អាមេរិកទាមទារឱ្យចិនបញ្ចប់ការដាក់សម្ពាធផ្នែកយោធា និងសេដ្ឋកិច្ចទៅលើកោះតៃវ៉ាន់

ដោយ៖ សុខុម

ភ្នំពេញ៖ លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរក បានលើកឡើងថា សហរដ្ឋអាមេរិក បានជំរុញឱ្យមហាយក្សចិន បញ្ចប់ការដាក់សម្ពាធផ្នែកយោធា ការទូត និងសេដ្ឋកិច្ចទៅលើកោះតៃវ៉ាន់។ នេះបើយោងតាមសារព័ត៌មាន Business Standard ចុះផ្សាយកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។

អំឡុងពេលសន្និសីតកាសែតកាលពីថ្ងៃអង្គារ ទី២ ខែកុម្ភៈ (ម៉ោងនៅក្នុងស្រុក) លោក Ned Price បានគូសបញ្ជាក់ថា “យើងបានជំរុញឱ្យរដ្ឋាភិបាលក្រុងប៉េកាំង បញ្ចប់ការដាក់សម្ពាធផ្នែកយោធា ការទូត និងសេដ្ឋកិច្ចទៅលើកោះតៃវ៉ាន់ ហើយងាកមកចរចាគ្នាដោយសន្តិវិធីជាមួយថ្នាក់ដឹកនាំរបស់តៃវ៉ាន់ ដែលត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ”។

លោកបានថ្លែងបន្តថា “យើងនឹងតបតចំពោះសកម្មភាពគឃ្លើន និងបង្ខិតបង្ខំណាមួយរបស់ចិន ដើម្បីរក្សាគុណតម្លៃស្នូលនៃយោធារបស់យើង ការពារគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យ វិនិយោគលើបច្ចេកវិទ្យាជឿនលឿន និងស្ដារភាពជាដៃគូផ្នែកសន្តិសុខដ៏សំខាន់របស់យើង”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកនាំពាក្យដដែលបានគូសបញ្ជាក់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចាត់ទុកសម្ព័ន្ធមិត្ត និងភាពជាដៃគូសហការរបស់ខ្លួនជាការរួបរួមកម្លាំងគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលរួមមានទាំងទំនាក់ទំនងកាន់តែល្វីងជូរចិត្តជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ផងដែរ។

កាសែតចិន South China Morning Post បានចុះផ្សាយថា យោងតាមការស្ទង់មតិថ្មីមួយបង្ហាញថា ថ្នាក់ដឹកនាំផ្នែកគោលនយោយបាយការបរទេស និងក្រុមអ្នកប្រកបវិជ្ជាជីវៈនៅក្នុងសហរដ្ឋអាមេរិក គាំទ្រឱ្យសហរដ្ឋអាមេរិក ប្រើប្រាស់កម្លាំងយោធាដើម្បីការពារកោះតៃវ៉ាន់ ក្នុងករណីមហាយក្សចិន ឈ្លានពានកោះនេះ ប៉ុន្តែពលរដ្ឋអាមេរិក ភាគច្រើនបានជំទាស់នឹងគំនិតនេះ។

នៅក្នុងរបាយការណ៍មួយចេញផ្សាយកាលពីថ្ងៃច័ន្ទ ទី១ ខែកុម្ភៈ អង្គការមួយដែលមានឈ្មោះថា Chicago Council on Global Affairs បាននិយាយថា ភាគច្រើននៃមនុស្សជាង៩០០នាក់ ដែលត្រូវបានស្ទង់មតិ ដែលរួមមានមន្ត្រីប្រតិបត្តិសាខា មន្ត្រីសភា បញ្ញវ័ន្ត អ្នកសិក្សាស្រាវជ្រាវ និងអ្នកកាសែត បានគាំទ្រឱ្យសហរដ្ឋអាមេរិក ប្រើកម្លាំងយោធា ដើម្បីការពារកោះតៃវ៉ាន់ ប្រសិនបើមហាចិន ហ៊ានឈ្លានពានកោះនេះមែន។

ការលើកឡើងបែបនេះពីសំណាក់ក្រសួងការបរទេសសហរដ្ឋអាមេរិក ធ្វើឡើង ខណៈសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ពង្រឹងទំនាក់ទំនងការទូតរបស់ខ្លួន និងក្រោយពីមហាយក្សចិន បានគំរាមកំហែងថា “ការទាមទារឯករាជ្យរបស់តៃវ៉ាន់” មានន័យថា ជាការបញ្ឆេះសង្គ្រាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here