រយៈពេល៣ឆ្នាំចុងក្រោយកំពតទទួលបានគម្រោងវិនិយោគអចលនទ្រព្យគាំទ្រដល់ទេសចរណ៍កាន់តែច្រើន

ដោយៈ លក្ខិណា

កំពតៈ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ខេត្តកំពតកាន់តែបង្ហាញពីសក្ដានុពលក្នុងការទាក់ទាញ គម្រោ​ងវិនិយោគអចលនទ្រព្យ ជាពិសេសលើគម្រោងដែលគាំទ្រដល់វិស័យទេសចរណ៍ ដូចជា គម្រោងអភិវឌ្ឍន៍​លំនៅឋានលំហែកាយ សណ្ឋាគារ ផ្ទះសំណាក់ជាដើម។

លោកអ៊ឹង ឆាយ អភិបាលរងខេត្តកំពត បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌​មានកាលពីថ្ងៃទី២៨ មករា ២០២១បានឱ្យដឹងថា អ្វីដែលធ្វើឱ្យកំពត មានសក្ដានុពលក្នុងការទាក់ទាញវិនិយោគិន ក៏ដូចជាទេសចរជាតិ និងអន្តរជាតិនោះ ដោយសារតែជាខេត្តជាប់មាត់សមុទ្រមួយ ដែលមានសក្កដានុពលធនធានធម្មជាតិ​សម្បូរ​បែប មានសម្បត្តិបិតិកភណ្ឌប្រវត្តិសាស្រ្ត និងមានឆ្នេរសមុទ្រជាង៦០គីឡូម៉ែត្រជាទីទាក់ទាញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា បន្ថែមពីនេះ ខេត្តក៏មានវិស័យកសិកម្ម ទេសចរណ៍និងឧស្សាហកម្ម ដែលធ្វើឱ្យខេត្តនេះ ស្រូបយក​វិនិយោគិន និងទេសចរណ៍បានយ៉ាងច្រើនសន្ធឹកសន្ឋាប់ក្នុង១ឆ្នាំៗ និងមានផលិតផលនាំចេញទៅកាន់ទីផ្សារ​ក្នុងតំបន់និងអឺរ៉ុប ដែលបានទាញចំណូលរាប់សិបលានដុល្លារចូលក្នុងសេដ្ឋកិច្ចរបស់ជាតិ។

លោកអភិបាលរងខេត្តបានបន្តថា ក្រៅពីនេះកំពតក៏មានការអភិវឌ្ឍយ៉ាងខ្លាំងលើ  វិស័យសំណង់ លំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ព្រមទាំងទទួលបានការគាំទ្រ និងទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ អ្នកទេសចរជាតិ និងអន្តរជាតិ ជាពិសេសអ្នកវិនិយោគិន លើការរក្សាបានយ៉ាងល្អ នូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ធានាដល់​ការស្នាក់នៅនិងប្រតិបត្តិការអាជីវកម្មរបស់ពួកគេ បានយ៉ាងសុខស្រួល និងមានសុវត្ថិភាព។

ជាមួយគ្នានេះ លោក ញ៉ូវ សាឯម សមាជិកក្រុមប្រឹក្សាខេត្តកំពត ក៏បានមានប្រសា​សន៍ឲ្យដឹងផងដែរថា ផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្តកំពត បានគ្របដណ្តប់លើវិស័យ​សេដ្ឋកិច្ច សង្គមកិច្ច គ្រប់គ្រងដីធី្លធនធានធម្មជាតិបរិស្ថានការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ​រដ្ឋបាលសនិ្តសុខ សណ្តាប់ធ្នាប់សាធារណៈ សម្រាប់គម្រោងអភិវឌ្ឍន៍របស់  ខេត្តរហូតដល់ទៅ២៨៩គម្រោង ក្នុងនោះមានថវិកាគាំទ្រ២១៣គម្រោង អនុវត្តចប់សព្វគ្រប់ចំនួន៩៧គម្រោង កំពុងអនុវត្ត៧៩ គម្រោង និងមិនទាន់អនុវត្តន៍៣៧ គម្រោង។

លោកកែវ សុជាតិ ប្រធានក្រុមហ៊ុន KW Cambodia  ប្រចាំខេត្តកំពត បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍មួយ​ចំនួន នៅក្នុងខេត្តកំពត បានក្លាយជាទីទាក់ទាញវិនិយោគិនដទៃទៀត ចូលមកបណ្ដាក់ទុនវិនិយោគនៅក្នុង​ខេត្តមួយនេះ បើទោះបីជាកម្ពុជា និងពិភពលោកជួបប្រទះនឹងបញ្ហាកូវីដ១៩ ។

លោកបន្តថា នៅក្នុងរយៈពេលចុងក្រោយនេះ គេឃើញមានគម្រោងអភិវឌ្ឍន៍មួយចំនួនបានចូលទៅកាន់​ទឹកដី​ខេត្តកំពត និងបានចាប់ផ្ដើមអភិវឌ្ឍន៍បណ្ដើរៗហើយ ដូចជាគម្រោងកំពតឋានសួគ៌ គម្រោងអគារខ្ពស់ គម្រោង​សណ្ឋាគារ បុរីមួយចំនួនទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here