អា​រ៉ា​ប៊ី​សា​អូឌីត​កំពុង​គ្រោង​កសាង​ទីក្រុង​ថ្ងៃ​អនាគត​តម្លៃ ៥០០ពាន់​លាន​ដុល្លារ​ជាទី​ក្រុង​ធំ​បំផុត​ក្នុង​ពិភពលោក

ដោយៈ​សុខុម

ក្រុង​រី​យ៉ា​ដ:  គម្រោង​ទីក្រុង​ថ្ងៃ​អនាគត​ធំ​បំផុត​ក្នុង​លោក NEOM របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត កំពុងស្ថិត​ក្នុងដំណាក់កាល​ចរចា​ជាមួយ​ក្រុមហ៊ុន​នានា ដើម្បី​ជ្រើសរើស​ដៃគូ​ដឹកនាំ​សម្រាប់​កិច្ចព្រមព្រៀង Cloud Computing ដំបូងបង្អស់​របស់ខ្លួន ដែល​នឹង​ជួយ​សាង​មូលដ្ឋានគ្រឹះ សម្រាប់​សេវាកម្ម​បច្ចេកវិទ្យា​ជាន់ខ្ពស់ (high-tech) ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីក្រុង​នេះ រួម​ប​ញ្ចួ​ល​នូវ​តំបន់​ពាណិជ្ជកម្ម​ខ្នាត​យក្ស​របស់ខ្លួន ដែលមាន​តម្លៃ​មហាសាល​រហូតដល់​ទៅ ៥០០ ពាន់​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោងតាម​សារព័ត៌មាន CNA ចុះផ្សាយ ដោយ​ដកស្រង់​ប្រភព​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters កាលពី​ថ្ងៃ២៨ មករា។

ការចរចា​ជាមួយ​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ក្នុងស្រុក និង​ក្រៅ​ស្រុក​នេះ​ធ្វើឡើង ក្រោយពី​បុត្រ​សម្ព័ន្ធ​មួយ នៃ​ក្រុមហ៊ុន​ប្រេង​ខ្នាត​យក្ស Saudi Aramco បាន​សហការ​ជាមួយ​ក្រុមហ៊ុន Google កាលពីពេលថ្មីៗនេះ ដើម្បី​នាំយក​សេវាកម្ម Cloud Computing មកកាន់​ព្រះរាជាណាចក្រ​មួយ​នេះ និង​ក្រុមហ៊ុន​ទូរគមនាគមន៍ Saudi Telecom Company (STC) បាន​ចុះ​កិច្ចព្រមព្រៀង​ស្រដៀង​គ្នា​មួយ​ជាមួយ Alibaba Cloud ដែលជា​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន Alibaba Group។

លោក Joseph Bradley ប្រធាន​ផ្នែក​បច្ចេកវិទ្យា និង​ឌីជីថល​នៅ​គម្រោង NEOM ដែល​នឹងមាន​ព្រំប្រទល់​ជាប់​ប្រទេស​ចំនួន៣ គឺ​អា​រ៉ា​ប៊ី​សា​អូឌីត អេ​ហ្ស៊ី​ប និង​ហ្ស៊​កដា​នី នៅលើ​ផ្ទៃដី​ទំហំ២៦.៥០០គីឡូម៉ែត្រ​ការ៉េ​នេះ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា “យើង​មើលឃើញ​ឱកាស​ជាច្រើន សម្រាប់​ការចាប់​ដៃគូ​សហការ ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់ធំ។ យើង​កំពុង​ចរចា​ដំណាក់កាល​ចុងក្រោយ​ជាមួយ​ក្រុមហ៊ុន​មួយចំនួន” ។

កាលពី​ឆ្នាំមុន គម្រោង NEOM ដែល​ទទួលបាន​ជំនួយ​គាំទ្រ៤០០ ពាន់​លាន​ដុល្លារ​អាមេរិក ពី​មូលនិធិ PIF របស់​អា​រ៉ា​ប៊ី​សា​អូឌីត បានប្រកាស​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុម STC ដើម្បី​បង្កើត​បណ្ដាញ 5G សម្រាប់​គម្រោង​ទីក្រុង​របស់ខ្លួន។ គម្រោង NEOM គឺជា​ទីក្រុង​គ្មាន​ឧស្ម័ន​កាបូន​ឱ្យ​ឈ្មោះថា The Line ។

លោក Joseph Bradley អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក CISCO Systems បាន​លើកឡើងថា គម្រោង​កសាង​ទីក្រុង​ដ៏​មហិមា​នេះ នឹង​ចាប់ផ្ដើម​ដំណើរការ​សាងសង់​នៅ​ឆ្នាំ២០២១នេះ ហើយ​ដំណាក់កាល​ទី១ នឹងត្រូវ​បញ្ចប់​ជា​ស្ថាពរ​ត្រឹម​ឆ្នាំ២០២៥ ។

គម្រោង​ដែល​ត្រូវបាន​បញ្ចេញ ដោយ​ព្រះអង្គម្ចាស់​រាជទាយាទ Mohammed bin Salman នេះ​គឺជា​គម្រោង​សាងសង់​ដ៏​ធំ​ដំបូងបង្អស់ ដើម្បី​ធ្វើ​ពិពិធ​កម្ម(ធ្វើឱ្យ​សម្បូរបែប) សេដ្ឋកិច្ច​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ដែលជា​ប្រទេស​នាំចេញ​ប្រេង​ធំ​បំផុត​របស់​ពិភពលោក។

គម្រោង NEOM ក៏មាន​គម្រោង​សាងសង់​ប្រព័ន្ធ​ដំណើរការ​ទូទាំង​ក្រុង ដែល​ផ្អែកលើ​បញ្ញា​សិប្ប​និមិត្ត AI នៅក្នុង​តំបន់​ពាណិជ្ជកម្ម​របស់ខ្លួន​ផងដែរ ដើម្បី​ធ្វើឱ្យ​ការប្រើប្រាស់​ទិន្នន័យ​កាន់តែ​ល្អប្រសើរ​ឡើង​សម្រាប់​អ្នករស់នៅ​ទីនោះ។

តើ Cloud Computing ជា​អ្វី?

ពាក្យ​ថា Cloud Computing គឺ​ដំ​ដៅ​ទៅលើ​ការរក្សា​ទុក និង​ការទាញយក​ទិន្នន័យ (ផ្ទាល់ខ្លួន ឬ​អាជីវកម្ម) របស់​អ្នក​នៅក្នុង​ឧបករណ៍​អេឡិចត្រូនិក​ទាំងឡាយ​របស់​អ្នក។ អ្នក​អាច​ចូលទៅ​ប្រើប្រាស់​វា​បាន​គ្រប់​ទីកន្លែង ជាមួយ​ការតភ្ជាប់​ទិន្នន័យ ឬ​អ៊ីនធឺណិត​ដូច​វេ​ប​សាយ​មួយ​អញ្ចឹង​ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here