រយៈពេល ២៧ឆ្នាំ ជប៉ុន​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ទំហំ​ទុន​ជាង ២៧៩០លាន​ដុល្លារ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ វិនិយោគិន​ជប៉ុន បាន​បោះទុន​វិនិយោគ​ជាង២៧៩២លាន​ដុល្លារ​នៅ​កម្ពុជា​ក្នុង​រយៈពេល២៧ឆ្នាំ​ចុងក្រោយ គិត​ចាប់​ឆ្នាំ១៩៩៣ ដល់​ឆ្នាំ២០២០ ដោយបាន​ចូលរួមចំណែក​យ៉ាង ក្នុងការ​បង្កើត​ការងារ​ជាច្រើន​កន្លែង ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា។

យោង​របាយការណ៍​រប​ស់​ក្រសួងពាណិជ្ជកម្ម ចេញផ្សាយ​នៅ​ល្ងាច​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា គម្រោង​វិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា មាន​ចំនួន១៣៧គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ចំនួន២.៤៨៦ លាន​ដុល្លារ​ចាប់តាំងពី​ឆ្នាំ១៩៩៤ ដល់​ឆ្នាំ២០១៨ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍​បានឱ្យដឹង​ទៀតថា ក្នុង​ឆ្នាំ២០១៩ ជប៉ុន​វិនិយោគ៦គម្រោង ដែលមាន​ទឹកប្រាក់​ចំនួន២៩៩ លាន​ដុល្លារ ក្នុងនោះ​គម្រោង​សាងសង់​ផ្សារ AEON Mall 3 មាន​ទុនវិនិយោគ រហូតដល់២៨៩,៦លាន​ដុល្លារ ហើយ​ក្នុង​ឆ្នាំ២០២០ មាន១គម្រោង ដែលមាន​ទឹកប្រាក់​ចំនួន៧,១៧លាន​ដុល្លារ។ ការវិនិយោគ​របស់​ជ​ប៉ុន​ភាគច្រើន ធ្វើឡើង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ បាវិត នាង​កុក ប៉ោយប៉ែត និង​ក្នុង តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ។

លោក​ប៉ាន សូរ​ស័ក្តិ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​ការតាំង​បង្ហាញ​ទំនិញ​ជប៉ុន “Good Goods Japan 2021” កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ថា ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ប្រទេស​ជប៉ុន​កើតឡើង​តាំងពី​ឆ្នាំ១៩៥៣ មកម្ល៉េះ រហូតមកដល់ ឆ្នាំ២០១៣ កន្លងទៅ កម្ពុជា និង​ជប៉ុន​បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ និង​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​ជាមួយគ្នា។

លោក​បាន​ថ្លែងបន្តថា “ជប៉ុន​បាន​ជួយ​ជ្រោមជ្រែង អភិវឌ្ឍន៍​ប្រទេស​កម្ពុជា តាមរយៈ​ការស្តា​ឡើងវិញ នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត បណ្តុះបណ្តាល​ធនធានមនុស្ស ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម ជំរុញ​វិស័យ​ទេសចរណ៍ និង​វិនិយោគ​ជាដើម” ។

លោក​ប៉ាន សូរ​ស័ក្តិ​បាន​បន្តថា ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច រវាង​អាស៊ាន និង ជប៉ុន ជប៉ុន បានរៀបចំ​គម្រោង​អភិវឌ្ឍ​សេដ្ឋកិច្ច​ចំនួន៨៧គម្រោង ក្នុងនោះ៥៨គម្រោង សម្រាប់​ជួយ​ដល់​ប្រទេស​កម្ពុជា ឡាវ ភូមា និង​វៀតណាម លើ​វិស័យ​កសិកម្ម ទេសចរណ៍ ការអភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម ធានា​គុណភាព​ទំនិញ ជំរុញ​វិនិយោគ កសាង​បរិយាកាស អាជីវកម្ម បរិស្ថាន កសាង​សមត្ថភាព​មន្ត្រីរាជការ ដើម្បី​កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស​ក្រីក្រ។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី កម្ពុជា-ជប៉ុន សម្រេចបាន​ប្រមាណ២.០១០លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ២០២០ ក្នុងនោះ​កម្ពុជា​នាំចេញ​ទៅកាន់​ជប៉ុន ក្នុង​ចំនួន​ទឹកប្រាក់​ប្រមាណ១.១៣១លាន​ដុល្លារ និង​នាំចូល​មកវិញ​ក្នុង​ចំនួន​ទឹកប្រាក់​ប្រមាណ ជាង៨៧៩លាន​ដុល្លារ។

ទំនិញ​ដែល​កម្ពុជា​នាំ​ចេញទៅ​ជប៉ុន​មានដូចជា ផលិតផល​សម្លៀកបំពាក់​កាត់ដេរ ស្បែកជើង គ្រឿង​សង្ហា​រឹម គ្រឿងសំអាង ក្រដាស សម្ភារៈ​ការិយាល័យ ស្បែក​និង​ផលិតផល​ធ្វើ​អំពី​ស្បែក និង​ដែក ។ល។ ទំនិញ​ដែល​នាំចូល​ពី​ជប៉ុន រួមមាន គ្រឿង​ម៉ាស៊ីន រថយន្ត សាច់ គ្រឿង​អេ​ឡិច​ត្រូ​និ​ច សង្ហា​រឹម ក្រដាស កប្បាស ក្រណាត់​គ្រប់​ប្រភេទ ផលិតផល​ផ្លា​ស្ទីក សម្ភារៈ​កីឡា និង​គ្រឿង​បន្ទាប់បន្សំ​ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here