ប៉ែកខាងលិចភ្នំពេញនឹងក្លាយជាតំបន់ឧស្សាហកម្មដ៏មានសក្ដានុពលនៅពេលអនាគត

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ការអភិវឌ្ឍនៅជុំវិញរាជធានីភ្នំពេញត្រូវបានមើលឃើញថា មានការរីកចម្រើនជាបន្តបន្ទាប់ ហើយសក្ដានុពលនៃការអភិវឌ្ឍក៏មានការខុសគ្នាបន្តិចបន្តួច ខណៈតំបន់ប៉ែកខាងលិច ត្រូវបានជំនាញអចលនវត្ថុព្យាករណ៍ថានឹងក្លាយជាតំបន់ ឧស្សាហកម្មដ៏មានសក្ដានុពលនៅពេលអនាគត។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍កាលពីថ្មីៗនេះថា តំបន់ឧស្សាហកម្មគេមើលទៅលើទិសដៅ និងទិសខ្យល់ ហើយបច្ចុប្បន្ននេះ តំបន់ឧស្សាហកម្ម ត្រូវបានគេកំពុងអភិវឌ្ឍន៍ទៅទិសខាងលិច ជាពិសេសនៅខេត្តកំពង់ស្ពឺ នៅពេលអនាគតនឹងក្លាយជាតំបន់រោងចក្រ តំបន់ឧស្សាហកម្មធំៗ ដោយសារតែទីតាំងមានលក្ខណៈជិតល្អ។

លោកបានថ្លែងថា “តំបន់នេះ បើធៀបនឹងមកភ្នំពេញ កំពង់សោម គឺជាចំណុចកណ្ដាល ងាយស្រួលក្នុងការដឹកជញ្ជូន និងមានតម្លៃទាបផងដែរ ដែលជាការប្រកួតប្រជែងមួយ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញនេះ នៅតែបន្តមានចរន្តក្នុងការទិញលក់ជាធម្មតា បើទោះបីជាបាត់ដៃគូវិនិយោគបរទេសក្ដី។ ចរន្តនៃការធ្វើប្រតិបត្តិ ពិតជាធ្លាក់ចុះមែន ក៏ប៉ុន្តែចរន្តសេដ្ឋកិច្ចផ្ទៃក្នុងក៏ជាឱកាសធ្វើការវិនិយោគដែរដែលអាចគាំទ្រដល់សេដ្ឋកិច្ចរបស់កម្ពុជាយើង។

លោកបានថ្លែងថា “វិស័យអចលនទ្រព្យនឹងចាប់ផ្ដើមបន្តសន្ទុះសកម្មភាព ក្នុងឆ្នាំ២០២១នេះ ជាមួយនឹងដំណោះស្រាយបញ្ហាដែលកើតមានឡើងក្នុងឆ្នាំ២០២០”។

លោកបន្ថែមថា វ៉ាក់សាំងកូវីដ១៩ នឹងជួយឱ្យមនុស្សបំបាត់នូវភាពភ័យខ្លាច ហើយមនុស្សនឹងហ៊ានចេញដើរក្រៅប្រទេសនឹងមានសកម្មភាពឡើងវិញ ហើយបើសិនជាកម្ពុជា បានចាក់វ៉ា់ក់សាំងជូនពលរដ្ឋរួចហើយនោះ ភ្ញៀវបរទេសទាំងទេសចរ និងវិនិយោគិននឹងចូលមកកម្ពុជា ដើម្បីទស្សនា និងវិនិយោគទៅតាមវិស័យផ្សេងជាជំនាញរបស់ពួកគេ ។

បើតាមការប្រកាសរបស់រាជរដ្ឋាភិបាល កម្ពុជានឹងទទួលបានវ៉ាក់សាំងនៅអំឡុងខែក្រោយនេះ ហើយរដ្ឋាភិបាលក៏បានប្រកាសចាក់ជូនប្រជាពលរដ្ឋកម្ពុជា នៅពេលវ៉ាក់សាំងមកដល់កម្ពុជា។ យ៉ាងណាក៏ដោយកម្ពុជាក៏ត្រូវបានទទួលស្គាល់ពីស្ថាប័នអន្តរជាតិថា ជាប្រទេសដែលគ្រប់គ្រងស្ថានភាពកូវីដ១៩បានល្អជាងគេក្នុងពិភពលោកផងដែរ។ ទាំងនេះ គឺជាផលវិជ្ជមាននិងអាចទាក់ទាញវិនិយោគិនបរទេសចូលមកកម្ពុជាបន្តទៀតនៅពេលវិបត្តិត្រូវបានកាត់បន្ថយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here