សហគ្រិនស្ត្រីវ័យក្មេងមួយរូបផ្លាស់ប្តូរពីអាជីវកម្មបម្រើវិស័យទេសចរណ៍មកបើកក្រុមហ៊ុនអចលនទ្រព្យ

ដោយ ៖ លក្ខិណា

ភ្នំពេញៈ សហគ្រិនស្ត្រីមួយរូប អ្នកស្រីប៊ី ឧដ្ឋានវតី អគ្គនាយិកាក្រុមហ៊ុនភ្នាក់ងារទេសចរណ៍មួយនៅកម្ពុជា បានផ្លាស់់ប្តូរអាជីពដោយសារវិបត្តិកូវីដ១៩ ហើយបានងាកមកវិនិយោគលើវិស័យអចលនទ្រព្យវិញ និងទទួលបានជោគជ័យយ៉ាងលឿន។

អ្នកស្រីប៊ី ឧដ្ឋានវតី អគ្គនាយិកាក្រុមហ៊ុន MT Property បានឱ្យដឹងថា នៅអំឡុងពេលដែលកម្ពុជា និងពិភពលោកជួបប្រទះនឹងវិបត្តិកូវីដ១៩ ឃើញថាអាជីវកម្មជាច្រើនបានបទទ្វារ និងធ្វើឱ្យសេដ្ឋកិច្ចមានភាពរង្គោះរង្គើ។ តែអ្នកស្រីមើលឃើញថា វិស័យអច​លនទ្រព្យ នៅតែមានភាពទិញលក់ និងមិនបានធ្វើឱ្យតម្លៃធ្លាក់ចុះនោះទេ បើទោះបីជាក្នុងពេលដែលពិភពលោកជួបបញ្ហា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីថា “ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ក៏ប្រជាជននៅតែត្រូវការដី និងលំនៅឋានសមរម្យសម្រាប់ស្នាក់នៅ ហើយតម្លៃដីនិងផ្ទះទៀតសោតនៅរាជធានីភ្នំពេញ គឺមានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ”។អ្នកស្រីបន្ត ដោយមើលឃើញពីឱកាសទាំងនេះ អ្នកស្រីបានបង្កើតក្រុមហ៊ុនMT Property នេះឡើង និងអភិវឌ្ឍន៍គម្រោងដីឡូត៏ និងលំនៅឋាន នៅតំបន់ជាយរាជធានីភ្នំពេញ សម្រាប់ផ្គត់ផ្គង់ដល់អ្នកដែលមានតម្រូវការដីសម្រាប់សង់លំនៅឋាន។ អ្វីដែលជាការកត់សម្គាល់នោះ ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ហើយចំពេលកម្ពុជារងគ្រោះ ដោយសារទឹកជំនន់ទៀតនោះ គម្រោងអភិវឌ្ឍន៍ដីឡូត៏របស់អ្នកស្រី ត្រូវបានអតិថិជនទិញអស់ពាក់កណ្ដាលភ្លាមៗ និងជំរុញឱ្យក្រុមហ៊ុនត្រូវស្វែងរកដីដើម្បីអភិវឌ្ឍន៍បន្តទៀត។

អ្នកស្រីបន្ថែមថា កាលពីបើកលក់គម្រោងដំបូងៗ អ្នកស្រីសម្រេចលក់ក្នុងតម្លៃទាប ដើម្បីផ្ដល់លទ្ធភាពដល់អ្នកមានជីវភាពមធ្យមអាចទិញដី សម្រាប់សង់ផ្ទះនៅពេលអនាគត តែក្នុងរយៈពេលជាងបីខែក៏ឃើញថា មានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋជាច្រើន មកទិញដី ។

អ្នកស្រីនិយាយថា “នេះដោយសារតែក្រុមហ៊ុនធ្វើអ្វីច្បាស់លាស់ និងផ្ដល់ទំនុកចិត្តដល់ប្រជាពលរដ្ឋដែលទិញដី”។

អ្នកស្រីបញ្ជាក់ថា ការវិនិយោគលើវិស័យដីធ្លីរបស់អ្នកស្រី គឺមិនហួសពេលនោះទេ ឱ្យតែមានដីពិតប្រាកដ ដីស្របច្បាប់និងជាដីផ្ទាល់ខ្លួន តែវាអាចហួសពេលសម្រាប់អ្នកដែលមិនមានដី ហើយទិញដីគេដោយមិនបង់លុយគ្រប់ ឬអ្នកដែលធ្លាក់ដើរយកដីគេមកពុះលក់ដោយមិនមានឯកសារច្បាស់លាស់។

វិនិយោគិនជាច្រើនទៀតនៅកម្ពុជា បានរំពឺងទុកថា សម្រាប់ឆ្នាំ២០២១នេះ សកម្ម​ភាពវិនិយោគដីធ្លី និងអចលនទ្រព្យដទៃទៀត នឹងមានកំណើនសកម្មភាពឡើងវិញបន្ទាប់ពីឆ្នាំ២០២០កន្លងទៅ បានជួបវិបត្តិស្ទើរពេញមួយឆ្នាំ ជាពិសេសការវិនិយោគមកពីបរទេ​សផ្ទាល់តែម្ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here