រដ្ឋាភិបាលកម្ពុជាដាក់ចេញយុទ្ធសាស្ត្រចំនួន៦ ដើម្បីជំរុញការរីកចម្រើនវិស័យអកាសចរកម្ពុជា

ដោយ៖ លក្ខិណា
ភ្នំពេញ ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានកំណត់យុទ្ធសាស្ត្រចំនួន ៦ សម្រាប់អនុវត្តន៍ក្នុងរយៈពេល៥ឆ្នាំខាងមុខ សម្រាប់បម្រើឱ្យវិស័យអាកាសចរស៊ីវិល និងដើម្បីអភិវឌ្ឍន៍វិស័យអាកាសចរស៊ីវិល នៅក្នុងផែនការសម្រាប់ឆ្នាំ ២០២១-២០២៥។

ក្នុងកិច្ចប្រជុំរបស់មន្ត្រីកំពូលនៃរដ្ឋលេខាធិការអាកាសចរស៊ីវិលកាលពីថ្ងៃទី២០ កក្កដា ២០២០នេះ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានបង្ហាញពីយុទ្ធសាស្ត្រទាំង៦ដើម្បីអនុវត្តន៍ក្នុងរយៈពេល៥ឆ្នាំខាងមុខ។

យុទ្ធសាស្ត្រទាំង៦ចំណុច ដែលរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលដាក់ជាធាតុចូលជូនក្រសួងផែនការរួមមាន យុទ្ធសាស្រ្តទី១៖ ការពង្រឹងសុវត្ថិភាពហោះហើរ។ ការពង្រឹងសុវត្ថិភាពហោះហើរ គឺការរក្សាបាននូវសណ្តាប់ធ្នាប់ និងធានាសុវត្ថិភាពប្រតិបត្តិការអាកាសយាន(ហោះចេញ-ចូលព្រះរាជាណាចក្រកម្ពុជា) ពង្រឹងការគ្រប់គ្រង និងជំរុញឲ្យមានការអភិវឌ្ឍក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាសប្រកបដោយសុវត្ថិភាពខ្ពស់ស្របតាមបទដ្ឋានអន្តរជាតិ និងមានទំនុកចិត្ត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យុទ្ធសាស្រ្តទី២៖ ការពង្រឹងសន្តិសុខអាកាសចរស៊ីវិល, ដែលផ្តល់ទំនុកចិត្តជាលក្ខណៈជាតិ និងអន្តរជាតិ ដោយត្រូវបានធានាតាមរយៈការអនុវត្តយ៉ាងហ្មត់ចត់នូវបទដ្ឋានជាតិ និងអន្តរជាតិ ទៅលើសន្តិសុខអាកាសចរស៊ីវិល សំដៅការការពារ ទប់សា្កត់ និងប្រឆាំងរាល់អំពើរំលោភច្បាប់ ដូចជាការបំផ្ទុះ អំពើភេរវកម្ម ការបំផ្លិចបំផ្លាញ ការគំរាមកំហែងដល់ជីវិត និងទ្រព្យសម្បត្តិជាដើម។

យុទ្ធសាស្រ្តទី៣៖ ការពង្រឹងកិច្ចសហប្រតិបត្ដិការអន្ដរជាតិនិងការតភ្ជាប់ការហោះហើរ គឺការបន្តការខិតខំប្រឹងប្រែង ពង្រឹងនូវកិច្ចសហប្រតិបត្តិការវិស័យអាកាសចរស៊ីវិល ដើម្បីផ្តល់ជាប្រយោជន៍នៅក្នុងការបង្កើតនិងការធ្វើឱ្យមានភាពសុខដុមនីយកម្មរវាងគោលនយោបាយ និងផែនទីមគ្គុទេសក៏(roadmap)ក្នុងការអភិវឌ្ឍវិស័យអាកាសចរស៊ីវិលនៅក្នុងអនុតំបន់ តំបន់ និងពិភពលោកទាំងមូល។

យុទ្ធសាស្រ្តទី៤៖ ការពង្រឹងសេវាកម្មនាំផ្លូវអាកាសគឺធានាឱ្យបាននូវការនាំផ្លូវហោះហើរសម្រាប់អាកាសយាន និងសេវាកម្មចរាចរណ៍ដែនអាកាសប្រកបដោយសុវត្ថិភាពខ្ពស់ ធានាបាននូវទំនុកចិត្តក្នុងការផ្តល់សេវាកម្មដោយអនុលោមទៅតាមបទដ្ឋានអន្តរជាតិ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋនាំផ្លូវហោះហើរ។

យុទ្ធសាស្រ្តទី៥៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋអាកាសយានដ្ឋានជាតិ-អន្តរជាតិ ត្រូវស្របគ្នាទៅនឹងកំណើនអ្នកដំណើរតាមផ្លូវអាកាស និងធ្វើឲ្យវិស័យអាកាសចរស៊ីវិលឆ្លើយតបបានយ៉ាងល្អប្រសើរបំផុតចំពោះតម្រូវការនានារបស់អ្នកប្រើប្រាស់រួមមាន៖ អ្នកដំណើរតាមផ្លូវអាកាស ការចុះចតអាកាសយានប្រកបដោយប្រសិទ្ធភាព ការអភិវឌ្ឍអាកាសយានដ្ឋានស៊ីវិល និងជំរុញឲ្យមានការអភិវឌ្ឍក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាសប្រកប ដោយសុវត្ថិភាព ទំនុកចិត្ត និងមានលក្ខណៈសេដ្ឋកិច្ច។

សម្រាប់យុទ្ធសាស្រ្តទី៦៖ ការអភិវឌ្ឍធនធានមនុស្សនិងពង្រឹងសមត្ថភាពស្ថាប័ន ,មន្ត្រីរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ត្រូវបានបណ្តុះបណ្តាល និងបំពាក់បំប៉នជំនាញមូលដ្ឋាន មធ្យម ជាន់ខ្ពស់ រួមទាំង រំលឹកឡើងវិញប្រកបដោយជំនាញជាក់លាក់ ដើម្បីធានាសុវត្ថិភាព សន្តិសុខដែលឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវការ ។ មន្រ្តីមានសមត្ថភាព និងជំនាញអាកាសចរស៊ីវិលគ្រប់គ្រាន់ក្នុងការអនុវត្តការងារស្របតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាលព្រមទាំងលើកកម្ពស់ការងារគ្រប់គ្រងស្ថាប័ន និងជួយគាំទ្រដល់ការអនុវត្តការងារ បច្ចេកទេស។

បើតាមលោកម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា ដើម្បីឱ្យផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអាកាសចរស៊ីវិលឆ្នាំ២០២១-២០២៥ នេះមានលក្ខណៈច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយដែលអាចបម្រើឱ្យការអភិវឌ្ឍសម្រាប់វិស័យអាកាសចរស៊ីវិលទាំងមូលបាន គ្រប់នាយកដ្ឋាន មជ្ឍមណ្ឌល និងអង្គភាពពាក់ព័ន្ធទាំងអស់ចាំបាច់ត្រូវផ្តល់សូចនាករជាធាតុចូលសម្រាប់អនុវត្តផែនការ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here