ទីផ្សារ​ខុន​ដូ​រំពឹងថា​នឹង​ចាប់ផ្តើម​មាន​ភាពប្រសើរ​ឡើងវិញ​ក្នុង​រយៈ ៦ខែ​ខាងមុខ

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ ទីផ្សារ​ខុន​ដូ​ត្រូវបាន​អ្នកជំនាញ​រំពឹងថា នឹង​ចាប់ផ្តើម​មាន​ភាពប្រសើរ​ឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ នៅពេលដែល​វិនិយោគិន​បរទេស នឹង​អាច​ចាប់ផ្តើម​ធ្វើដំណើរ​ឡើងវិញ សម្រាប់​ការធ្វើ​ធុរកិច្ច​របស់​ពួកគេ​រយៈពេល​ពី៦ខែ ឬ៩ខែ​ខាងមុខ។

លោកស្រី​អាន សុ​ធីតា​នាយិកា​ប្រចាំ​ប្រទេស នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែងប្រាប់​កាលពី​ម្សិល​ម៉ិ​ញ​ថា ទីផ្សារ​ខុន​ដូ​នៅ​ដើមឆ្នាំ​នេះ ហាក់ដូច​ជាមាន​ភាពស្ងប់ស្ងាត់​បន្តិច ដោយសារតែ​វិបត្តិ​កូ​វីដ១៩ មិនទាន់បាន​បញ្ចប់​នៅឡើយ តែ​នឹងមាន​ភាពប្រសើរ​ឡើងវិញ​នាពេល​មុខ​នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជា​យ៉ាងនេះ​ក្តី លោកស្រី​បាន​ថ្លែងថា ទីផ្សារ​ខុន​ដូ​រំពឹងថា​នឹង​ចាប់ផ្តើម​មាន​តម្រូវការ​ប្រសើរ​ឡើងវិញ ក្នុងពេលឆាប់ៗនេះ ដោយសារ​វ៉ាក់សាំង​កូ​វីដ១៩ បាននិងកំពុង​ត្រូវបាន​ចែកចាយ មិន​ត្រឹមតែ​នៅ​ប្រទេស​មួយចំនួន​ជុំវិញ​ពិភពលោក​ទេ កម្ពុជា​ក៏​នឹង​ទទួលបាន​ក្នុងពេល​ឆាប់​ខាងមុខ​នេះដែរ ដែល​ធ្វើឱ្យ​វិនិយោគិន​បរទេស មាន​ទំនុកចិត្ត​ក្នុងការ​វិនិយោគ​ឡើងវិញ។

លោកស្រី​បាន​បន្តថា “នៅពេល​ទទួលបាន​វ៉ាក់សាំង​គ្រប់គ្រាន់ វិនិយោគិន​បរទេស នឹង​ចាប់ផ្តើម​ធ្វើដំណើរ​ឡើងវិញ សម្រាប់​ការធ្វើ​ធុរកិច្ច​របស់​ពួកគេ ដូច្នេះ​មិនយូរ​ទេ ប្រហែល​រយៈពេល​ពី៦ខែ​ឬ៩ខែ​ខាងមុខ ទីផ្សារ​ខុន​ដូ​រំពឹង​នឹង​ត្រឡប់​ទៅរក​ភាពប្រសើរ​ឡើងវិញ” ។

ជាមួយគ្នានេះ លោក​ឌឹ​ត ច​ណ្ណា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ ឡាក់​គី រៀល​ធី​បានឱ្យដឹងថា ទីផ្សារ​ខុន​ដូ​ភាគច្រើន ពឹង​ផ្អែកលើ​ទីផ្សារ​ក្រៅ​ស្រុក ហើយ​ទោះបីជា​បច្ចុប្បន្ន ប្រជាជន​ក្នុងស្រុក​ចាប់ផ្តើម​វិនិយោគ ក្នុង​ទីផ្សារ​ខុន​ដូ​ក៏ដោយ ក៏​ចំនួន​វិនិយោគិន​ក្នុងស្រុក​នេះ​នៅ​ចំនួន​តិច​នៅឡើយ។

លោក​ថ្លែងថា “វា​ជាស​ញ្ញា​ល្អ​ហើយ ដែល​អ្នកវិនិយោគ​ក្នុងស្រុក ចាប់ផ្តើម​ធ្វើការ​វិនិយោគ​ក្នុង​វិស័យ​ខុន​ដូ ប៉ុន្តែ​ទីផ្សារ​នេះ​នៅ​ត្រូវការ​វិនិយោគ​បរទេស ដើម្បី​បំពេញបន្ថែម​លើ​ការផ្គត់ផ្គង់​ដែល​នៅសល់” ។

លោក​ច​ណ្ណា​បានឱ្យដឹង​ទៀតថា នៅពេល​មាន​វ៉ាក់សាំង​កូ​វីដ១៩ គ្រប់យ៉ាង​នឹង​ត្រឡប់​ទៅរក​ភាពប្រក្រតី​ឡើងវិញ មិន​ថា​ខុន​ដូ និង​ផ្នែកផ្សេងៗទៀត​ក៏​នឹងមាន​ភាពល្អ​ប្រសើរឡើង​វិញ​ផងដែរ។

យោងតាម​ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia ខុន​ដូ​ចំនួន៩៣៧យូ​នី​ត បានបញ្ចប់​ការសាងសង់ និង​ដាក់ចូល​ទីផ្សារ​ក្នុង​ត្រីមាស​ទី៤ ឆ្នាំ ២០២០ ដែល​ធ្វើឱ្យ​ចំនួន​បន្ទប់​ខុន​ដូ ក្នុង​រាជធានី​ភ្នំពេញ គិត​ត្រឹម​ដំណាច់ឆ្នាំ២០២០ កើនឡើង​ដល់២៥.៩១៤យូ​នី​ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here