កូរ៉េខាងត្បូង​ចាយប្រាក់ ៤៣ពាន់​លាន​ដុល្លារ ដើម្បី​ផលិត​អគ្គិសនី​ធំ​បំផុត​ក្នុង​ពិភពលោក

ដោយៈ សុខុម

សេ​អ៊ូ​ល: ប្រទេស​កូរ៉េខាងត្បូង បាន​ទម្លាយ​ផែនការ​បោះទុន​វិនិយោគ រហូតដល់​ទៅ៤៨,៥ទ្រី​លាន​វ៉ុ​ន ស្មើនឹង៤៣ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ស្ថានីយ​កង្ហារ​ខ្យល់​ផលិត​អគ្គិសនី​នៅ​ឆ្នេរសមុទ្រ ដែលជា​គំរោង​ធំ​បំផុត​ក្នុង​ពិភពលោក នៅត្រឹម​ឆ្នាំ២០៣០ ក្នុង​កិច្ចប្រឹងប្រែង​ស្ដារ​សេដ្ឋកិច្ច​ពី​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ។ នេះ​បើ​យោងតាម​សារព័ត៌មាន CNA ចុះផ្សាយ​កាលពី​ថ្ងៃទី៥ កុម្ភៈ។

គម្រោង​នេះ​គឺជា​ផ្នែក​ដ៏​ធំ​មួយ នៃ​គោលនយោបាយ​សេដ្ឋកិច្ច ផ្ដោតលើ​ការប្រែប្រួល​អាកាសធាតុ Green New Deal របស់​ប្រធានាធិបតី Moon Jae-in ដែល​បាន​ផ្ដួចផ្ដើមឡើង​កាលពី​ឆ្នាំមុន ដើម្បី​ទប់​ការពឹង​ផ្អែកលើ​ឥន្ធនៈ​ហ្វូ​ស៊ី​ល (ប្រេង ធ្យូងថ្ម និង​ឧស្ម័ន​ធម្មជាតិ) នៅក្នុង​សេដ្ឋកិច្ច​ធំ​បំផុត​ទី៤ របស់​អាស៊ី​មួយ​នេះ និង​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​ទៅក្នុង​បរិយាកាស ឱ្យមក​នៅ​កម្រិត​សូន្យ​ត្រឹម​ឆ្នាំ២០៥០ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Moon Jae-in បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​សាងសង់​ស្ថានីយ​កង្ហារ​ខ្យល់ ផលិត​អគ្គិសនី​នេះ​នៅក្នុង​ទីក្រុង​មាត់​ឆ្នេរ Sinan។ ពេល​សាងសង់​បញ្ចប់​ជា​ស្ថាពរ ស្ថានីយ​នេះ​នឹងមាន​សមត្ថភាព​ផលិត​អគ្គិសនី បាន​រហូតដល់​ទៅ៨,២ជី​ហ្គា​វ៉ា​ត់ (GW)។

លោក​ប្រធានាធិបតី​បាន​ថ្លែងថា “ជាមួយ​គម្រោង​នេះ យើង​កំពុងតែ​ព​ន្លឿ​ន​ការផ្លាស់ប្ដូរ​ថាមពល ដែល​មិន​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន និង​ជាការ​បោះជំហាន​បន្ថែមទៀត​ឆ្ពោះទៅរក​ការកាត់បន្ថយ ការបញ្ចេញ​កាបូន​មក​នៅ​កម្រិត​សូន្យ” ។

ក្រុមហ៊ុន​អគ្គិសនី និង​វិស្វកម្ម​ដែល​បាន​ចូលរួម ក្នុង​ពិធី​ចុះហត្ថលេខា​ខាងលើនេះ​រួមមាន ក្រុមហ៊ុន​Korea Electric Power ក្រុមហ៊ុន SK E&S ក្រុមហ៊ុន Hanwha Engineering & Construction ក្រុមហ៊ុន Doosan Heavy Industries & Construction ក្រុមហ៊ុន CS Wind និង​ក្រុមហ៊ុន Samkang M&T ។

វិមាន​ប្រធានាធិបតី​បាន​គូសបញ្ជាក់ថា ក្រុមហ៊ុន​ទាំងនេះ​នឹង​បោះទុន៤៧,៦ទ្រី​លាន​វ៉ុ​ន និង​ទឹកប្រាក់​នៅសល់០,៩ ទ្រី​លាន​វ៉ុ​ន​ទៀត គឺ​រដ្ឋាភិបាល​ជា​អ្នកចេញ។ វិមាន​ប្រធានាធិបតី​លើកឡើង​ទៀតថា គម្រោង​នេះ​នឹង​ផ្ដល់​ការងារ​រហូតដល់៥,៦០០ កន្លែង និង​ជួយ​សម្រេច​គោលដៅ​បង្កើន​សមត្ថភាព ផលិត​ថាមពល​អគ្គិសនី​ពី១,៦៧ ជី​ហ្គា​វ៉ា​ត់​នាពេល​បច្ចុប្បន្ន ឱ្យបាន​ដល់១៦,៥ ជី​ហ្គា​វ៉ា​ត់ ត្រឹម​ឆ្នាំ២០៣០ ។

គិត​មកទល់​បច្ចុប្បន្ន ស្ថានីយ​កង្ហារ​ខ្យល់​ផលិត​អគ្គិសនី នៅ​ឆ្នេរសមុទ្រ​ដែល​ធំ​បំផុត​ក្នុង​ពិភពលោក គឺ​ស្ថានីយ Hornsea 1 នៅ​ប្រទេស​អង់គ្លេស ដែលមាន​សមត្ថភាព​ផលិត​អគ្គិសនី​បាន១,១២ជី​ហ្គា​វ៉ា​ត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here