សម្តេច​តេ​ជោ​អញ្ជើញ​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ទីស្តីការក្រសួង​សាធារណការ​នៅថ្ងៃនេះ

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន នឹង​អញ្ជើញ​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ អគារ​ទីស្តីការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​វិទ្យាស្ថាន តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន​នៅ​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ធ្លាប់មាន​ប្រសាសន៍ថា អាគារ​ទីស្ដីការ​ថ្មី​នេះ ណឹ​ង​សម្រួល​ដល់​ការបំពេញ​ការងារ​រប​ស់​មន្ត្រីរាជការ​ប្រកប​ដោយ​ផាសុកភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​បញ្ជាក់ថា “គណៈកម្មការ​ទទួលបន្ទុក​ការងារ​សាងសង់ បានធ្វើការ​កែសម្រួល​ចំណុច​ខ្វះខាត​មួយចំនួន​នៅ​ខាងក្រៅ ក៏ដូចជា​ផ្ទៃ​ខាងក្នុង​អគារ ដើម្បី​បង្កើន​គុណភាព និង​លើកកម្ពស់​សោភ័ណភាព​អគារ​ឱ្យ​កាន់តែ​ល្អប្រសើរ” ។ លោក​បាន​ថ្លែង​ទៀតថា “ការសាងសង់​អាគារ​នេះ​ឡើង គឺ​សំដៅ​ធ្វើយ៉ាងណា​សម្រួល ដល់​ការបំពេញ​ការងារ​រប​ស់​មន្ត្រីរាជការ​ប្រកប​ដោយ​ផាសុកភាព” ។

អាគារ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្មី​នេះ មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​លេខ៥៩៨ សង្កាត់​ច្រាំង​ចំរេះ២ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ (ផ្លូវ​ឯកឧត្តម​ជា សុផារ៉ា) ត្រូវបាន​ប្រារព្ធ​ពិធី​ក្រុង​ពាលី បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ ហើយ​បានបញ្ចប់​ការសាងសង់​ជា​ស្ថាពរ កាលពី​ដំណាច់ឆ្នាំ២០២០កន្លងមកនេះ។

អគារ​ទីស្តីការ​ថ្មី​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​សាងសង់​ឡើងលើ​ផ្ទៃដី​ជិត៤ហិកតា។ អគារ​ទីស្តីការ​នេះ រួមមាន អគារ​រដ្ឋបាល​កម្ពស់ ៩ជាន់ ទំហំ ៥៩.៥០ម៉ែត្រ គុណ២៣,២០ម៉ែត្រ អគារ​រដ្ឋបាល២ខ្នង (អគារ​ស្លាប​សងខាង) កម្ពស់៨ជាន់ អគារ​សាលប្រជុំ និង​បណ្ណាល័យ១ខ្នង កម្ពស់៣ជាន់ ព្រមទាំង​បំពាក់​សម្ភារ​ការិយាល័យ សម្ភារ​សង្ហា​រឹម និង​ជណ្តើរយន្ត សាងសង់​អគារ​ដាក់​គ្រឿងចក្រ៥ខ្នង ជួសជុល​អគារចាស់ៗ ដែលមាន​ស្រាប់​ចំនួន៦ខ្នង សាងសង់​របង​ព័ទ្ធជុំវិញ និង​រៀបចំ​បណ្តាញ​ផ្លូវ បណ្តាញ​អគ្គិសនី បណ្តាញ​ទឹកស្អាត ប្រព័ន្ធ​លូបង្ហូរទឹក​កខ្វក់ និង​សួនច្បារ​ក្នុង​បរិវេណ​ក្រសួង ព្រមទាំង​បាន​ទិញ​គ្រឿងចក្រ​ចំនួន២២២គ្រឿង សម្រាប់​ផ្តល់ជូន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី-ខេត្ត និង​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ដែល​បាន​ចំណាយ​ថវិកា​សរុប​ជាង២៦លាន​ដុល្លារ​អាមេរិក។

ជាមួយគ្នានេះ អគារ​វិទ្យាស្ថាន «តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន» មាន​ចំនួន១ខ្នង កម្ពស់៤ជាន់ មាន​បន្ទប់​សិក្សា​ចំនួន២៤បន្ទប់ ការិយាល័យ​រដ្ឋបាល​ចំនួន៣បន្ទប់ មន្ទីរពិសោធន៍​ចំនួន១បន្ទប់ បណ្ណាល័យ​ចំនួន១បន្ទប់ និង​បាន​បំពាក់​ទៅដោយ​សម្ភារ​សិក្សា និង​ឧបករណ៍​បច្ចេកទេស​ពិសោធន៍ទំនើបៗ ដោយបាន​ចំណាយ​ថវិកា២.៥លាន​ដុល្លារ​អាមេរិក។

បើតាម​លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល​ការបង្កើត​វិទ្យាស្ថាន តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន សម្រាប់​បណ្តុះបណ្តាល​បុគ្គលិក-មន្ត្រីរាជការ សិក្ខាកាម និង​សិស្ស-និស្សិត ដើម្បី​លើកកម្ពស់​សមត្ថភាព​កូន​ខ្មែរ លើ​ជំនាញ​បច្ចេកទេស​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ-ស្ពាន ដែល​នឹង​ធានាថា កូន​ខ្មែរ​អាច មាន​សមត្ថភាព​កសាង​ផ្លូវ-ស្ពាន​របស់ខ្លួន ប្រកបដោយ​គុណភាព នាពេល​អនាគត។

លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល​បានលើកឡើង​ថា សមិទ្ធផល​ថ្មី​លើ​ទឹកដី​សន្តិភាព​ដែល​លេចចេញ​ជា​រូបរាង​ឡើង​នេះ គឺជា​ចំណងដៃ​ដ៏​ថ្លៃថ្លា មិនអាច​កាត់ថ្លៃ​បាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​ដល់​មន្ត្រីរាជការ​ទាំងអស់ ក៏ដូចជា​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ទាំងមូល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ទស្សនទាន​វែងឆ្ងាយ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី៕

LEAVE A REPLY

Please enter your comment!
Please enter your name here