ដោយ៖ សុខុម
សេអ៊ូល: ធនាគារកណ្ដាលរបស់កូរ៉េខាងត្បូង Bank of Korea បានឱ្យនៅថ្ងៃទី២៦ ខែមករានេះ ថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង ក្នុងឆ្នាំ២០២០ ធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង២ទសវត្សរ៍មកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ដែលបានដកស្រង់ប្រភពពីទីភ្នាក់ងារព័ត៌មាន Reuters។
ទោះជាយ៉ាងនេះក្តី ធនាគារកណ្ដាលនេះ បានលើកឡើងថា តាមការរំពឹងទុកថា ប្រទេសនេះនឹងស្ថិតក្នុងចំណោមសេដ្ឋកិច្ច OECD ដែលទទួលបានទិន្នផលល្អបំផុត ក្រោយវិបត្តិឆ្លងរាត្បាតវីរុសកូវីដ-១៩ បញ្ចប់។
ធនាគារនេះបានគូសបញ្ជាក់ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះបានធ្លាក់ចុះ ១% ក្នុងឆ្នាំ២០២០ បើធៀបនឹងឆ្នាំ២០១៩ ដោយសារការធ្លាក់ចុះនូវការចំណាយរបស់ប្រជាជន និងការនាំចេញ។ នេះជាកំណើនប្រចាំឆ្នាំដ៏អន់បំផុតរបស់កូរ៉េខាងត្បូង ចាប់តាំងពីឆ្នាំ១៩៩៨ ដែលនៅពេលនោះសេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចុះ ៥,១% ក្រោយវិបត្តិហិរញ្ញវត្ថុនៅអាស៊ី។
ទោះជាយ៉ាងណា ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថានឹងស្ថិតក្នុងក្រុមសេដ្ឋកិច្ចអភិវឌ្ឍន៍ OECD ដែលរងផលផលពាល់ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ស្រាលជាងគេក្នុងឆ្នាំ២០២០។
យោងតាមទិន្នន័យបង្ហាញថា ក្នុងត្រីមាសទី៤ នៃឆ្នាំ២០២០ សេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង ដែលជាសេដ្ឋកិច្ចធំបំផុតទី១២ របស់ពិភពលោកទទួលបានកំណើន ១,១% ពីត្រីមាសទី៣ ហើយវាជាកំណើនពីរត្រីមាសជាប់គ្នាអំឡុងពេលកូវីដ។
ធនាគារកណ្ដាលនិយាយថា ការនាំចេញបានកើនឡើង ៥,២% ក្នុងត្រីមាសទី៤ ពីត្រីមាសទី៣។ ប្រទេសកូរ៉េខាងត្បូង បានបង្ហាញសញ្ញាងើបឡើងពីវិបត្តិកូវីដ-១៩ ហើយធនាគារកណ្ដាលកាលពីខែវិច្ឆិកា ចុងឆ្នាំ២០២០ បានព្យាករថា សេដ្ឋកិច្ចនេះនឹងទទួលបានកំណើន ៣% ក្នុងឆ្នាំ២០២១។
ប្រទេសកូរ៉េខាត្បូង អាចទប់ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានភាគច្រើនដោយសារការធ្វើតេស្ត និងការតាមដានការប្រាស្រ័យទំនាក់ទំនងគ្នាជាលក្ខណៈទ្រង់ទ្រាយធំ ខណៈវីរុសដ៏កាចសាហាវនេះបានផ្ដាច់ជីវិតមនុស្សរហូតដល់ទៅជាង ២ លានាក់ទូទាំងពិភពលោក។ ទោះជាយ៉ាងណា អាជ្ញាធរបានរឹតបន្តឹងវិធានការរក្សាគម្លាតសង្គម (social distancing) កាលពីចុងឆ្នាំកន្លងទៅ បន្ទាប់ពីចំនួនករណីឆ្លងវីរុសកូវីដ-១៩ ចាប់ផ្ដើមកើនឡើង។
តើ OECD ជាអ្វី?
OECD មកពីពាក្យពេញថា Organisation for Economic Co-operation and Development ដែលមានន័យថា អង្គការសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការសេដ្ឋកិច្ច។ ស្ថាប័នសេដ្ឋកិច្ចអន្តររដ្ឋាភិបាលដែលមាន ៣៧ ប្រទេសចូលរួមជាសមាជិក និងដឹកនាំដោយបារាំង មួយនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ ដើម្បីជំរុញវឌ្ឍនភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក៕