កូរ៉េខាងត្បូងនឹងក្លាយជាទីផ្សារនាំចេញកាន់តែធំសម្រាប់កម្ពុជាបន្ទាប់ពីកិច្ចព្រមព្រៀង CKTFA ចូលជាធរមាន

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង បានប្រកាសបញ្ចប់​ការ​ចរចាជាផ្លូវការនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងប្រទេសកូរ៉េខាងត្បូង (CKTFA) នៅព្រឹក​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។

លោកប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា តាមរយៈកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ កម្ពុជា នឹងអាចនាំចេញទៅកាន់ប្រទេសកូរ៉េបានទំហំច្រើនជាងមុន ដោយរំពឹងថា នឹងកើន​ឡើងពី២០ ទៅ២៥ភាគរយ ក្នុងមួយឆ្នាំ ខណៈមុនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក៏កំណើននាំចេញរបស់​កម្ពុជា ទៅកាន់ប្រទេសកូរ៉េកើនឡើងប្រមាណ១៥ភាគរយរួចទៅហើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េគ្រោងនឹងចុះហត្ថលេខាជាផ្លូវការ នៅអំឡុង​ខែមិថុនា ឆ្នាំ២០២១នេះ ហើយកិច្ចព្រមព្រៀងនេះដែរ ក៏រំពឹងថានឹងចូលជាធរមានជាផ្លូវការ នៅក្នុងឆ្នាំ​២០២១​នេះដែរ ព្រោះថា កម្ពុជា និងកូរ៉េខាងត្បូង មានពេលវេលាយូរទៀត ដើម្បីធ្វើកិច្ចការនេះ។

លោកបានថ្លែងថា “តាមរយៈព្រមព្រៀងពាណិជ្ជកម្មនេះ កម្ពុជានឹងអាចចេញទៅកាន់ទីផ្សារប្រទេសកូរ៉េកាន់​តែច្រើនដែលអាចបង្កើនទំហំពាណិជ្ជកម្មបានមួយកម្រិតទៀត”។

លោកបន្ថែមថា វាជាមោទនភាពមួយរបស់កម្ពុជា ដែលអាចបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជា​មួយ​ប្រទេសធំៗ ដូចជាប្រទេសចិន និងប្រទេសកូរ៉េជាដើម ព្រោះថាប្រទេសធំៗគេតែងចង់បង្កើតកិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអភិវឌ្ឍន៍ ខណៈកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួចប៉ុណ្ណោះ។

មួយវិញទៀត ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី កម្ពុជា កូរ៉េ ក៏បានប្រើប្រាស់ពេលវេលាលឿន ក្នុងការចរចាដែរ។

យោងតាមសេចក្តីប្រាសរួមរវាងក្រសួងពាណិជ្ជកម្ម កម្ពុជានិងកូរ៉េ ឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​កម្ពុជា កូរ៉េ នឹងពង្រីកបន្ថែមទៀតលើការធ្វើសេរីភាវូបនីយកម្មទីផ្សាររវាងប្រទេសទាំងពីរ លើសពីកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរីដែលមានស្រាប់ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន កូរ៉េ និងកិច្ចព្រម​ព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលទើបតែបានចុះហត្ថលេខានាពេលថ្មីៗនេះ។

កិច្ចព្រមព្រៀងនេះ នឹងលើកកម្ពស់ការនាំចេញរបស់កម្ពុជា ទៅកាន់សាធារណរដ្ឋកូរ៉េបន្ថែមទៀត លើទំនិញ ដែលធ្លាប់នាំចេញនាពេលកន្លងមក មានដូចជាផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូនិងផលិតផលកសិកម្មជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here