ក្រុមហ៊ុនដ៏ធំមួយរបស់ចិនសម្រេចបោះទុនជាង៥០០លានដុល្លារបង្កើតរោងចក្រក្រដាសនៅខេត្តកំពត

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ក្រុមហ៊ុនផលិតក្រដាសឈានមុខរបស់ចិន បានប្រកាសបោះទុនវិនិយោគជាង៥០០លានដុល្លារ ដើម្បី​បង្កើតរោងចក្រផលិតក្រដាស នៅខេត្តកំពត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជានៅដើមសប្តាហ៍នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានខាងលើបានឱ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន SHUNYING PULP AND PAPER COMPANY LIMITED” គម្រោងបង្កើតរោងចក្រផលិតក្រដាស ដែលមានទីតាំងវិនិយោគស្ថិតនៅ​ភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ ៥០៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.២៦១កន្លែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន Shunying Pulp and Paper Company Limited បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកម្ពុជា កាល​ពី​ខែកក្កដា ឆ្នាំ២០១៩ ហើយការចុះបញ្ជីក្រុមហ៊ុនេះត្រូវបានធ្វើឡើង ដោយលោក Lee MAN Bun ត្រូវ​បាន​ប្រុសបង្កើតរបស់លោក Patrick Lee ដែលជាស្ថានិកក្រុមហ៊ុន Lee & Man Paper ដែលមូលដ្ឋាននៅ​ប្រទេសចិន។

ក្រុមហ៊ុន Lee & Man Paper ត្រូវបានបង្កើតឡើងក្នុង ឆ្នាំ១៩៩៤ ហើយមានការរីកចម្រើន ពីក្រុមហ៊ុនតូច​មួយទៅជាក្រុមហ៊ុនផលិតក្រដាសឈានមុខគេមួយនៅលើពិភពលោក។ ក្រុមហ៊ុនក៏បានចុះបញ្ជីផ្សារភាគហ៊ុន​ហុងកុង នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០៣។

បច្ចុប្បន្ន ក្រុមហ៊ុនមានទីតាំងផលិតកម្មនៅតំបន់ Zhongtang និងតំបន់ Hongmei នៃទីក្រុង Dongguan ខេត្ត Guangdong ទីក្រុង Changshu ស្រុក Chongqing Yongchuan ទីក្រុង Ruichang ខេត្ត Jiangxi លើសពីនេះទៀតក្រុមហ៊ុន ក៏មានមូលដ្ឋានផលិតកម្មនៅប្រទេសវៀតណាម ម៉ាឡេស៊ី និង​ប្រទេស​ដទៃទៀត។ រហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានក្លាយជាសហគ្រាសពហុជាតិ ដែលមានសមត្ថភាព​ផលិតក្រដាស ប្រចាំឆ្នាំបានជាង៧,៣៨៥លានតោន។

ក្រដាស ដែលផលិតដោយក្រុមហ៊ុននេះ មានច្រើនប្រភេទដូចក្រដាសវេចខ្ចប់ ក្រដាសបិតជញ្ជាំង និងក្រដាសអនាម័យជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here