លោក វ៉ី សំណាង៖ អ្នកវិនិយោគហុងកុងគ្រោងសាងសង់ទីក្រុងរណបថ្មីមួយនៅខេត្តកំពង់ស្ពឺ

ដោយ វុធ
ភ្នំពេញ៖ ខេត្តកំពង់ស្ពឺ ដែលមានសក្តានុពលសេដ្ឋកិច្ច និងមានរោងចក្រសហគ្រាសច្រើនចូលទៅវិនិយោគ បានទាក់ទាញវិនិយោគិនហុងកុងមួយក្រុម ឱ្យចាប់អារម្មណ៍វិនិយោគ និងរៀបចំឱ្យមានទីក្រុងរណបថ្មីមួយនៅក្នុងខេត្តនេះ។ នេះបើយោងតាមការលើកឡើងរបស់អភិបាលខេត្តកំពង់ស្ពឺ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិដៅការងារបន្តរបស់រដ្ឋបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២០នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ឱ្យដឹងថា លោកបានទាក់ទងទៅវិនិយោគិនហុងកុងមួយក្រុម ដែលមានបំណងរៀបចំឱ្យមានទីក្រុងរណបនៅក្នុងខេត្ត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “យើងកំពុងបង្ហាញពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺឱ្យវិនិយោគិនទាំងនៅក្នុងស្រុក និងក្រៅស្រុកឱ្យចូលមកវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងខេត្ត ពាក់ព័ន្ធនឹងភូមិសាស្ត្រ សន្តិសុខ សណ្តាប់ធ្នាប់ និងមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាតិច្រើន និងល្អ ជាដើម”។

លោកបន្ថែមថា “បច្ចុប្បន្ននេះ វិនិយោគិនហុងកុងបានចាប់អារម្មណ៍ និងកំពុងតែរៀបចំធ្វើហើយ តែខ្ញុំសុំបញ្ជាក់ថា ខ្ញុំមិនប្រាប់ទីតាំងនោះទេ ព្រោះខ្លាចធ្វើឱ្យដីនៅតំបន់នោះឡើងថ្លៃ ដែលមិនអាចឱ្យខាងក្រុមហ៊ុនទិញសម្រាប់ធ្វើការវិនិយោគបាន” ។

លោកបន្ថែមទៀថា ក្រៅពីនេះ ក៏មានក្រុមហ៊ុននៅក្នុងស្រុកជាច្រើនបាននិងកំពុងទាក់ទងទៅរដ្ឋបាលខេត្ត ដើម្បីវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងខេត្តផងដែរ តែដោយសារតែបញ្ហាជំងឺកូវីដ ១៩ បានធ្វើឱ្យមានស្ថានភាពទ្រឹងក្នុងអំឡុងពេលនេះ។

លោកអភិបាលខេត្តបន្ថែមថា សុខសន្តិភាពនៅក្នុងប្រទេសបានជំរុញឱ្យវិស័យផ្សេងៗ ជាពិសេសវិស័យអចលនទ្រព្យនៅក្នុងខេត្តកំពង់ស្ពឺមានការរីកចំរើន ហើយកាលពីពេលថ្មីនេះ ខេត្តទើបតែសម្ពោធដាក់ឱ្យដំណើរគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យរបស់ក្រុមហ៊ុនមួយនៅស្រុកគងពិសីនៃខេត្តកំពង់ស្ពឺ។

លោកបញ្ជាក់ទៀតថា សម្រាប់ខេត្តកកំពង់ស្ពឺ ស្វាគមន៍វិនិយោគិនពីគ្រប់ជនជាតិទាំងអស់ ដើម្បីជំរុញឱ្យសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកាន់តែរីកចំរើន តាមរយៈទៅធ្វើជាកម្មករ និងបំរើការផ្សេងៗ ហើយកាលពីពេលថ្មីៗនេះ រដ្ឋាបាលខេត្តទើបចុះហត្ថលេខាឱ្យមានការបង្កើតរោងចក្រចំនួន ២ថ្មីបន្ថែមទៀត បើទោះបីកម្ពុជាក៏ដូចជាពិភពលោកប្រឈមទៅនឹងវិបត្តិជំងឺ Covid-19 យ៉ាងណាក្តី។ លោកបញ្ជាក់ថា នេះ គឺដោយសារវិនិយោគិនមានភាពជឿជាក់នៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here