ដោយៈ ម៉ាលីនណា
ប្រទេសចិនៈ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជំទាវ ជា សិរី បានចូលរួមកិច្ចប្រជុំស្តីពី “រូបិយប័ណ្ណឌីជីថល និងការទូទាត់ឆ្លងដែន” ដែលបានពិភាក្សាអំពីកាលានុវត្តភាព និងបញ្ហាប្រឈមនានា។
បន្ថែមលើនេះ លោកជំទាវ ក៏បានចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថល និងទិសដៅអនាគត សម្រាប់ការតភ្ជាប់ការទូទាត់ឆ្លងដែនផងដែរ។
លោកជំទាវបណ្ឌិត ជា សិរី បានចូលរួមកិច្ចប្រជុំនេះ ក្នុងឱកាស អញ្ជើញចូលរួម ក្នុងកម្មវិធីបើកវេទិកាហិរញ្ញវត្ថុសកល Tsinghua PBCSF ដែលរៀបចំឡើងដោយសាកលវិទ្យាល័យ Tsinghua ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីមួយលំដាប់ពិភពលោក នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងឆឹងទូ នៃសាធារណរដ្ឋប្រជាមានិតចិន។
វេទិកានេះត្រូវបានរៀបចំជាប្រចាំឆ្នាំ ក្នុងគោលបំណងប្រមូលផ្តុំថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ អ្នករៀបចំគោលនយោបាយហិរញ្ញវត្ថុសកល និងអ្នកស្រាវជ្រាវដើម្បីពិភាក្សា ពីវឌ្ឍនភាពនៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសំខាន់ៗដែលកំពុងកើតមាន។
វេទិកានៅឆ្នាំនេះ មានការអញ្ជើញចូលរួមពីឥស្សរជន ជាថ្នាក់ដឹកនាំជាច្រើន ដូចជា នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសាភិបាល រដ្ឋមន្ត្រី ម្ចាស់ពានរង្វាន់ណូបែល ព្រឹទ្ធបុរស និងសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យល្បីៗជាច្រើន៕









