អ្នកជំនាញបញ្ជាក់ពីផលប្រយោជន៍ទទួលបានពីការដោះដូរក្រសួង

ដោយ៖ លក្ខិណា

ភ្នំពេញ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានក្រសួងស្ថាប័នមួយចំនួនបានផ្លាស់ប្តូរទីតាំងទៅរកកន្លែងថ្មី ដែលហាក់នៅឆ្ងាយពីកណ្ដាលក្រុងបន្តិច ដែលហៅផ្លាស់ពីកណ្ដាលក្រុងទៅរកទីតាំងជាយក្រុង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការផ្លាស់ប្តូរទីតាំងក្រសួងនេះ ត្រូវបានអ្នកខ្លះមានគំនិតអវិជ្ជមាន តែអ្នកខ្លះថា ការដូរទីតាំងនឹងជំរុញសក្ដានុពលទីតាំងថ្មីនោះកាន់តែមានភាពទាក់ទាញមួយកម្រិតទៀត។

លោកឃាង វុទ្ធីប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនវត្ថុកម្ពុជាបានលើកឡើងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះថា ការផ្លាស់ប្តូរទីតាំងក្រសួងនីមួយៗគឺមានមូលហេតុ ដោយសារតែទីតាំងក្រសួងចាស់តូចចង្អៀត ពិបាកបំពេញការងារបម្រើសេវាដល់ប្រជាពលរដ្ឋ។

លោកបានថ្លែងទៀតថា កត្តានេះគឺបង្ហាញពីការរីកចម្រើននៃក្រសួងទាំងនោះ តាមរយៈកំណើនប្រជាពលរដ្ឋមករកសេវា ទើបត្រូវរកទីតាំងថ្មី ដែលធំទូលាយ និងមានផាសុខភាព។

លោកបានថ្លែងថា “ការផ្លាស់ប្តូរទីតាំងនៃក្រសួងទាំងនេះ ក៏បានជំរុញឱ្យសក្ដានុពលនៃវិស័យអចលនទ្រព្យ ជាពិសេសដីធ្លី នៅតំបន់ជុំវិញទីតាំងក្រសួងថ្មីនោះ មានសកម្មភាពមួយកម្រិតទៀតផងដែរ ដោយសារតែពេលទីតាំងថ្មីត្រូវអភិវឌ្ឍន៍ គឺចាំបាច់ត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ ភ្លើង និងប្រព័ន្ធទឹកជាដើម ដើម្បីឱ្យពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរទៅរកសេវារបស់រដ្ឋ”។

លោកបន្ថែមថា នៅពេលហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ត្រូវអភិវឌ្ឍន៍ ក៏ធ្វើឱ្យអចលនទ្រព្យមានតម្លៃជាងមុនផងដែរ និងទទួលបានការវិនិយោគបន្ថែមពីវិនិយោគិន។ ទន្ទឹមនឹងផលវិជ្ជមានដ៏ច្រើននេះ ក៏មានក្រុមខ្លះបានគិតអាក្រក់គិតអវិជ្ជមានពីការផ្លាស់ប្តូរទីតាំងក្រសួង ប៉ុន្តែពួកគេមិនបានគិតពីផលចំណេញ ពីការផ្លាស់ប្តូរនោះឡើយ។

លោកច្រឹក សុខនីមបានលើកឡើងថា តំបន់ណាដែលមានការអភិវឌ្ឍហេដ្ឋារចនា តំបន់នោះនឹងទទួលបានការចាប់អារម្មណ៍វិនិយោគពីវិនិយោគិនកាន់តែច្រើន។

លោកបានថ្លែងថា “ហេដ្ឋារចនាសម្ព័ន្ធ គឺកត្តាទាក់ទាញវិនិយោគិនក្នុងការបណ្ដាក់ទុនវិនិយោគនៅក្នុងតំបន់ណាមួយ បើតំបន់នោះមានហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើន តំបន់នោះ នឹងមានការទាក់ទាញកាន់តែខ្លាំង”។

ជាការកត់សម្គាល់ក្នុងរយៈពេលថ្មីៗនេះ ក្រសួងមួយចំនួនបានប្តូរទៅទីតាំងថ្មី ដូចជាក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ប្តូរពីផ្លូវព្រះមុនីវង្សទៅកាន់តំបន់ទីក្រុងរណប ហ្ក្រេនភ្នំពេញ ក្រសួងសាធារណការនិងដឹកជញ្ជូនក៏ត្រូវផ្លូវប្តូរពីជិតវត្តភ្នំទៅទីតាំងថ្មី ឬស្សីកែវ និងមានក្រសួងស្ថាប័នមួយចំនួនទៀតក៏ត្រូវប្តូរទីតាំងថ្មីផងដែរ សម្រាប់សម្រួលដល់ការបំពេញការងាររបស់មន្ត្រី៕

LEAVE A REPLY

Please enter your comment!
Please enter your name here