,៨ ទ្រីលានដុល្លារ។

កាលនៅជាប្រធានាធិបតី លោក ដូណាល់ ត្រាំ បានព្យាយាមបំប្រួម (ធ្វើឱ្យតូច) គម្លាតនេះ តាមរយៈការដំឡើងពន្ធលើទំនិញនាំចូល ជាលក្ខណៈទ្រង់ទ្រាយធំមិនធ្លាប់ឃើញ ចាប់តាំងពីសង្គ្រាមពាណិជ្ជកម្មក្នុងទសវត្សរ៍ឆ្នាំ១៩៣០ មក។

ឱនភាពពាណិជ្ជកម្មបានកើនឡើងតិចតួចក្នុងឆ្នាំ២០១៩ ប៉ុន្តែបានកើនឡើងខ្លាំងក្នុងឆ្នាំ២០២០ នៅពេលការរឹតបន្តឹងនានា ទាក់ទិនការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានជះផលប៉ះពាល់ខ្លាំង ដល់ការនាំចេញសេវាកម្មដូចជា វិស័យទេសចរណ៍ និងវិស័យអប់រំជាដើម។ ការនាំចេញសេវាកម្មបានធ្លាក់ចុះ ២០,៤% កាលពីឆ្នាំមុន។

ទោះជាយ៉ាងណា សហរដ្ឋអាមេរិកគ្រប់គ្រងអតិរេក (Surplus) បាន២៣៧ពាន់លានដុល្លារផ្នែកសេវាកម្ម។ ប៉ុន្តែចំនួននោះមិនអាចប៉ះប៉ូវគ្នាបានឡើយ ព្រោះឱនភាពពាណិជ្ជកម្មផ្នែកទំនិញដូចជាយន្តហោះ និងគ្រឿងបន្លាស់រថយន្តជាដើម មានចំនួនរហូតដល់៩១៦ពាន់លានដុល្លារឯណោះ។

កាលពីឆ្នាំមុន ឱនភាពដែលមានភាពរសើបខ្លាំងខាងនយោបាយ ជាមួយមហាយក្សចិន ផ្នែកលក់ទំនិញបានធ្លាក់ចុះ ១០% មកនៅត្រឹម៣១១ពាន់លានដុល្លារ។

លោកដូណាល់ ត្រាំ បានដំឡើងពន្ធលើទំនិញនាំចូលមានតម្លៃ៣៦០ ពាន់លានដុល្លាររបស់ចិន ដើម្បីប្រឆាំងនឹងការប៉ុនប៉ងរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលមានមហិ​ច្ឆតាធំចង់ជែងឱ្យឈ្នះលោកខាងលិចផ្នែកបច្ចេកវិទ្យា។

នៅខែធ្នូ ចុងឆ្នាំកន្លងទៅ ឱនភាពពាណិជ្ជកម្មបានធ្លាក់ចុះ៣,៥% មកនៅត្រឹម ៦៦,៦ ពាន់លានដុល្លារធៀបនឹងខែវិច្ឆិកា។ ការនាំចេញបានកើនឡើង ៣,៤% ហើយការនាំចូលបានកើនឡើង ១,៥%៕

LEAVE A REPLY

Please enter your comment!
Please enter your name here