ធនាគារ អេស៊ីលីដា ត្រៀមបញ្ចេញកញ្ចប់ទុន៦០០លានដុល្លារសម្រាប់ជួយវិស័យSME ក្នុងឆ្នាំ២០២១

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ដោយមើលឃើញថាវិស័យសហគ្រាសខ្នាតតូច និងមធ្យម (SME) នៅកម្ពុជានៅតែដើរតួនាទី​សំខាន់​ក្នុង​សេដ្ឋកិច្ចជាតិ ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា បានត្រៀមមូលនិធិ​ប្រមាណ៦០០លានដុល្លារអាមេរិក ដើម្បីផ្ដល់ជូនសហគ្រាសខ្នាតតូចនិងមធ្យម ក្នុងឆ្នាំ២០២១។

លោកបណ្ឌិតអ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីភីអិលស៊ី មានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៩ ខែមករា ២០២១នេះថា ក្នុងឆ្នាំ២០២១ ធនាគារអេស៊ីលីដា បានត្រៀម​មូលនិធិប្រមាណ៦០០លានដុល្លារអាមេរិក សម្រាប់គាំទ្រដល់វិស័យ SME។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា រៀងលរាល់ឆ្នាំ ធនាគារអេស៊ីលីដា បានបញ្ចេញកញ្ចប់ថវិកាឥណទានរាប់រយលាន ដើម្បីជួយដល់​វិស័យសហគ្រាសខ្នាតតូច និងធម្យមសម្រាប់យកទៅប្រើប្រាស់ ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត។ ឆ្នាំនេះ ធនាគារបញ្ចេញជិត៦០០លានដុល្លារអាមេរិក សម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម ហើយឆ្នាំក្រោយក៏នឹង​បញ្ចេញមូលនិធិប្រហាក់ប្រហែលនេះដែរដើម្បីគាំទ្រវិស័យនេះ។

 

លោកបន្តថា តាមពិតទៅធនាគារអេស៊ីលីដា ក៏ផ្ដើមចេញពី SME នេះដែរ តែដោយសារតែការគ្រប់គ្រង និងមាន​ផែនការច្បាស់លាស់ ធ្វើឱ្យធនាគារអេស៊ីលីដា បានក្លាយជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា រហូត​ឈានដល់ជាធនាគារ ដែលបានបោះផ្សាយភាគហ៊ុននៅក្នុងផ្សារមូលបត្រមុនគេ ក្នុងចំណោមធនាគារ​ពាណិជ្ជ​ក្នុងប្រទេសទាំងអស់។

លោកបន្ថែមថា ការលូតលាស់របស់វិស័យធនាគារនៅកម្ពុជា ក្នុងឆ្នាំ២០២០កន្លងទៅក៏ទទួលបានដោយសារតែ វិស័យSME នេះដែរ ក្នុងនោះធនាគារសហគ្រាសខ្នាតតូចនិងមធ្យម បានបញ្ចេញកញ្ចប់១០០លានដុល្លារ​ដើម្បី​ចាក់បញ្ចូលក្នុងវិស័យSME។ ក្នុងចំណោម១០០លានដុល្លារអាមេរិកនេះ គឺ៥០ភាគរយជាថវិការាជរដ្ឋាភិបាល​ និង៥០ភាគរយទៀត គឺជាថវិការបស់ដៃគូធនាគារ SME។

លោកបានថ្លែងថា “ក្នុងចំណោមថវិការបស់ដៃគូធនាគារSME អេស៊ីលីដាក៏បានដាក់ចូលក្នុងនោះ២៣លានដុល្លារ ឬជិតពាក់កណ្ដាលនៃថវិកាដៃគូសរុប ដូច្នេះបានបញ្ជាក់ថា ធនាគារអេស៊ីលីដា នៅតែយកចិត្តទុកដាក់លើវិស័យ​SME ជាវិស័យស្នូលសម្រាប់សេដ្ឋកិច្ចកម្ពុជា”។

លោកជិម តេងម្ចាស់រោងម៉ាស៊ីនកិនស្រូវមួយកន្លែងក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប បានឱ្យដឹងថា អាជីវកម្មរបស់លោកបានរីកលូតលាស់មកដល់ពេលនេះ ក៏មានចំណែកពីការជួយជ្រោមជ្រែងរបស់ធនាគារ​អេស៊ីលីដា ដែលអនុញ្ញាតឱ្យលោកខ្ចី សម្រាប់ពង្រីកអាជីវកម្ម។

លោកបានថ្លែងបន្តថា មុននឹងលោកប្រើឥណទានរបស់ធនាគារអេស៊ីលីដា លោកក៏បានទៅសាកសួរធនាគារ​ផ្សេងដែរ ហើយបុគ្គលិកធនាគារនោះ ក៏បានមកមើលអាជីវកម្មរបស់លោក រួចក៏ស្ងាត់ទៅវិញ។ សម្រាប់ធនាគារ​អេស៊ីលីដា បានមកសិក្សារួចហើយក៏បានសម្រេចឱ្យលោក យកទុនមកពង្រីកអាជីវកម្មបន្ថែមទៀត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here