ក្រុមហ៊ុន​ចិន​ទទួលបាន​កិច្ចសន្យា​សាងសង់​តម្លៃ ១៨០លាន​ដុល្លារ ក្នុង​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ពី​សិង្ហ​បុរី ទៅ​ម៉ាឡេស៊ី

ដោយៈ​សុខុម

សិង្ហ​បុរី: ក្រុមហ៊ុន China Communications Construction Company, Ltd. (CCCC) ទទួលបាន​កិច្ចសន្យា​តម្លៃ ១៨០លាន​ដុល្លារ​សិង្ហ​បុរី (ជាង១៣៥ លាន​ដុល្លារ​អាមេរិក) ដើម្បី​សាងសង់​ស្ពាន​មួយ​កម្ពស់២៥ម៉ែត្រ និង​ផ្លូវ​ក្រោម​ដី​សម្រាប់​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន Rapid Transit System (RTS Link) ដែល​ភ្ជាប់​ប្រទេស​សិង្ហ​បុរី និង​ក្រុង Johor Bahru នៃ​រដ្ឋ Johor ប្រទេស​ម៉ាឡេស៊ី។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន CNA ។

អាជ្ញាធរ​ដឹកជញ្ជូន​ផ្លូវគោក (Land Transport Authority (LTA)) របស់​សិង្ហ​បុរី បានបញ្ជាក់​កាលពី​ថ្ងៃ​សុក្រ ទី២៩ មករា ថា នេះ​ជា​កិច្ចសន្យា​ទី២ ហើយ​ដែល​ត្រូវបាន​ប្រគល់ឱ្យ​ក្រុមហ៊ុន​ឯកជន សម្រាប់​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចសន្យា​ទី១ ដែលមាន​តម្លៃ៩៣២,៨លាន​ដុល្លារ​សិង្ហ​បុរី (ជាង៧០១លាន​ដុល្លារ​អាមេរិក) បាន​ទៅលើ​ក្រុមហ៊ុន​សាងសង់​ជប៉ុន Penta-Ocean Construction កាលពី​ខែវិច្ឆិកា ឆ្នាំ២០២០ ។

តាម​ការរំពឹងទុក ការសាងសង់​ស្ពាន និង​ការ​ផ្លូវ​ក្រោម​ដី​សម្រាប់​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន RTS Link នឹង​ចាប់ផ្ដើម​នៅ​ត្រីមាស​ទី២ នៃ​ឆ្នាំ២០២១ នេះ។

អាជ្ញាធរ​ដឹកជញ្ជូន​ផ្លូវគោក​សិង្ហ​បុរី បាន​គូសបញ្ជាក់ថា ពេល​សាងសង់​បញ្ចប់​ជា​ស្ថាពរ ស្ពាន​ខាងលើនេះ​នឹងមាន​កម្ពស់២៥ម៉ែត្រ ពីលើ​កម្រិត​ទឹក​នៃ​ច្រក​សមុទ្រ Johor Strait ដែល​ស្ថិតក្នុង​ដែន​អធិបតេយ្យ​របស់​សិង្ហ​បុរី។

ដោយ​គ្រោង​ចាប់ផ្ដើម​សេវា​ដឹក​អ្នកដំណើរ នៅត្រឹម​ដំណាច់ឆ្នាំ២០២៦ រថភ្លើង​ល្បឿន​លឿន​ក្នុង​គម្រោង RTS Link នេះ​នឹង​អាច​ដឹក​អ្នកដំណើរ​បាន​រហូតដល់​ទៅ ១០.០០០នាក់​ក្នុង​មួយ​ម៉ោង​ក្នុងទិសដៅនីមួយ។ ការធ្វើដំណើរ​ចម្ងាយ​ផ្លូវ៤គីឡូម៉ែត្រ​ចន្លោះ​ស្ថានីយ​ទាំងពីរ នឹង​ចំណាយពេល​ប្រហែល៥នាទី។ ពេលមកដល់​សិង្ហ​បុរី អ្នកដំណើរ​អាច​បន្តដំណើ​រ​របស់ខ្លួន ដោយ​ការប្ដូរ​ទៅ​ស្ថានីយ​ផ្លូវដែក Thomson-East Coast Line (TEL)។

យោងតាម​សារព័ត៌មាន​ដដែល​ឱ្យដឹងថា ប្រទេស​ម៉ាឡេស៊ី បានចាប់ផ្ដើម​សាងសង់​គម្រោង​នេះ​នៅ​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ចំណែក​ភាគី​ខាង​សិង្ហ​បុរី បានចាប់ផ្ដើម​ការងារ​សាងសង់​លើ​ស្ថានីយ RTS Link របស់ខ្លួន​នៅ​ថ្ងៃទី២២ មករា ឆ្នាំ២០២១នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here