ដោយ៖គង់ លាងហួរ
ក្រុងឡុងដ៍៖ លោក Sandeep Mathrani ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន WeWork បាននិយាយកាលពីថ្ងៃពុធម្សិលម៉ិញថា ក្រុមហ៊ុនរបស់លោកបានត្រៀមរួចជាស្រេច ដើម្បីរកប្រាក់ចំណេញដ៏ច្រើននៅក្នុងត្រីមាសទី៤ ឆ្នាំនេះ ហើយការិយាល័យជួលរបស់ខ្លួនក្នុងប្រទេសចិន បានងើបឡើងវិញដល់កម្រិតមុនការរីករាលដាលនៃជំងឺកូវីដ១៩។
លោកបានកាន់ដំណែងនៅក្រុមហ៊ុន WeWork ដែលជាក្រុមហ៊ុនអចលនទ្រព្យបែបពាណិជ្ជកម្ម កាលពីខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីជួយស្តារក្រុមហ៊ុននេះឱ្យងើបឡើងវិញ ក្រោយពីក្រុមហ៊ុនបានជួបប្រទះបញ្ហាក្នុងការបោះផ្សាយជូនជាសារធារណៈលើកដំបូង (IPO) របស់ខ្លួននៅផ្សារហ៊ុន ហើយបានបណ្តេញស្ថាបនិករបស់ខ្លួនម្នាក់ឈ្មោះAdam Neumann និងប្រឈមមុខនឹងការក្ស័យធន។
នៅក្នុងបទសម្ភាសន៍មួយ ជាមួយកាសែតរ៉យទ័រ លោកបាននិយាយថា លោករំពឹងទុកថា ជនជាតិអាមេរិកជាច្រើននឹងនៅតែចង់ធ្វើការក្នុងការិយាល័យ ថ្វីត្បិតតែមានការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩។
លោកបានបន្តទៀតថា “ពួកយើងបានមើលឃើញអំពីហេតុផលសុខភាពផ្លូវចិត្តសម្រាប់មនុស្ស ដែលចង់ត្រឡប់ទៅធ្វើការ ហើយខ្ញុំជឿជាក់យ៉ាងខ្លាំងថា ការិយាល័យ គឺជាផ្នែកមួយដ៏សំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ”។
លោកបានបន្តថា ទីតាំងក្រុមហ៊ុនក្នុងប្រទេសចិនបានដំណើរការឡើងវិញស្ទើរតែ៩០ភាគរយ ទាំងអត្រាជួល និងតម្រូវការ។
លោកបានបន្ថែមទៀតថា បច្ចុប្បន្ននេះក្រុមហ៊ុនមានសាច់ប្រាក់៣ពាន់លានដុល្លារ ដែលគ្រប់គ្រាន់ហើយសម្រាប់ក្រុមហ៊ុនរដំណើរការហូតដល់ឆ្នាំ២០២២។ CNA







