ចំណេះដឹង​ផ្សារ​ហ៊ុន! តើ​ព្រឹត្តិការណ៍​ទាក់ទង​នឹង​សិទ្ធិកម្មសិទ្ធិ​ករ​មូល​ប​ត្រធ្វើឡើង​ដើម្បី​អ្វី?

ដោយៈ សាវុធ

ភ្នំពេញៈ ព្រឹត្តិការណ៍​ទាក់ទង​នឹង​សិទ្ធិកម្មសិទ្ធិ​ករ​មូល​ប​ត្រ សំដៅ​ដល់​ព្រឹត្តិការណ៍​ដែល​ផ្តើមឡើង​ដោយ​ក្រុមហ៊ុន​ចុះបញ្ជី និង​ដែលមាន​ឥទ្ធិពល​ទៅលើ​មូល​ប​ត្រ ដែល​បាន​បោះផ្សាយ​ដោយ​ក្រុមហ៊ុន​នោះ។

ព្រឹត្តិការណ៍​ទាំងនេះ​រួមមាន ការបែងចែក​ភាគលាភ មហាសន្និបាត​ភាគ​ហ៊ុ​និក ការបោះ​ផ្សាយ​លក់​ភាគហ៊ុន​បន្ថែម ការ​បំបែក​ភាគហ៊ុន (stock split) ការរំលាយ​ក្រុមហ៊ុន​បញ្ចូល​គ្នា​និង​ការ​ទិញយក (merger & acquisition) ការទិញ​ភាគហ៊ុន​មកវិញ (stock buyback) ជាដើម។ល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប៉ុន្តែ​ដើម្បី​ភាពងាយស្រួល យើង​នឹង​លើក​មក​ពិភាក្សា​នៅទីនេះ តែ​ពីរ​ព្រឹត្តិការណ៍​ខាងដើម​ប៉ុណ្ណោះ (គឺ ការ​បែក​ចែក​ភាគលាភ និង​មហាសន្និបាត​ភាគ​ហ៊ុ​និក) ដែល​ផ្សារ​ហ៊ុន​កម្ពុជា​យើង​បាន​អនុវត្តន៍​រួចមកហើយ។

ជា​រៀងរាល់ឆ្នាំ ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ចុះបញ្ជី តែង​ប្រជុំ​សម្រេច​អំពី​ការបែងចែក​ភាគលាភ​ដល់​ភាគ​ហ៊ុ​និក​របស់ខ្លួន។ ប្រសិនបើ​មានការ​ប្រកាស​សម្រេច​អំពី​ការបែងចែក​ភាគលាភ ក្រៅពី​ព័ត៌មាន​អំពី​ប្រភេទ​ភាគលាភ(ជា​សាច់ប្រាក់​ឬអ្វី​ផ្សេង) ភាគលាភ​ក្នុង​មួយ​ភាគហ៊ុន​ដែល​ត្រូវ​បែងចែក និង​អនុ​បាត​បែងចែក​ភាគលាភ​ជាដើម វិនិយោគិន​គួរ​គិតដល់​កាលបរិច្ឆេទ​ចំនួន​បី គឺ​កាលបរិច្ឆេទ​អ៊ិ​ច​ឌី​វី​ឌិន (ex-dividend date) កាលបរិច្ឆេទ​ប្រកាស​បញ្ជី​ឈ្មោះ​ភាគ​ហ៊ុ​និក ត្រូវ​ទទួលបាន​ភាគលាភ (record date) និង​កាលបរិច្ឆេទ​ទូទាត់​ភាគលាភ។ កាលបរិច្ឆេទ​ដែល​វិនិយោគិន គួរ​យកចិត្តទុកដាក់​ជាងគេ គួរ​ជា​កាលបរិច្ឆេទ​អ៊ិ​ច​ឌី​វី​ឌិន។

រាល់​ការទិញ​ភាគហ៊ុន ដែល​ផ្តល់​ភាគលាភ​មុន​កាលបរិច្ឆេទ​អ៊ិ​ច​ឌី​វី​ឌិន វិនិយោគិន​នឹង​ទទួលបាន​សិទ្ធិ​ទទួលបាន​ភាគលាភ។ ផ្ទុយ​មកវិញ វិនិយោគិន​ដែល​លក់​ភាគហ៊ុន​ចេញ​មុន​កាលបរិច្ឆេទ​អ៊ិ​ច​ឌី​វី​ឌិន នឹង​បាត់បង់​សិទ្ធិ​ទទួលបាន​ភាគលាភ។ ដូច្នេះ​រាល់​ការទិញ/លក់​ចាប់​ពីថ្ងៃ​អ៊ិ​ច​ឌី​វី​ឌិន​តទៅ នឹង​លែង​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ទទួលបាន​ភាគលាភ​ទៀតឡើយ។

តាម​ហេតុផល​នេះ ចាប់​ពីថ្ងៃ​ប្រកាស​បែងចែក​ភាគលាភ(ជា​សាច់ប្រាក់​ដែលមាន​ចំនួន​ច្រើន) ថ្លៃ​ភាគហ៊ុន​មាន​ទំនោរ​កើនឡើង រហូតដល់​ថ្លៃ​អតិបរមា​មួយ​នៅ​មួយ​ថ្ងៃមុន​កាលបរិច្ឆេទ​អ៊ិ​ច​ឌី​វី​ឌិន។ ហើយ​នៅ​ថ្ងៃ​អ៊ិ​ច​ឌី​វី​ឌិន ថ្លៃ​ភាគហ៊ុន​គួរ​ធ្លាក់ចុះ​មកវិញ​យ៉ាងគំហុក នូវ​តម្លៃ​មួយ​ប្រហាក់ប្រហែល នឹង​ភាគលាភ​ដែល​នឹង​បែងចែក ដោយសារ​ចាប់ពី​ថ្ងៃនេះ​តទៅ អ្នកទិញ​លែង​ទទួលបាន​សិទ្ធិ​ទទួលបាន​ភាគលាភ​ទៀតហើយ។

ដោយសារ​វដ្ត​ទូទាត់ (settlement cycle) នៅ​ផ្សារ​ហ៊ុន​កម្ពុ​ជាមាន​រយៈពេល​ពី​រ​ថ្ងៃ(T+2) ដូច្នេះ​កាលបរិច្ឆេទ​ប្រកាស​បញ្ជី​ឈ្មោះ​ភាគ​ហ៊ុ​និក ដែល​ត្រូវ​ទទួលបាន​ភាគលាភ ជាធម្មតា ត្រូវ​នៅ​មួយថ្ងៃ​ក្រោយ​កាលបរិច្ឆេទ​អ៊ិ​ច​ឌី​វី​ឌិន។ ភាគ​ហ៊ុ​និក​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​នោះ នឹង​ទទួលបាន​ការទូទាត់​ភាគលាភ​ឱ្យ នៅ​កាលបរិច្ឆេទ​ទូទាត់​មួយ​ដែល​កំណត់ដោយ​ក្រុមហ៊ុន​ចុះបញ្ជី៕

LEAVE A REPLY

Please enter your comment!
Please enter your name here