តំបន់​ជាយក្រុង​ភ្នំពេញ​បាននិងកំពុង​ចាប់យក​ចំណែក​ទីផ្សារ​លំនៅដ្ឋាន​បែប​ប្រណីត

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ អ្នកជំនាញ​បាន​អះអាងថា ការអភិវឌ្ឍន៍​លំនៅដ្ឋាន​បែប​ប្រណីត ឬ​មានតម្លៃ​ថ្លៃ បាននិងកំពុង​បាញ់​ឆ្ពោះ ទៅកាន់​តំបន់​ជាយ​រាជធានី​ភ្នំពេញ​ស្ទើរតែ​គ្រប់​ទិស ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ថ្លែងប្រាប់​តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ​ថា ការអភិវឌ្ឍន៍​លំនៅដ្ឋាន​បែប​ប្រណីត​ទៅកាន់​ជាយ​រាជធានី ដោយសារតែ​តម្លៃ​ដីនៅក្បែរៗ ឬ​កណ្ដាល​រាជធានី ដែល​ធ្វើឱ្យ​អ្នកវិនិយោគ​មិនអាច​រកប្រាក់​ចំណេញ​បាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​ថ្លែងថា “អ្នកវិនិយោគ​ត្រូវការ​តម្លៃ​ដី​ទាប​ល្មម ដែល​អាចឱ្យ​ពួកគេ​ចំណេញ​ពី​ការវិនិយោគ។ ម្យ៉ាងទៀត​នៅក្បែរ ឬ​កណ្ដាល​រាជធានី ក៏​មិនមាន​ដី​ទូលាយ សម្រាប់​អភិវឌ្ឍន៍​ជា​បុរី​បាន​ស្រួល​នោះដែរ” ។ លោក​បន្តថា “នៅ​តំបន់​ជាយ​រាជធានី​ភ្នំពេញ​នាពេល​បច្ចុប្បន្ននេះ ក៏មាន​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បាន​ច្រើន​ផងដែរ ដែល​ជំរុញ​អោយ​វិនិយោគិន​ងាក​ទៅរក​តំបន់ជាយៗក្រុង សម្រាប់​អភិវឌ្ឍន៍​គម្រោង​របស់​ខ្លួន” ។

លោក​សុខ​នី​ម​បាន​ថ្លែងថា តាម​ផែនការមេ​របស់​រាជរ​ដ្ឋា​ភិ​បាល ក៏បាន​កំណត់​ការអភិវឌ្ឍ​ជុំវិញ​រាជធានី​ជា​មុំ៣៦០ដឺ​ក្រេ។ ដូច្នេះហើយ​គ្រប់​ទិស​នៃ​រាជធានី គឺ​ត្រូវមាន​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់។ សម្រាប់​តម្លៃ​ត្រឹម២០ឬ៣០ម៉ឺន​ដុល្លារ​អាមេរិក នៅ​តំបន់​ជាយ​រាជធានី បច្ចុប្បន្ន​គឺ​នៅមាន​ការគាំទ្រ​ច្រើន ពី​ប្រជាពលរដ្ឋ​ព្រោះថា វា​ក៏​មិនទាន់​ថា​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ភ្នំពេញ​ដែរ។

លោក​ប៉ូ អ៊ា​វ​គង់ អគ្គនាយក និង​ស្ថាបនិក​ក្រុមហ៊ុន​អ៊ែត​វ៉ា​ន់ស៍ រៀល​អ៊ី​ស្ទេ​ត​បាន​ថ្លែងប្រាប់​កាលពីថ្មីៗនេះ​ថា សញ្ញា​វិជ្ជមាន​សម្រាប់ វិស័យ​អចលនទ្រព្យ​ចាប់ផ្តើម​មាន​ឡើងវិញ​ជាបណ្តើរៗ ហើយ​ទន្ទឹមនឹងនេះ លំនៅដ្ឋាន​បែប​ប្រណីត​ក្នុង​គម្រោង​បុរីថ្មីៗមួយចំនួន ត្រូវ​បានដាក់​ដំណើរការ​សាងសង់​នៅ​ដើមឆ្នាំ២០២១នេះ។

លោក​បានឱ្យដឹងថា “តម្រូវការ​លំនៅដ្ឋាន​បែប​ប្រណីត​ភាគច្រើន ទីផ្សារ​នៅក្នុង​ស្រុក​របស់​យើង ហើយ​មួយ​ភាគ​តូច ក៏​ត្រូវបាន​វិនិយោគិន​ទិញ​សម្រាប់​ជួល ទៅឱ្យ​អ្នក​ប្រធាន​អង្គការធំៗ និង​ប្រធាន​ក្រុមហ៊ុនធំៗពី​បរទេស ដើម្បី​ទទួលបាន​ផលចំណេញ​ផងដែរ” ។ លោក​បន្ថែមថា “យើង​ឃើញថា​តម្រូវការ​លំនៅដ្ឋាន​បែប​ប្រណីត នៅ​ដើមឆ្នាំ២០២១ នៅតែមាន​កំណើន ដោយសារ​អ្នកមាន​ចំណូល​ខ្ពស់ និង​អ្នករកស៊ី​មាន​រំហូរ​សាច់​ល្អ នៅតែ​ត្រូវការ​លំនៅដ្ឋាន​បែប​ប្រណីត” ។

លោក​បាន​បន្តថា ដើមឆ្នាំ២០២១ សញ្ញា​វិជ្ជមាន​ចំពោះ​វិស័យ អចលនទ្រព្យ​នៅ​កម្ពុជា ចាប់ផ្តើម​បង្ហាញ​ជាបណ្តើរៗ ដោយសារ​ស្ថាប័នធំៗ បាន​ព្យាករ​ពី​កំណើន​វិជ្ជមាន​សេដ្ឋកិច្ចកម្ពុជា ដែល​វា​ផ្តល់​ទំនុកចិត្ត​ដល់​អ្នក​អភិវឌ្ឍន៍ និង​វិនិយោគិន។

លំនៅដ្ឋាន​បែប​ប្រណីត​មានតម្លៃ​ចាប់ពី១០ម៉ឺន​ដុល្លារ ទៅដល់​ជាង១លាន​ដុល្លារ ហើយ​លំនៅដ្ឋាន​បែប​ប្រណីត​ភាគច្រើន ត្រូវបាន​អភិវឌ្ឍន៍​ក្នុង​គម្រោង​បុរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here