ខេត្តចំនួនពីរនឹងទទួលបានគម្រោងវិនិយោគជាច្រើនបន្ទាប់ពីរដ្ឋាភិបាលបោះទុនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ

ដោយ៖ លក្ខិណា

ភ្នំពេញ៖ អ្នកជំនាញបានលើកឡើងថា ខេត្តចំនួនពីរ រួមមានខេត្តព្រះសីហនុ និងខេត្​តសៀមរាប កំពុងត្រូវបានយកចិត្តទុកដាក់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងអាចធ្វើ​ឱ្យ​ទាំងខេត្តពីរនេះ ទទួលបានគម្រោងវិនិយោគថ្មីៗបន្តបន្ទាប់ នៅពេលអនាគត។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បាន​មាន​ប្រសាសន៍នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ថា ការអភិវឌ្ឍអចលនទ្រព្យត្រូវមើលទៅលើ​ទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលផងដែរ។ បច្ចុប្បន្ន ក្រៅពីរាជធានីភ្នំពេញ មានខេត្តពីរ​ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះមានខេត្ត​ព្រះសីហនុ និងខេត្តសៀមរាប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា ខេត្តទាំងពីរ ត្រូវបានមើលឃើញថារាជរដ្ឋាភិបាលបោះទុនរាប់រយលាន​ដុល្លារអាមេរិក ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តទាំងនោះ។

លោកបន្តថា រាជរដ្ឋាភិបាលបានចាប់យកខេត្តព្រះសីហនុជាខេត្តគោលក្នុងការអភិវឌ្ឍ បន្ទាប់ខេត្តសៀមរាប ដោយសារតែខេត្តទាំងពីរនេះ គឺជាខេត្តដែលមានសក្ដានុពលលើ​វិស័យទេសចរណ៍ និងបានចាប់ផ្ដើមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងពេលមានវិបត្តិកូវីដ១៩ ហើយ​នៅពេលចប់កូវីដ១៩ ភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជា ងាយស្រួលធ្វើដំណើរ។

លោកបន្ថែមថា បន្ទាប់ខេត្តសំខាន់ៗទាំងពីរនេះ ខេត្តផ្សេងទៀត ដូចជាមណ្ឌលគីរី ក៏ជា​ប៉ូល​សំខាន់ក្នុងការអភិវឌ្ឍផងដែរ ដោយសារតែជាតំបន់ទេសចរណ៍ ហើយភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏បានចាប់ផ្ដើមបុកទៅលើខេត្តមួយនេះ។ កំពតនិងកែប ក៏ទទួលបានការ​អភិវឌ្ឍគួរឱ្យកត់សម្គាល់ដែរ ក្នុងរយៈពេលចុងក្រោយនេះ ដោយមានផ្លូវធ្វើដំណើរស្រួលពី​ភ្នំពេញ ទៅកាន់តំបន់ទាំងនោះ។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល ក៏បានលើកឡើងផងដែរថា ដោយសារ​តែឆ្នាំ ២០២០ជាឆ្នាំ ដែលជួបវិបត្តិ ហើយវិស័យអចលនទ្រព្យក៏មានបញ្ហា​ប្រឈម​ជា​ច្រើនដែរ ដូច្នេះឆ្នាំ២០២១ យើងរំពឹងថាវិស័យអចលនទ្រព្យ ជាពិសេសការវិនិយោគ ពី​ខាង​ក្រៅប្រទេសនឹងចាប់ផ្ដើមកម្រើកឡើងវិញ ហើយបើសិនជាយើងដើរត្រូវ នោះនឹងធ្វើឱ្យ​វិស័យ​នេះអាចនឹងប្រសើរជាងឆ្នាំ២០១៩គ្រាដែលមុនផ្ទុះជំងឺកូវីដ១៩ទៅទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here