ខេត្ត​សៀមរាប​ផ្សព្វ​ផ្សាយ​បទ​ប្បញ្ញត្តិ​ស្ដី​ពី​វិស័យ​អចលនវត្ថុ​ វិស័យ​បញ្ចាំ ​និង​ប្រាតិភោគ​ដោយ​អនុប្បទាន​

ដោយៈ ម៉ាលីនណា

    សៀមរាបៈ រដ្ឋបាលខេត្តសៀមរាប បានប្រារពសិក្ខាសាលាផ្សព្វ​ផ្សាយបទប្បញ្ញត្តិស្ដីពីវិស័យអចលនវត្ថុ វិស័យបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ជូនដល់គ្រប់ភាគីពាក់ព័ន្ធក្នុងខេត្តនេះ។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំសិក្ខាសាលាផ្សព្វផ្សាយនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលានេះធ្វើឡើង ដើម្បីឲ្យមន្រ្តីពាក់ព័ន្ធក្នុងខេត្ត បានយល់ច្បាស់អំពីច្បាប់ គោលការណ៍ណែនាំ និងបទប្បញ្ញត្តិថ្មីៗដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច ដូចជានិយតករអចលនវត្ថុនិងបញ្ចាំ ឬស្ថាប័នពាក់ព័ន្ធ ដែលការយល់ដឹងនេះនឹងជួយឱ្យពួកគេអនុវត្តការងា​របានត្រឹមត្រូវស្របតាមច្បាប់ ក្រោមអធិបតីភាពលោក ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និងលោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។

លោក លី សារី អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា សិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ ពិតជាមានអត្ថប្រយោជន៍ ដើម្បីផ្តល់ជាចំណេះដឹងអំពីយន្តការ វិធាន និងនីតិវិធីនៃការគ្រប់គ្រង និងការត្រួតពិនិត្យប្រតិបត្តិការអាជីវកម្ម ទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាននៅកម្ពុជា ក្នុងគោលបំណងធានាប្រសិទ្ធភាពនៃការគ្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ធានាសមធម៌ និងតុល្យភាពនៃផលប្រយោជន៍រវាងអ្នកដាក់បញ្ចាំ និងអ្នកទទួលទ្រព្យបញ្ចាំ បង្កើតឱ្យមានប្រព័ន្ធផ្គត់ផ្គង់សាច់ប្រាក់ឆាប់រហ័ស ដោយស្របច្បាប់ក្រៅពីប្រព័ន្ធធនាគារ រួមចំណែកទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាន ក្នុងវិស័យទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ដើម្បីធានានូវសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។

លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបណ្តាក្រុមហ៊ុន អាជីវករ និងប្រតិបត្តិករទាំងអស់នៅក្នុងខេត្ត ត្រូវស្វែងយល់ឱ្យបានច្បាស់លាស់ នូវរាល់បទប្បញ្ញត្តិច្បាប់ដែលវាគ្មិននឹងលើកយកមកបង្ហាញ ដើម្បីជៀសវាងការប្រកបអាជីវកម្មខុសច្បាប់ ឬការប្រឈមនឹងហានិភ័យគតិយុត្ត។ ក្នុងករណីមានចម្ងល់ ឬការស្នើសុំអាជ្ញាបណ្ណ លិខិតអនុញ្ញាតផ្សេងៗ សូមទំនាក់ទំនងមកមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ។

លោកសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានេះនឹងក្លាយជាវេទិកាពិភាក្សាដ៏ផុសផុល និងផ្តល់ជាពុទ្ធិយ៉ាងសំខាន់ ដល់សិក្ខាកាមទាំងអស់ ដើម្បីរួមគ្នាបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តយើង ឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព៕

ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានបង្ហាញថា ក្នុងបរិការណ៍នៃការអភិវឌ្ឍសេដ្ឋកិច្ច វិស័យធនាគារនិងហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ច និងសង្គម។ ការរៀបចំបទប្បញ្ញត្តិសម្រាប់គ្រប់គ្រងវិស័យអចលនវត្ថុ និងវិស័យបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន គឺដើម្បីធានាប្រសិទ្ធភាពការគ្រប់គ្រងនិងការត្រួតពិនិត្យ, ការពារផលប្រយោជន៍អាជីវករ និងអ្នកប្រើប្រាស់, ចូលរួមទប់ស្កាត់ហានិភ័យហិរញ្ញវត្ថុ, បង្កើនជំនឿទុកចិត្តអតិថិជន និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងជាពិសេសចូលរួមទប់ស្កាត់ការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

ឯកឧត្តមអគ្គនាយក បានបញ្ជាក់ថា បច្ចុប្បន្នអាជីវកម្មគ្រប់ទម្រង់ក្នុងវិស័យអចលនវត្ថុ វិស័យបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន កំពុងមានសន្ទុះរីកចម្រើនឥតឈប់ឈរ និងយ៉ាងឆាប់រហ័ស ដែលប្រការនេះតម្រូវឱ្យមានការគ្រប់គ្រងឱ្យបានហ្មត់ចត់ ដើម្បីបង្ការនូវរាល់ហានិភ័យ និងកាត់បន្ថយឧបសគ្គរាំងស្ទះនានា ក្នុងទីផ្សារអចលនវត្ថុ និងបញ្ចាំទាំងមូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here