រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថ្មីអាមេរិកអះអាងបន្តជំហររឹងមាំលើក្រុមហ៊ុនបច្ចេកវិទ្យាចិន

ដោយៈលក្ខិណា

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដែលទើបតែងតាំងថ្មី នៃរដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិកលោកJoe Biden បានបង្ហាញពីគោលបំណងរបស់ខ្លួន ក្នុងជំហររឹងមាំលើក្រុមហ៊ុនបច្ចេកវិទ្យាចិន ដូចកាលអតីតរដ្ឋបាល​មុនបានធ្វើ។

លោកស្រី Gina Raimondo បានថ្លែងនៅចំពោះមុខក្រុមសមាជិកព្រឹទ្ធសភាកាលពីថ្ងៃអង្គារនៅក្នុងសវនាការ ដោយ​បានចាត់ទុកការអនុវត្តពាណិជ្ជកម្ម របស់ប្រទេសចិន ជាការប្រឆាំងទៅនឹងការប្រកួតប្រជែង និងធ្វើ​ទុក្ខ​បុកម្នេញដល់បុគ្គលិក និងពាណិជ្ជកម្មរបស់ជនជាតិអាមេរិក។ លោកស្រីក៏បានចាត់ទុកសកម្មភាពរបស់​ប្រទេសចិន ជាការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ។

លោកស្រី Raimondo បានលើកឡើងថា លោកស្រីមានបំណងប្រើគ្រប់មធ្យោ​បាយ ប្រឆាំងនឹងពាណិជ្ជកម្មរបស់​ប្រទេសចិន ដូចជាការចុះបញ្ជីអង្គភាពពន្ធគយ តាមដែលអាចធ្វើទៅបាន។ ជំហររបស់លោកស្រី ហាក់ដូចជាការ​បន្តនូវជំហររបស់ក្រសួងពា​ណិជ្ជកម្ម ក្រោមអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូ ណាល់ត្រាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អតីតក្រសួងពាណិជ្ជកម្ម របស់រដ្ឋបាលលោក ដូ ណាល់ត្រាំ បានហាមឃាត់ក្រុមហ៊ុនសហរដ្ឋអាមេរិក យ៉ាងមាន​ប្រសិទ្ធភាព ក្នុងការធ្វើជំនួញជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចិន ដូចជាក្រុមហ៊ុន Huawei ជាដើម ដោយលើកឡើង​ពីការព្រួយបារម្ភផ្នែកសន្តិសុខ ។

លោកស្រីRaimondo បាននិយាយថា លោកស្រីនឹងពិនិត្យឡើងវិញ នូវគោលនយោបាយ ពិគ្រោះយោបល់ជាមួយ​សមាជិកសភា ផ្នែកឧស្សាហកម្ម និងសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ហើយធ្វើការវាយតម្លៃទៅលើអ្វីដែលល្អបំផុត សម្រាប់សន្តិសុខជាតិនិងសេដ្ឋកិច្ចសហរដ្ឋអាមេរិក។ សមាជិកគណៈរដ្ឋមន្រ្តីរបស់លោក ចូ បៃដិន ទទួលបន្ទុក​ផ្នែក​ការទូតនិងសន្តិសុខ បានសម្តែងនូវភាពចាំបាច់នៃជំហររឹងប៉ឹងប្រឆាំងនឹងប្រទេសចិន។

ទីក្រុងប៉េកាំង បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន ធ្វើវិសោធនកម្មគោលយោបាយដែលមានគោលជំហរខ្ពស់​របស់​រដ្ឋបាលលោក Trump លើប្រទេសចិន ។

ជំលោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន បានកើតឡើងជាយូរមកហើយ ហើយបណ្ដាក្រុមហ៊ុនធំៗ​ជាច្រើន ដែលមានមូលដ្ឋាននៅប្រទេសចិន ក៏បានរើចេញទៅរកប្រទេស ដែលរួចផុតពីទណ្ឌកម្មរបស់​សហរដ្ឋអាមេរិក ជាពិសេសទៅរកប្រទេសដែលទទួលបានការអនុគ្រោះពីសហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here