អូស្រ្តាលីប្រកាសផ្ដល់ជំនួយឥតសំណងជិត៣០លានដុល្លារដល់កម្ពុជាដើម្បីទិញវ៉ាក់សាំងកូវីដ១៩

ដោយ៖ លក្ខិណា

ភ្នំពេញ៖ អូស្ត្រាលីបានប្រកាសផ្ដល់ជំនួយឥតសំណងដល់កម្ពុជាចំនួន៣៥,៧លានដុល្លារអូស្ត្រាលី ឬស្មើនឹងប្រមាណ ២៨លានដុល្លារអាមេរិក សម្រាប់ចូលរួមចំណែកក្នុងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកុវីដ១៩ ដែលទទួលស្គាល់ដោយ អង្គការសុខភាពពិភពលោកនៅកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាបានឱ្យ ដឹងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ថា ហិរញ្ញប្បទានឥតសំណងរបស់អូស្ត្រាលី អាចនឹងរួមចំណែកក្នុងការ ចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាជនកម្ពុជា ប្រមាណ១,៥លាននាក់។

ការរួមចំណែកនេះនឹងជួយជំរុញឱ្យរដ្ឋាភិបាលកម្ពុជា សម្រេចបានកាន់តែឆាប់រហ័សនូវគោលដៅចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ជូនប្រជាជនកម្ពុជាឱ្យបាន៨០ភាគរយនៃចំនួនប្រជាជនសរុប ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ហិរញ្ញប្បទានឥតសំណងនេះដែរ នឹងត្រូវបានប្រើប្រាស់ភាគច្រើនសម្រាប់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផ្ដល់ជូន ប្រជាជនកម្ពុជា និងមួយចំនួនតូចនឹងត្រូវប្រើប្រាស់សម្រាប់ជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបែង ចែក និងគ្រប់គ្រងវ៉ាក់សាំង ធានាសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង និងដើម្បីធានាថា ប្រជាជនកម្ពុជា អាចទទួលបានព័ត៌មានច្បាស់លាស់អំពីដំណើរការនៃការចាក់វ៉ាក់សាំងបង្ការនេះ។

លោកផាប្លូ កាង ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមជាអ្នកជិតខាង និងជា​មិត្ត​ដ៏​យូរអង្វែងរបស់កម្ពុជា អូស្ត្រាលី មានសេចក្ដីសោមនស្សក្នុងការគាំទ្រកម្ពុជា ក្នុងគ្រាលំបាកនេះ។

លោកបានថ្លែងបន្តថា អូស្ត្រាលីទទួលស្គាល់ថា គ្មាននរណាម្នាក់មានសុវត្ថិភាពទេ ប្រសិនបើគ្រប់គ្នាមិនទាន់​មាន​សុវត្ថិភាព ហើយការគាំទ្ររបស់អូស្ត្រលី នឹងការជួយដល់កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជា​ជន​កម្ពុជា បានយ៉ាងហោចណាស់ចំនួន១,៥លាននាក់ នឹងការចាក់វ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការ​សុខភាព​ពិភពលោកប្រចាំកម្ពុជា។

លោកបានបន្តថា ដ្បិតតែកម្ពុជាបានចៀសផុតនូវផលប៉ះពាល់សុខភាពធ្ងន់ធ្ងរពីជំងឺកូវីដ១៩ ក៏ដោយការផ្ដល់​វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាជនកម្ពុជា ឱ្យបានទូទាំងប្រទេស នៅតែជាកត្តាដ៏សំខាន់ក្នុងការទប់​ស្កាត់​ និងបង្ការការរាលដាលនៃជំងឺនេះ នាពេលអនាគត និងការស្ដារសេដ្ឋកិច្ចឡើងវិញ នូវសេដ្ឋកិច្ចរបស់កម្ពុជា។

លោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ការផ្ដល់​ជំនួយ​វ៉ាក់សាំងកូវីដ១៩របស់អូស្រ្តាលីសម្រាប់កម្ពុជា នៅពេលនេះ គឺជាជំនួយដែលបន្ថែមលើជំនួយអភិវឌ្ឍន៍​ចំនួន៦៦លានដុល្លារអូស្ត្រាលីឬស្មើនឹងប្រមាណ៥០លានដុល្លារអាមេរិក ដែលរដ្ឋាភិបាលអូស្ត្រាលីនឹងផ្ដល់ជូនកម្ពុជា ក្នុងឆ្នាំ ២០២១ ស្ថិតក្រោម ផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងកូវីដ១៩ កម្ពុជា-អូស្ត្រាលី ដែលបានប្រកាស​ដាក់ឱ្យអនុវត្តន៍ជាផ្លូវកាលពីខែធ្នូ ២០២០កន្លងទៅនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here