តើ​អត្រា​ការប្រាក់​នៃ​ឥណទាន​ក្រោម​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​របស់​រដ្ឋាភិបាល មាន​ប៉ុន្មាន​ភាគរយ​ក្នុង​មួយឆ្នាំ?

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ឥណទាន​ក្រោម​កម្មវិធី​ហិរញ្ញប្បទាន ពិសេស​របស់​រាជរដ្ឋាភិបាល​ចំនួន៥០លាន​ដុល្លារ​អាមេរិក ត្រូវបាន​បង្កើត​ដើម្បី​ផ្តល់​ឥណទាន ដែលមាន​អត្រា​ការប្រាក់​ទាប ជូន​ដល់​ប្រជាកសិករ របរ​ច​ញ្ចឹ​ម​ត្រី មាន់ ទារ ដាំ​បន្លែ និង​សិប្បកម្ម សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​វិស័យ​កែច្នៃ​ផលិតផល​កសិកម្ម វិស័យ​ក​សិ-ឧស្សាហកម្ម និង​វិស័យ​កសិកម្ម។

ឥណទាន​នេះ​ក៏​បង្កើតឡើង ដើម្បីឱ្យ​បងប្អូន​មានលទ្ធភាព​ពង្រីក​អាជីវកម្ម និង​ធ្វើ  ឱ្យ​ប្រសើរឡើង នូវ​ខ្សែ​ច្រវាក់​ផលិតកម្ម​របស់ខ្លួន ក្នុង​គោលដៅ​បង្កើត​ការងារ​បន្ថែម ពង្រឹង​ភាព​ប្រកួតប្រជែង និង​ពង្រីក​មូលដ្ឋាន​ផលិត​ក្នុងស្រុក សម្រាប់​ជំរុញ​ទាំង​ការនាំចេញ និង​កាត់បន្ថយ​ការនាំ​ចូល​នៅក្នុង​ដំណាក់កាល ដែល​សេដ្ឋកិច្ចកម្ពុជា​ជួបប្រទះ បញ្ហា​ប្រឈម​មួយចំនួន កើតចេញពី​ជំងឺឆ្លង COVID-19 និង​បញ្ហា EBA ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក កៅ ថាច អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ជាគោលការណ៍​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​នេះ នឹង​ផ្តល់​ឥណទាន​ចាប់ពី​ចំនួន៥០០០ដុល្លារ​អាមេរិក រហូតដល់៣០០,០០០ដុល្លារ​អាមេរិក ដែលមាន​អត្រា​ការប្រាក់​ទាប​ចំនួន៥ភាគរយ​ប្រចាំឆ្នាំ សម្រាប់​ជា​ទុន​បង្វិល(រយៈពេល​ខ្លី​ចំនួន២ឆ្នាំ) និង​សម្រាប់​ទុនវិនិយោគ (រយៈពេល​វែង​ចំនួន៧ឆ្នាំ) ក្នុង​អត្រា​ការប្រាក់​ចំនួន៥.៥ភាគរយ​ក្នុង​មួយឆ្នាំ។

ជាមួយគ្នានេះ ពាក់ព័ន្ធ​នឹង​ទ្រព្យ​ធានា​ឥណទាន ក្រោម​កម្មវិធី​ពិសេស​នេះ លោក កៅ ថាច បាន​បញ្ជាក់ថា ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម អាច​ផ្តល់ជូន​រហូតដល់៨០ភាគរយ នៃ​តម្លៃ​ទ្រព្យ​ធានា​បំណុល ដែលជា​អចល​ទ្រព្យ ហើយ​ការទទួលយក​ទ្រព្យ​ធានា​បំណុល ក៏មាន​ភាពបត់បែន​ច្រើន ដោយ​ទទួលយក។

ឧបករណ៍-គ្រឿង​ម៉ាស៊ីន សន្និធិ លិខិតធានា​សងបំណុល​ពី​ភាគី​អ្នកទិញ ឬ​លិខិតធានា​ផ្សេង វិញ្ញាបនបត្រ​ប្រាក់​បញ្ញើ ក្រៅពី​អចលនទ្រព្យ​ជាដើម។

លោក​កៅ ថាច បាន​បន្ថែមទៀតថា លើ​ការអនុវត្ត​នូវ​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស របស់​រាជរដ្ឋាភិបាល ដែលមាន​ទឹកប្រាក់រ​ហូ​តដល់៥០លាន​ដុល្លារ​អាមេរិក​នេះ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ក៏មាន​ផលិតផល​ឥណទាន​ផ្សេងទៀត ដែលមាន​អត្រា​ការប្រាក់​អនុគ្រោះ ដល់​បងប្អូន​ប្រជាកសិករ​ផងដែរ។ លោក​ក៏បាន​លើកទឹកចិត្ត​ដល់​បងប្អូន​កសិករ ក្នុងករណី​ប្រសិនបើ​បងប្អូន មិនអាច​បំពេញបាន​តា​ម​លក្ខខណ្ឌ តម្រូវ​របស់​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស របស់​រាជរដ្ឋាភិបាល បងប្អូន​អាចធ្វើ​ការពិចារណា ធ្វើ​កម្ចី​ពី​កញ្ចប់​ឥណទាន​ផ្សេងទៀត​របស់ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បាន​ផងដែរ។

លោក កៅ ថាច បានធ្វើការ​ស្នើសុំ និង​សំណូមពរ​ដល់​បងប្អូន​កសិករ​ចិញ្ចឹម​ត្រី ចិញ្ចឹមសត្វ ដាំ​ដុះ​បន្លែ ឲ្យ​រៀបចំ​ផែន​ការដាំដុះ ផែនការ​ចិញ្ចឹម​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ធ្វើការ​ផ្គត់ផ្គង់ ក្នុង​ទីផ្សារ​ឲ្យ​បាន​តាម​តម្រូវការ និង​មាន​និរន្តរភាព ដើម្បី​ចូលរួម​កាត់បន្ថយ​ការនាំ​ចូល​ពី​ប្រទេសជិតខាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here