ដោយ៖ លក្ខិណា
ភ្នំពេញ៖ ទោះស្ថិតនៅក្នុងស្ថានភាពលំបាកនៃសេដ្ឋកិច្ចពិភពលោក ដោយសារតែកូវីដ១៩ ក្រុមហ៊ុនសំណង់ធំមួយប្រចាំអាស៊ីអាគ្នេយ៍ និងធំបំផុតរបស់ថៃ អេសស៊ីជី នៅតែរកបានប្រាក់ចំណេញខ្ពស់នៅឆ្នាំ២០២០ ដោយសារតែការធ្វើពិពិធកម្មទីផ្សារ និងដំណោះស្រាយថ្មីៗ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។

លោក Roongrote Rangsiyopash ប្រធាននិងជាអគ្គនាយក អេសស៊ីជី បានឱ្យដឹងនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ជាមួយលទ្ធផលប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនដែលមិនទាន់ធ្វើសវនកម្ម សម្រាប់ឆ្នាំ២០២០ ប្រាក់ចំណេញសម្រាប់ឆ្នាំ២០២០ សម្រេចបានចំនួន១.០៩១លានដុល្លារអាមេរិក កើនឡើង៧ភាគរយ បើធៀបនឹងតួលេខនៃឆ្នាំ២០១៩ ដោយសារតែលទ្ធផលល្អប្រសើរនៅគ្រប់មុខធុរកិច្ច។
លោកបានថ្លែងថា នៅឆ្នាំ២០២០ ចំណូលពីការលក់ផលិតផល និងសេវាកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ (HVA) បានកើនឡើងដល់ (៤.០៣០លានដុល្លារអាមេរិក ស្មើនឹង៣២% នៃចំណូលសរុបពីការលក់ ដែលល្អប្រសើរជាងកាលពីត្រីមាសមុន។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនមួយនេះ ក៏បានបញ្ជាក់ពីចំណូលពីការលក់របស់ អេសស៊ីជី នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២០ បានធ្លាក់ចុះ៤ភាគរយ បើធៀបនឹងត្រីមាសមុន ដោយសម្រេចបាន ៣.២២២លានដុល្លារអាមេរិក ដោយសារកត្តាធ្លាក់ចុះតម្រូវការតាមរដូវកាល នៅក្នុងវិស័យអាជីវកម្មស៊ីម៉ងត៍-គ្រឿងសំណង់ (CBM) ផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងផែនការបញ្ចប់ការសាងសង់ជាស្ថាពរនូវរោងចក្រ Map Ta Phut Olefins (MOC) នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០។
ខណៈដែលការបញ្ចប់ការសាងសង់កើតឡើងនៅមុនផែនការកំណត់ក្ដី វាបានរួមចំណែកខ្លះ នាំឲ្យបរិមាណនៃការលក់ពីអាជីវកម្មផលិតផលគីមី និងការលក់ពីអាជីវកម្មស៊ីម៉ងត៍ និងគ្រឿងសំណង់មានការថមថយចុះ ដោយសារផលប៉ះពាល់ពីជំងឺឆ្លងរាតត្បាតកូវីដ-១៩ ទៅលើសេដ្ឋកិច្ចទាំងមូល។
ដោយឡែក ក្នុងឆ្នាំ២០២០ដដែល ប្រាក់ចំណេញ ដែលបានកត់ត្រាចូលបញ្ជី សម្រេចបាន២៦៣លានដុល្លារអាមេរិក សម្រាប់ត្រីមាសទី៤ នៃឆ្នាំ២០២០ ដែលធ្លាក់ចុះ ១៧% បើធៀបនឹងត្រីមាសមុន ដោយសារលទ្ធផលអាជីវកម្មមិនសូវគាប់ប្រសើរនៅក្នុងវិស័យស៊ីម៉ងត៍-គ្រឿងសំណង់ (CBM) ដែលបណ្ដាលមកពីដំណើរថមថយចុះនៃសេដ្ឋកិច្ចក្នុងអំឡុងវិបត្តិកូវីដ-១៩ ភ្លៀងធ្លាក់ខ្លាំងនិងគ្រោះទឹកជំនន់នៅក្នុងតំបន់ និងបញ្ហាខូចខាតទ្រព្យក្នុងអាជីវកម្ម CBM នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ពីប្រតិបត្តិការនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី៕







