អ្នក​អភិវឌ្ឍន៍​បង្ហាញ​ពី​សុទិដ្ឋិនិយម​ចំពោះ​វិស័យ​ខុន​ដូ​ក្នុង​ឆ្នាំ២០២១

ដោយៈ លក្ខិណា

ភ្នំពេញៈ ដើមឆ្នាំ២០២១នេះ អ្នក​អភិវឌ្ឍន៍​ក្នុង និង​ក្រៅ​ស្រុក​ហាក់​មានគំនិត​សុទិដ្ឋិនិយម​ច្រើន លើ​ការអភិវឌ្ឍ​អចលនទ្រព្យ នៅក្នុង​ប្រទេស​កម្ពុជា ជាក់ស្ដែង​ទាំង​អ្នកជំនាញ និង​អ្នក​អភិវឌ្ឍន៍​ខុន​ដូ មួយចំនួន​បានបង្ហាញ​ពី​គំនិត​សុទិដ្ឋិនិយម​ខ្ពស់ ចំពោះ​ការ​ងើបឡើង​វិញ​នៃ​វិស័យ​នៅ​ឆ្នាំ ២០២១ ។

លោក Ding Yongjun អគ្គនាយក​ក្រុមហ៊ុន Morgan Group បានឱ្យដឹងថា ក្នុង​ឆ្នាំ២០២១ វិស័យ​ខុន​ដូ​ក៏ដូចជា​វិស័យ​ជាច្រើន​ទៀត នៅក្នុង​ប្រទេស​កម្ពុជា​បាន​ជួប​ទុក្ខ​ធ្ងន់​ព្រោះតែ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩ ។ នៅក្នុង​វិបត្តិ​នោះដែរ សម្រាប់​អ្នក​អភិវឌ្ឍន៍​មួយចំនួន នៅតែ​បន្តសកម្មភាព​គម្រោងរ​បស់​ខ្លួន ហើយ​អ្នក​អភិវឌ្ឍន៍​មួយចំនួនទៀត បាន​ផ្អាក​សកម្មភាព តែ​សម្រាប់​រូបលោក​ផ្ទាល់ គឺ​នៅតែ​បន្ត​គម្រោង​ដោយ​ក្ដីសង្ឃឹម​នៅពេល​អនាគត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា “យើង​ជឿជាក់​លើ​រដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ហើយ​ជាក់ស្ដែង​រដ្ឋាភិបាល​ពិតជា​ធ្វើបាន​មែន ជាមួយ​ការគ្រប់គ្រង​ស្ថានភាព​បានល្អ” ។

លោក​បន្តថា សម្រាប់​ឆ្នាំ២០២១នេះ បើទោះបីជា​កូ​វីដ១៩ចប់ ឬ​មិនទាន់​ចប់ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ខុន​ដូ​របស់លោក នឹង​នៅតែ​បន្ត​អភិវឌ្ឍន៍​ដដែល ដើម្បីឱ្យ​បញ្ចប់​តាម​ការគ្រោងទុក និង​បន្ត​ការអភិវឌ្ឍ​គម្រោង​បន្តបន្ទាប់​ទៀត។

ចំណែក​លោក​គួ​ន យី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន International Property Investor Network បានឱ្យដឹងថា នៅក្នុង​ឆ្នាំ ២០២០កន្លងទៅនេះ អ្នកទិញ​ខុន​ដូ តាមរយៈ​ក្រុមហ៊ុន​របស់លោក ភាគច្រើន​គឺជា​ជនជាតិខ្មែរ ហើយ​បើតាម​តួលេខ​បាន​បង្ហាញថា ក្នុង​មួយឆ្នាំ២០២០កន្លងទៅ គឺមាន​ជនជាតិ​បរទេស​តែ​ម្នាក់​គត់ បាន​ទិញ​ខុន​ដូ តាមរយៈ​ក្រុមហ៊ុន​របស់លោក ដូច្នេះ​វា​បានបង្ហាញ នៅ​ឆ្នាំ២០២០ការលក់​ខុន​ដូ នៅ​កម្ពុជា​គឺមាន​និន្នាការ​ទៅរក​អ្នក​ក្នុងស្រុក​វិញ។

លោក​បន្តថា “ឆ្នាំ២០២១នេះ​លោក រំពឹងថា​ជនបរទេស​នឹង​ត្រលប់មក​កម្ពុជា​វិញ ហើយ​ចរន្ត​នៃ​ការទិញ​លក់​ខុន​ដូ ក្នុងប្រទេស​កម្ពុជា​ក៏មាន​សន្ទុះ​ងើបឡើង​វិញ ជាក់​ជាមិនខាន ជាមួយ​សញ្ញា​នៃ​ការបញ្ចប់​កូ​វីដ១៩កាន់តែ​ជិត​មកដល់” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here