រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង​តម្លៃ ១៩០លាន​ដុល្លារ នឹង​ចាប់ផ្តើមសាងសង់​នៅ​ចុងខែ​នេះ

ដោយៈ​សាវុធ

ភ្នំពេញៈ រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​នៅ​បាក់​ខែង នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ខណៈ​រោងចក្រ​នេះ​នឹងមាន​សមត្ថភាព​ផ្គត់ផ្គង់​ទឹកស្អាត​ចំនួន១៩៥,០០០ម៉ែត្រគូប​ក្នុង​មួយថ្ងៃ។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន​របស់​រដ្ឋ នៅ​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ។

រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​នេះ​ត្រូវបាន​រចនា និង​សាងសង់​ដោយ​ក្រុមហ៊ុន Vinci Construction Grands Projects.។ គម្រោង​នេះ នឹង​ចំណាយ​ថវិកា​ប្រមាណ១៩០លាន​ដុល្លារ ដែលមាន​ការ​សហ​ហិរញ្ញប្បទាន ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) ធនាគារ​វិនិយោគ​អឺរ៉ុប និង​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PPWSA)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងដំណាក់កាល​ទី១ ទុន​ចំនួន១៥៥លាន​ដុល្លារ នឹងត្រូវ​ប្រើប្រាស់ សម្រាប់​ការសាងសង់ និង​នៅ​ដំណាក់កាល​ទី២ ទុន​ចំនួន៤៥លាន​ដុល្លារ​ទៀត នឹងត្រូវ​វិនិយោគ ដើម្បី​បង្កើន​សមត្ថភាព​ផលិត​ទឹកស្អាត​បាក់​ខែង ឱ្យបាន​ទ្វេដង ស្មើនឹង ៣៩០.០០០ម៉ែត្រគូប​ក្នុង​មួយថ្ងៃ។

លោក​អ៊ុ សុថា អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​មានប្រសាសន៍ថា គម្រោង​នេះ​នឹងត្រូវ​សាងសង់​លើ​ផ្ទៃដី​ជាង១៥ហិកតា។

ដំណាក់កាល​ទី១ នៃ​គម្រោង​នេះ មាន​សមត្ថភាព​ផលិត​ទឹកស្អាត​ចំនួន ១៩៥.ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ ហើយនឹង​ត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ២០២២ រីឯ​ដំណាក់កាល​ទី២មាន​សមត្ថភាព​ផលិត​បាន ចំនួន ៣៩០.០០០ម៉ែត្រគូប ក្នុង​មួយថ្ងៃ ហើយនឹង​បញ្ចប់​នៅ​ឆ្នាំ២០២៣ ។

លោក​បន្តថា “រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​បាក់​ខែង គឺជា​រោងចក្រ​ធំជាងគេ​នៅ​ភ្នំពេញ ហើយ​នៅពេល​សាងសង់​ចប់ យើង​អាច​ផ្គត់ផ្គង់​ទឹកបាន​ប្រហែល១លាន​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​នៅក្នុង​ទីក្រុង” ។

បច្ចុប្បន្ននេះ មាន​រោងចក្រ​ផលិត​ទឹកស្អាត​ចំនួន៤ នៅ​ទីក្រុង​ភ្នំពេញ ដែលមាន​សមត្ថភាព​បា​ន៦៥០,០០០ ម៉ែត្រគូប​ក្នុង​មួយថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here