អ្នកជំនាញ​អចលនទ្រព្យ​ជំរុញ​ឱ្យ​អ្នក​អភិវឌ្ឍន៍​ខុន​ដូ​ផ្ដោតលើ​បរិបទ និង​ជនជាតិខ្មែរ

ដោយៈ លក្ខិណា

ភ្នំពេញៈ ចំនួន​ប្រជាពលរដ្ឋ​កម្ពុជា ស្នាក់នៅ​ក្នុង​ខុន​ដូ ចាប់ផ្ដើម​មាន​កំណើន​ប​ន្តិ​ចម្ដងៗ នាពេល​បច្ចុប្បន្ន តែ​អ្នក​អភិវឌ្ឍន៍​ខុន​ដូ​ភាគច្រើន គឺ​ផ្ដោតលើ​ជនបរទេស​ជា​អ្នកទិញ ដោយសារតែ​តម្លៃ​ខ្ពស់ និង​ការរៀបចំ​ក៏​សំដៅលើ​ជនបរទេស​ដូចគ្នា។

អ្នកជំនាញ​អចលនទ្រព្យ​បាន​លើកឡើងថា វា​ដល់ពេល ដែល​វិនិយោគិន​គួរ​វិនិយោគ​លើ​ខុន​ដូ ដោយ​ផ្ដោតទៅលើ​ជនជាតិខ្មែរ​ហើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​សំ សុខ​នឿន ប្រធាន​សមាគម​អចលនទ្រព្យ​សកល បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃទី៣ កុម្ភៈ​ម្សិល​ម៉ិ​ញ​ថា វិស័យ​ខុន​ដូ​ក្នុង​ឆ្នាំ២០២០កន្លងទៅនេះ ភាគច្រើន​គឺ​ជនជាតិខ្មែរ​ជា​អ្នកទិញ ដោយសារតែ​អវត្តមាន​ជនបរទេស ព្រោះតែ​ការ​រឹតត្បិត​ការធ្វើដំណើរ​ឆ្លង​ប្រទេស។ លោក​បន្តថា ដូច្នេះ​វា​ដល់ពេល ដែល​វិនិយោគិន​ចាប់ផ្ដើម​វិនិយោគ​លើ​ខុន​ដូ​សម្រាប់​ទីផ្សារ​ក្នុង​វិញ ព្រោះថា​ទីក្រុង​កាន់តែ​រីក ពលរដ្ឋ​ដែល​ចង់បាន​លំនៅឋាន​ផ្ទាល់ខ្លួន ត្រូវ​ទៅ​ទិញ​នៅ​ឆ្ងាយ​ពី​ជាយក្រុង និង​ឆ្ងាយ​ពី​កន្លែងធ្វើការ។

លោក​បាន​ថ្លែងថា “បើសិន​ជាមាន​ខុន​ដូ មានតម្លៃ​សមរម្យ​សម្រាប់​ពួកគាត់ និង​ត្រូវ​នឹង​អ្វីដែល​ពួកគាត់​ចង់បាន នោះ​ពួកគាត់​នឹង​ផ្លាស់ប្តូ​រម​កនៅ​ខុន​ដូ​វិញ” ។

លោក​សំ សុខ​នឿន​បាន​បន្តថា បច្ចុប្បន្ននេះ អ្នកវិនិយោគ​ខុន​ដូ ភាគច្រើន​ជា​ជនបរទេស ហើយ​ផ្គត់ផ្គង់​ក៏​សម្រាប់តែ​ជនបរទេស តែ​ជា​បទពិសោធ​នៅ​ឆ្នាំ២០២០ នៅពេល​មាន​បញ្ហា​កូ​វីដ៩១ ជនបរទេស​មិនអាច​ចូលមក​កម្ពុជា ធ្វើឱ្យ​ការលក់​ខុន​ដូ ត្រូវ​ធ្លាក់ចុះ តែ​ជំនួស​មកវិញ​ដោយ​ជនជាតិខ្មែរ។ យ៉ាងណាក្ដី ក៏​មិនមាន​ជនជាតិខ្មែរ​ច្រើន​ទេ ដែលមាន​លទ្ធភាព​ទិញ​ខុន​ដូ​ស្នាក់នៅ គឺមាន​ចំនួន​តិចតួច ព្រោះ​ខុន​ដូ​បច្ចុប្បន្ននេះ​មានតម្លៃ​ខ្ពស់ និង​អភិវឌ្ឍន៍​ឡើង​សម្រាប់​ជនបរទេស។

លោក​បន្ថែមថា “សម្រាប់​ទីផ្សារ និង​តម្រូវការ​នៅ​កម្ពុជា​វិស័យ​ខុន​ដូ គឺ​នៅតែមាន​តម្រូវការ​ដដែល ព្រោះ​ថាបើ​ធៀប​នឹង​ប្រទេសជិតខាង ខុន​ដូ​នៅ​កម្ពុ​ជាមាន​ចំនួន​តិចតួច​នៅឡើយ តែ​ឆ្នាំ ២០២០ដោយសារតែ​វិបត្តិ ទើប​ធ្វើឱ្យ​ការលក់​មានការ​ថម​ចុះ” ។

ជាមួយគ្នានេះ លោ​ករិន ច័ន្ទ​រឹទ្ធ ប្រធាន​ក្រុមហ៊ុន DNZ Realty បាន​និយាយថា ក្នុង​ឆ្នាំ២០២០ ស្ទើរតែ១០០ភាគរយ​ហើយ​ជា​ជនជាតិខ្មែរ មក​មើល​គំរូ​នៃ​ខុន​ដូ ហើយក៏​មាន​ជនជាតិខ្មែរ​មួយចំនួន​ដែរ ទិញ​ខុន​ដូ​សម្រាប់​ស្នាក់នៅ និង​ខ្លះទៀត​សម្រាប់​ទុក​ជួល​បន្ត​យកប្រាក់​ចំណេញ។ ទោះជា​យ៉ាងណា ខុន​ដូ​ខ្លះ​នៅ​កម្ពុជា​ផ្ដោតលើ​ជនបរទេស និង​ខ្លះទៀត​ផ្ដោតលើ​អតិថិជន​ចម្រុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here