ឧកញ៉ាលឹម ហេងអះអាងថាក្រុមហ៊ុនជប៉ុនជាច្រើនកំពុងស្វែងរកឱកាសវិនិយោគ លើវិស័យជាច្រើននៅកម្ពុជា

ដោយៈវណ្ណារ៉ា

ភ្នំពេញៈ បច្ចុប្បន្ននេះក្រុមហ៊ុនជាង១០០ ដែលជាសមាជិកសភាពាណិជ្ជកម្មជប៉ុនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីសិក្សាលម្អិតពីឱកាសបណ្តាក់ទុនវិនិយោគ នៅក្នុងវិស័យជាច្រើន ជាពិសេសផ្នែកកសិ-ឧស្សាហកម្ម ដែលពិភពលោកកំពុងមានតម្រូវការខ្ពស់។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះថា បន្ទាប់ពីមានការផ្សព្វផ្សាយ និងកៀងគរវិនិយោគិនអន្តរជាតិមកកាន់កម្ពុជា ជាពិសេសក្រោយកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន បច្ចុប្បន្ននេះ មានបណ្តាក្រុមហ៊ុនជាច្រើន បង្ហាញពីគម្រោងចូលមកវិនិយោគនៅកម្ពុជា ដែលក្នុងនោះក៏មានក្រុមហ៊ុនជប៉ុនផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាបានមានប្រសាសន៍ថា “ក្រោមការកៀងគរពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំមេគង្គ-ជប៉ុនកាលពីពេលកន្លងទៅនេះ បច្ចុប្បន្ននេះ ស្ថាប័នសភាពាណិជ្ជកម្មជប៉ុន ដែលមានសមាជិកជាង១០០០ក្រុមហ៊ុន កំពុងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីស្វែងយល់ពីឱកាសនៃការវិនិយោគ និងលក្ខខណ្ឌនៃការធ្វើពាណិជ្ជកម្ម”។

លោកបន្តថា “ ពេលនេះពួកគាត់បានមកជាបណ្តើរៗទាំងផ្នែកកសិកម្ម និងកសិ-ឧស្សាហកម្ម ហើយពួកគាត់ក៏បានទៅជួបពិភាក្សា ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្មរួចរាល់មួយចំនួនហើយដែរ ដើម្បីសិក្សាពីឱកាសវិនិយោគថ្មី បន្ថែមពីលើគម្រោងវិនិយោគដែលមានស្រាប់”។ លោកឧកញ៉ាបន្តថា “បច្ចុប្បន្នយើងមាន EBA និង GSP ស្រាប់ រួមជាមួយការឈានទៅរកកិច្ចព្រម្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសចិន កូរ៉េ និងជប៉ុន ដែលទាំងអស់សុទ្ធតែជាឱកាសលើការវិនិយោគទាំងអស់”។

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវគោលនយោបាយក្នុងការធ្វើពិពិធកម្មវិស័យកសិកម្ម ដើម្បីជំរុញការផលិត និងប្រកបដោយគុណភាពសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអាចចូលរួម នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ស្បៀងក្នុងតំបន់ផងដែរ។ ទន្ទឹមនឹងកិច្ចដំណើរការនៃការអភិវឌ្ឍ និងពិពិធកម្មវិស័យនេះ ក្រៅពីក្រុមហ៊ុនចិន និងកូរ៉េ ដែលកំពុងដំណើរការវិនិយោគលើការដាំដុះ កែច្នៃវេចខ្ចប់នាំចេញទៅកាន់ទីផ្សារក្រៅស្រុកជាមួយការទទួលបានលទ្ធផលល្អប្រសើរនោះ ក៏មានក្រុមហ៊ុនជាច្រើនកំពុងតែចូលមកសិក្សាដើម្បីវិនិយោគបន្ថែមផងដែរ។

អ្នកជំនាញស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ថា រាល់គម្រោងវិនិយោគទាំងអស់នៅកម្ពុជា សុទ្ធតែផ្តល់នូវអត្ថប្រ​យោ​ជន៍ដល់សេដ្ឋកិច្ចកម្ពុជា ជាពិសេសនៅក្នុងស្ថានភាព ដែលកំពុងតែប្រឈមនេះ ប្រទេសកម្ពុជាបានក្លាយ ជាគោលដៅលើការវិនិយោគផ្នែកស្បៀង ខណៈដែលរាជរដ្ឋាភិបាលកំពុងតែពង្រឹង ការយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍ ឱ្យមានភាពល្អប្រសើរជាងមុន។

លោកបណ្ឌិតបានបន្តថា “ដូចយើងធ្លាប់ដឹងស្រាប់ហើយថា ជប៉ុនគឺជាជនជាតិមួយដែលមានភាពប្រាកដប្រជា ច្បាស់លាស់ ដូច្នេះរាល់គម្រោងវិនិយោគរបស់ពួកគេ ភាគច្រើន គឺសុទ្ធតែអាចធានាបាននូវភាពល្អប្រសើរ ទើបពួកគេសម្រេចចិត្ត”។ លោកបន្តថា “ប្រសិនបើក្រុមហ៊ុនជប៉ុនចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើន គឺកាន់តែល្អដែលអាចបញ្ជាក់ពីស្ថេរភាពនៃការវិនិយោគ ហើយក្នុងនោះក្រៅពីអាចចូលរួម ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពល្អប្រសើរ ថែមទាំងអាចជួយបណ្តុះបណ្តាលជំនាញថ្មីៗ ពាក់ព័ន្ធទៅនឹងវិស័យកសិកម្មផងដែរ”។

លោកហុង វណ្ណៈបានបញ្ជាក់ថា កម្ពុជាអាចមានឱកាសច្រើន ក្នុងការពង្រីកវិសាលភាពរបស់ខ្លួន ក្នុងនាមជាប្រទេសមានអំណោយផល ផ្នែកវិស័យកសិកម្ម ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ហើយក៏អាចទាក់ទាញចំណូ​ល​មួយចំណែក ពីវិស័យទេសចរណ៍ តាមរយៈការបង្កើតកម្មវិធីទស្សនកិច្ច និងកម្សាន្ត នៅតាមកសិដ្ឋានគំរូនានាប្រចាំប្រទេសផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here