ក្រុមហ៊ុនខ្នាតយក្សអង់គ្លេស-ហូឡង់ ងាកចេញពីវិស័យប្រេងនិងឧស្ម័ន ហក់ចូលទីផ្សារថាមពលកកើតឡើងវិញ

ដោយ: សុខុម

ក្រុងឡុងដ៍: ប្រភពបានទម្លាយឱ្យដឹងថា ក្រុមហ៊ុនប្រេងឥន្ធនៈ និងឧស្ម័នខ្នាតយក្ស Royal Dutch Shell ដែលគេស្គាល់ជាទូទៅថា Shell (ស្សែល) កំពុងងាកចេញពីឧស្សាហកម្មប្រេង និងឧស្ម័ន ដើម្បីប្រជែងគ្នាហក់ចូលក្នុងទីផ្សារថាមពលកកើតឡើងវិញ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រុមហ៊ុនអង់គ្លេស-ហូឡង់ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងឡាអេ និងដែលជាក្រុមហ៊ុនប្រេងឥន្ធនៈ និងឧស្ម័នធំបំផុតទី៥ ក្នុងពិភពលោកមួយនេះ ព្រមទាំងបណ្ដាក្រុមហ៊ុនអឺរ៉ុប ដែលជាគូប្រជែងកំពុងសម្លឹងរកគំរូអាជីវកម្មថ្មីៗ ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើឥន្ធនៈហ្វូស៊ីល (fossil fuel) ហើយបានអំពាវនាវឱ្យបណ្ដាវិនិយោគិន មានទស្សនវិស័យវែងឆ្ងាយ ចំពោះឧស្សាហកម្មនេះ ដែលកំពុងស្ថិតក្រោមសម្ពាធដ៏តានតឹងឱ្យកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (greenhouse gas)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រភពដដែលបានបញ្ជាក់ថា ក្រុមហ៊ុន Shell នឹងបង្ហាញយុទ្ធសាស្ត្ររបស់ខ្លួននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១។ ខុសពីក្រុមហ៊ុន Total និងក្រុមហ៊ុន BP ក្រុមហ៊ុន Shell នឹងផ្ដោតលើការក្លាយជាអន្តរការីរវាងក្រុមហ៊ុនផលិតថាមពលស្អាត និងអតិថិជនជាជាងវិនិយោគដើមទុនរាប់ពាន់លានដុល្លារ លើគម្រោងថាមពលកកើតឡើងវិញ។

ក្រុមហ៊ុននេះបានប្រកាសកាលពីខែតុលា ឆ្នាំ២០២០ថា ខ្លួននឹងបង្កើនការចំណាយរបស់ខ្លួនលើថាមពល ដែលបញ្ចេញកាបូនទាបរហូតដល់២៥% នៃទុនចំណាយសរុបត្រឹមឆ្នាំ២០២៥ ហើយប្រភពខាងលើបានបង្ហើបថា ការចំណាយអាចកើនឡើងពី១,៥ ទៅ២ពាន់លានដុល្លារអាមេរិក ដល់៥ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។

ប្រភពដដែលបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ទោះជាយ៉ាងណា ក្រុមហ៊ុននេះនឹងនៅតែរក្សាទុកទិន្នផលប្រេង និងឧស្ម័នសរុបមួយភាគធំ សម្រាប់រយៈពេលមួយទសវត្សរ៍ក្រោយ ដើម្បីជួយដល់អន្តរកាលថាមពលនេះ ប៉ុន្តែទិន្នផលឧស្ម័ននឹងរក្សាទុកច្រើនជាងគេ។

អ្នកនាំពាក្យក្រុមហ៊ុន Shell បានបដិសេធមិនឆ្លើយបំភ្លឺជុំវិញព័ត៌មានលម្អិត ស្ដីពីយុទ្ធសាស្ត្រថ្មីរបស់ក្រុមហ៊ុន នៅមុនការប្រកាសជាផ្លូវការរបស់ខ្លួននៅក្នុងខែកុម្ភៈ នេះឡើយ។ ទន្ទឹមនេះ ក្រុមហ៊ុន BP គ្រោងកាត់បន្ថយទិន្នផលប្រេងរបស់ខ្លួន៤០% ត្រឹមឆ្នាំ២០៣០ ហើយបានដកចេញក្រុមការងាររុករកប្រេង និងឧស្ម័ន ដើម្បីផ្ដោតលើថាមពលកកើតឡើងវិញ ដោយការចំណាយ លើថាមពលបញ្ចេញកាបូនទាប គ្រោងនឹងកើនឡើង១០ខ្ទង់ រហូតដល់៥ពាន់លានដុល្លារអាមេរិក នៅមួយទសវត្សរ៍ក្រោយ។

ខណៈបណ្ដាក្រុមហ៊ុនប្រេងធំៗរបស់អឺរ៉ុប កំពុងតែបញ្ចេញយុទ្ធសាស្ត្រថ្មី ដើម្បីជួយឱ្យអាជីវកម្មរស់រាននៅក្នុងពិភពថាមពល បញ្ចេញកាបូនទាប បណ្ដាវិនិយោគិន និងក្រុមអ្នកវិភាគនៅតែមានមន្ទិល ចំពោះសមត្ថភាពរបស់ខ្លួន នៅក្នុងការផ្លាស់ប្ដូរគំរូអាជីវកម្មចំណាស់រាប់សតវត្សរ៍របស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here