សម្តេចតេជោៈ ផ្នែកឯកជនជាដៃគូដ៏ចាំបាច់ក្នុងការរួមចំណែកដល់ការជំរុញសេដ្ឋកិច្ចជាតិ

ដោយៈ សាវុធ

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវអំណរសាទរចំពោះវឌ្ឍនភាពដ៏ល្អ​ប្រសើរ នៃការ​អភិវឌ្ឍ​របស់តំបន់សេដ្ឋកិច្ច ក្រុងព្រះសីហនុ ដោយសម្តេចបានលើកឡើងថា វិស័ឯកជន គឺជាដៃគូដ៏ចាំបាច់ និងមិនអាចខ្វះបាន ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានការរីកចម្រើន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងលិខិតផ្ញើជូនប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១កន្លងមកថា “រាជរដ្ឋាភិបាលកម្ពុជាតែងតែទទួលស្គាល់ថា ផ្នែកឯកជន គឺជាដៃគូដ៏ចាំបាច់ និងមិនអាចខ្វះបានដែលត្រូវបំពេញឱ្យគ្នាទៅវិញទៅមក ក្នុងការរួមចំណែក​ដល់​ការជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន”។

ក្នុងលិខិតដែលត្រូវបានចេញផ្សាយនៅថ្ងៃទី២៩ ខែមករា សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា “ខ្ញុំសូមស្វាគមន៍ និងផ្តល់ការគាំទ្រដល់គំនិតច្នៃប្រឌិត ក្នុងការកៀរគរវិនិយោគបន្ថែមទៀត ដែលនឹងជួយ​ពន្លឿន​ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះបីឆ្នាំ២០២០ ត្រូវបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ​ពីជំងឺកូវីដ១៩យ៉ាងណាក្តី តែតំបន់សេដ្ឋកិច្ចពិសេស​ក្រុង​ព្រះសីហនុ ដែលវិនិយោគដោយក្រុមហ៊ុនចិននៅតែបន្តមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ ទំហំនាំចេញរបស់​តំបន់​សេដ្ឋកិច្ចពិសេស​ ក្រុងព្រះសីហនុនៅឆ្នាំ២០២០ សម្រេចបាន១,៥៦៥លានដុល្លារអាមេរិក កើនឡើង២៦.៥២% បើធៀបនឹងឆ្នាំ២០១៩។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅកម្ពុជាជាមួយ​ទុនវិនិយោគ​ដ៏ច្រើន នៅខែកុម្ភៈ ឆ្នាំ២០០៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។ រយៈពេល​ជាង១០ឆ្នាំ​កន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ តែងតែប្រកាន់ខ្ជាប់នូវគំនិត «ជោគជ័យទាំងអស់គ្នា»។

បច្ចប្បន្នតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសអន្តរជាតិ ដែលបានទទួល​សហគ្រាសមកពីអឺរ៉ុប អាមេរិក ចិន និងអាស៊ីអាគ្នេយ៍សរុប១៦៦សហគ្រាស ហើយបានបង្កើតឱកាសការងារជិត ៣០,០០០កន្លែង។

នៅឆ្នាំ២០២០ នៅចំពោះមុខផលលំបាក នៃការរីករាលដាលជំងឺកូវីដ១៩ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុ បានរួបរួមគ្នាជាមួយក្រុមហ៊ុន និងសហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងរក្សាលំនឹងផលិតកម្ម ដែលបានដើរតួនាទីយ៉ាងសកម្ម ក្នុងរក្សាស្ថេរភាពការងារសម្រាប់កម្មករបុគ្គលិក និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here