សៀមរាបបង្ហាញសក្ដានុពលដល់វិនិយោគិនក្នុង និងក្រៅប្រទេស

ដោយ៖ លក្ខិណា

ភ្នំពេញ៖ សៀមរាបបាននិងកំពុងបង្ហាញពីភាពទាក់ទាញ បន្ថែមទៀតដល់វិនិយោគិនក្នុងនិងក្រៅប្រទេស ខណៈខេត្តនេះបានទទួលគម្រោងវិនិយោគជាច្រើនរួចមកហើយនៅពេលកន្លងនេះ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះថា សៀមរាបគឺជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយបន្ទាប់ពីភ្នំពេញ និងខេត្តព្រះសីហនុ ហើយបច្ចុប្បន្នមានវិនិយោគិនជាច្រើន កំពុងបង្ហាញការចាប់អារម្មណ៍លើការវិនិយោគក្នុងខេត្តសៀមរាប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងថា មូលហេតុ គឺដោយសារសៀមរាបជាតំបន់ទេសចរណ៍ ហើយហេដ្ឋរចនាសម្ព័ន្ធ ក្នុងខេត្តនេះ ក៏កំពុង​ត្រូវបានរដ្ឋាភិបាលអភិវឌ្ឍន៍និងសាងសង់ថ្មីៗបន្ថែម ដូច្នេះនៅពេលហេដ្ឋារចនាសម្ប័ន្ធទាំងនោះ សាង​សង់​រួច វិនិយោគិនក្នុង និងក្រៅប្រទេស នឹងអាចចូលទៅកាន់ខេត្ត ដើម្បីស្វែងរកការវិនិយោគបន្ថែមទៀត។

លោកបានលើកឡើងផងដែរថា វិនិយោគិនចូលចិត្តវិនិយោគ នៅតំបន់ណា ដែលមានហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ ដូចជាផ្លូវ ភ្លើង និងទឹកជាដើម។ ជាការកត់សម្គាល់តំបន់ណាដែលមានការអភិវឌ្ឍលើ​ហេដ្ឋារចនាសម្ព័ន្ធ តំបន់នោះ នឹងទទួលបានគម្រោងអភិវឌ្ឍន៍បន្តបន្ទាប់ ដូច្នេះហើយទើបរដ្ឋាភិបាលបាន​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្តបន្ទាប់នៅភ្នំពេញ ពីភ្នំពេញទៅកាន់បណ្ដាខេត្ត និងនៅក្នុងបណ្ដាខេត្តដែលមាន​សក្ដានុពលខ្ពស់ជាដើម ។

លោក Steven Wang នាយកប្រតិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Print Real Estate Group បានឱ្យដឹង​ថា ក្រុមហ៊ុនបានជ្រើសយកខេត្តពីរជាស្លាបនៃការអភិវឌ្ឍ ដោយភ្នំពេញជាដងខ្លួន។ ក្នុងចំណោមខេត្តទាំង​ពីរនោះ ក៏មានខេត្តសៀមរាបផងដែរ ដោយក្រុមហ៊ុនគ្រោងនឹងវិនិយោគឱ្យបាន៦០ពាន់លានដុល្លារក្នុង​រយៈពេល១០ឆ្នាំខាងមុខទៀតនៅក្នុងប្រទេស។

លោកបន្តថា កម្ពុជាជាទីតាំងមួយនៅកណ្ដាលអាស៊ីអាគ្នេយ៍ហើយជាទីតាំងដែលទាក់ទាញដល់បណ្ដាវិនិយោគិន​មកពីគ្រប់ទិសទី ចូលមកវិនិយោគក្នុងវិស័យអចលនទ្រព្យ។ ព្រីនស៍ ជ្រើសយកកម្ពុជា ជាតំបន់ស្នូលសម្រាប់​វិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here