តម្លៃដីនៅកណ្តាលក្រុងបាងកកដាំក្បាលចុះ៣០ភាគរយ

ដោយ៖ សុខុម

បាងកក: ក្រុមហ៊ុន CBRE Thailand បានឱ្យដឹងថា ពេលនេះបណ្ដាម្ចាស់ដីនៅតំបន់មានហាងឆេងខ្ពស់​ក្នុងសង្កាត់ Sukhumvit ក្រុងបាងកក កំពុងតែផ្ដល់ជូនការបញ្ចុះតម្លៃពិសេសមិនធ្លាប់មានរហូត​ដល់៣០ភាគរយ ធៀបនឹងប៉ុន្មានឆ្នាំមុននេះ ខណៈបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អគារខុនដូផ្អាកសកម្មភាព​ទិញដី។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។

លោកស្រី Kulwadee Sawangsri នាយិកាប្រតិបត្តិ និងជាប្រធានផ្នែកទីផ្សារមូលធនសម្រាប់ការ​វិនិយោគ​នៃក្រុមហ៊ុន CBRE Thailand បានថ្លែងថា ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានធ្វើឱ្យសកម្មភាពទិញលក់ដី និងតម្លៃដីរងផលប៉ះពាល់ខ្លាំងក្នុងឆ្នាំកន្លងទៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីបានថ្លែងថា មានអចលនទ្រព្យជាច្រើនទៀតត្រូវបានដាក់លក់ ខណៈម្ចាស់ដី និងម្ចាស់ផ្ទះសម្រុក​ដាក់​លក់ដី និងផ្ទះរបស់ខ្លួនដើម្បីបង្កើតរំហូរសាច់ប្រាក់ និយាយរួមគឺដើម្បីដោះស្រាយការស្ទះលុយ។ ទោះជា​យ៉ាងណា ពេលនេះគឺសម្បូរតែអ្នកលក់ ប៉ុន្តែខ្វះអ្នកទិញ។ ជាលទ្ធផលធ្វើឱ្យតម្លៃអចលនទ្រព្យនៅតាមតំបន់​មានហាងឆេងខ្ពស់នៅទ្រឹង ឬសូម្បីធ្លាក់ចុះទៀតផង។

តួយ៉ាង កាលពីខែមុន ក្រុមហ៊ុន CBRE Thailand ត្រូវបានម្ចាស់ដីជាច្រើនទាក់ទងឱ្យជួយលក់ដីរបស់ពួកគេ​ក្នុងតម្លៃទាបជាងពីមុន។ ពួកគេចង់លក់ដីឱ្យចេញ និងផ្ទេរកម្មសិទ្ធិឆាប់រហ័ស ព្រោះពួកគេត្រូវការសាច់​ប្រាក់ដើម្បីដោះទាល់។

លោកស្រី Kulwadee Sawangsri បានគូសបញ្ជាក់ថា ដីខ្លះនៅក្នុងសង្កាត់ Sukhumvit កាលពីមុនលក់ក្នុងតម្លៃពី ១,៦ លានបាត (៥៣.២៥០ ដុល្លារ) ទៅ ១,៧ លានបាត (៥៦.៥៨០ ដុល្លារ) ក្នុងមួយ Wah ការ៉េ (មួយ Wah ការ៉េស្មើ ៤ ម៉ែត្រការ៉េ) ប៉ុន្តែម្ចាស់ដីបានទម្លាក់ថ្លៃមកនៅត្រឹម ១,៤ លានបាត (៤៦.៦០០ ដុល្លារ) ក្នុងមួយ Wah ការ៉េ។ យោងតាមក្រុមហ៊ុន CBRE Thailand ឱ្យដឹងថា សកម្មភាពទិញលក់ដីធ្លីនៅក្នុងសង្កាត់ពាណិជ្ជកម្មដ៏សំខាន់មួយនេះបានឡើងថ្លៃខ្លាំងអំឡុងពីឆ្នាំ២០១០ ដល់ឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here