កិច្ចប្រជុំពិសេសប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅសិង្ហបុរីត្រូវបានលើកពេល

ដោយ: សុខុម

សិង្ហបរី: វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ដែលគ្រោងធ្វើក្នុងប្រទេសសិង្ហបុរី នៅខែឧសភា ឆ្នាំ២០២១ ខាងមុខនេះត្រូវបានលើកពេលទៅធ្វើនៅខែសីហា ជំនួសវិញ។នេះបើយោងតាម​សារព័ត៌មានCNA ចុះផ្សាយកាលពីថ្ងៃទី៤ខែកុម្ភៈ ឆ្នាំ២០២១។

តាមគម្រោងដំបូង កិច្ចប្រជុំនេះត្រូវធ្វើនៅថ្ងៃទី២៥ ឧសភា ដល់ថ្ងៃទី២៨ ខែឧសភា ប៉ុន្តែពេលនេះ ត្រូវបាន​លើកពេលមកធ្វើនៅថ្ងៃទី១៧ ខែសីហា ដល់ថ្ងៃទី២០ ខែសីហា ជំនួសវិញ។

វេទិកាសេដ្ឋកិច្ចពិភពលោក បានចេញសេចក្ដីប្រកាសកាលពីថ្ងៃពុធ ទី៣ កុម្ភៈ ថា “ទោះបីជាវេទិកាសេដ្ឋកិច្ច​ពិភពលោក និងរដ្ឋាភិបាលសិង្ហបុរី នៅតែមានទំនុកចិត្តចំពោះវិធានការត្រៀមជាស្រេច ដើម្បីធានាឱ្យកិច្ច​ប្រជុំនេះប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាព ហើយការឆ្លងវីរុសកូវីដ-១៩ នៅសិង្ហបុរី ស្ថិតក្នុងកម្រិត​តិច​តួចយ៉ាងណាក្ដី ក៏ការលើកពេលកិច្ចប្រជុំនេះ ឆ្លុះបញ្ចាំងពីបញ្ហាប្រឈមជាអន្តរជាតិ នៅក្នុងការទប់ការ​ឆ្លងរាត​ត្បាតវីរុសកូវីដ-១៩”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្ថាប័ននេះបានបន្តទៀតថា “ការរឹតបន្តឹងការធ្វើដំណើរទូទាំងពិភពលោក នាពេលបច្ចុប្បន្ន បានធ្វើឱ្យការ​ធ្វើ​ផែនការសម្រាប់កិច្ចប្រជុំ ចូលរួមផ្ទាល់នៅក្នុងឆមាសទី១ ដើមឆ្នាំនេះមានការលំបាក។ លើសពីនេះវិធាន​ខុសៗ​គ្នានៃការធ្វើចត្តាឡីស័ក និងការធ្វើដំណើរតាមផ្លូវអាកាស បានធ្វើឱ្យការកំណត់ពេលវេលារៀបចំ​ព្រឹត្តិការណ៍ ដ៏សំខាន់ចាំ​បាច់ខ្លាំងដើម្បីធានាថា អ្នកចូលរួមទូទាំងពិភពលោកអាចមកចូលរួមបានគ្រប់គ្នា”។

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានលើកឡើងក្រោយពីសេចក្ដីប្រកា​សនេះថា រដ្ឋាភិបាលសិង្ហបុរី “យល់ពីបញ្ហាប្រឈម” ដែលវេទិកាសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខ ហើយក៏បានព្រមព្រៀងលើកពេល​តាម​សំណើ។

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានឆ្លើយតបសំណួររបស់ប្រព័ន្ធផ្សព្វ​ផ្សាយថា “យើងនឹងបន្ត​សហការ​ជាមួយវេទិកាសេដ្ឋកិច្ចពិភពលោក យ៉ាងស្អិតរមួត ដើម្បីរៀបចំកិច្ចប្រជុំពិសេសប្រចាំឆ្នាំនេះនៅ​សិង្ហបុរី ដោយជោគជ័យ និងមានសុវត្ថិភាព”៕

LEAVE A REPLY

Please enter your comment!
Please enter your name here