ដោយៈ អេឌីត
ភ្នំពេញៈ បើស្ថិតនៅវិបត្តិកូវីដ១៩ តំបន់មួយចំនួនក្នុងទីក្រុងភ្នំពេញនៅមានសកម្មភាពទិញលក់ ដោយ្សារអ្នកទិញបន្តរង់ចាំ និងមើលស្ថានភាពនៃវិបត្តិនេះ ខណៈតម្លៃដីនៅទូទាំងប្រទេសកម្ពុជាមានសភាពនៅទ្រឹងកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន CBRE Cambodia។
យោងតាមរបាយការណ៍បានឱ្យដឹងថា ការទិញលក់ខ្នាតតូចនៅជាយក្រុង ត្រូវបានមើលឃើញមានសកម្មភាពច្រើន ដោយសារសម្ពាធសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺរាតត្បាតជំរុញឱ្យវិនិយោគិនកម្រិតធម្យម សម្រេចចិត្តលើប្រតិបត្តិការទិញលលក់ច្រើន។
បើទោះបីមានភាពស្ងាប់ស្ងាត់កាលពីឆ្នាំមុនក៏ដោយ តម្លៃដីធ្លីនៅទីក្រុងភ្នំពេញ នៅតែមានអត្រាកំណើនប្រចាំឆ្នាំយ៉ាងច្រើនចន្លោះពី៧,៥% ទៅ១៥,១% ខណៈខណ្ឌមួយចំនួនទៀត មានសកម្មភាពទិញលក់ល្អ ជាងតំបន់ដទៃទៀត។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាបានមានប្រសាសន៍ ក្នុងកិច្ចសម្ភាសន៍កាលពីពេលថ្មីៗនេះថា តម្លៃដីធ្លីនៅកម្ពុជានឹងបន្តកើនឡើងបន្ថែមទៀត ដែលយើងអាចព្យាករថា កំណើនតម្លៃដីធ្លីនឹងកើន៧ភាគរយក្នុងមួយឆ្នាំសម្រាប់មួយទសវត្សរ៍ខាងមុខ ប៉ុន្តមិនមែនមានន័យថា តម្លៃដីធ្លីនឹងកើនឡើងថេរ៧ភាគរយនោះទេ គឺឆ្នាំខ្លះអាចតិចជាងនេះ និងឆ្នាំខ្លះអាចច្រើនជាងនេះ ប៉ុន្តែតួលេខ៧ភាគរយ ជាតួលេខដែលគិតជាមធ្យម។
អ្នកនាបន្តថា “ការព្យាករណ៍បែបនេះ ដោយយើងឈរលើមូលដ្ឋានសំខាន់ៗដូចជាតម្រូវការទិញលក់ក្នុងទីផ្សារ ការសិក្សាប្រៀបធៀបជាមួយប្រទេសថៃ និងវៀតណាមជាដើម ព្រោះប្រទេសទាំងនេះមានស្ថានភាពស្រដៀងគ្នានឹងកម្ពុជា” ។
អ្នកនាងអាន សុធីតាបានបន្តឲ្យដឹងផងដែរថា បើគិតរយៈពេល១០ឆ្នាំកន្លងមកនេះ តម្លៃដីធ្លីបានកើនឡើងយ៉ាងខ្លាំង ដោយកាលពីឆ្នាំ២០០៨តម្លៃដីធ្លី ដែលខ្ពស់ជាងគេគឺមានតម្លៃជាមធ្យម២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ។
ការវិភាគរបស់អ្នកជំនាញមួយចំនួនទៀតបានអះអាងឲ្យដឹងថា តម្លៃដីធ្លីនៅកម្ពុជាកើនឡើដោយសារកត្តាសំខាន់ៗជាច្រើន ដូចជា កត្តាសន្តិភាព ស្ថិរភាពនយោបាយ កំនើនសេដ្ឋកិច្ច ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល និងកត្តាប្រជាសាស្ត្រ៕