ខុនដូចំនួន២៦០០០យូនីតបានដាក់ចូលនៅក្នុងទីផ្សារគិតត្រឹមដើមឆ្នាំ២០២១នេះ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ការផ្គត់ផ្គង់ខុនដូថ្មីចំនួន៩៣៧យូនីតត្រូវបានដាក់បញ្ចូលបន្ថែមទៅក្នុងទីផ្សារខុនដូនៅទីក្រុងភ្នំពេញនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ដែលធ្វើឱ្យការផ្គត់ផ្គង់ខុនដូសរុបមានចំនួន២៥.៩១៤យូនីតគិតត្រឹមចុងឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន CBRE Cambodia។

ក្រុមហ៊ុន CBRE Cambodia បានឱ្យនៅក្នុងរបាយការណ៍ថា គម្រោងខុនដូ BaoLi Mansion ដែលមានតម្លៃមធ្យមនៅខណ្ឌ៧មករា បានផ្គត់ផ្គង់ចំនួន៦៤៤យូនីតចូលទៅក្នុងទីផ្សារ ខណៈគម្រោង Royal Park Condo មានតម្លៃសមរម្យនៅខណ្ឌទួលគោក បានផ្គត់ផ្គង់២៩៣យូនីតចូលទៅក្នុងទីផ្សារ។
ក្រុមហ៊ុនអចលនៈទ្រព្យនេះ បែងចែកគម្រោងខុនដូជាប្រភេទ “ប្រណីត ឬតម្លៃថ្លៃ” “តម្លៃមធ្យម” និង “តម្លៃសមរម្យ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុនបានឱ្យដឹងថា តម្លៃខុនដូលំដាប់ប្រណីត មានតម្លៃជាមធ្យម ៣.០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ធ្លាក់ចុះ១,១៩ភាគរយ បើប្រៀបធៀបនឹងត្រីមាសទី៣។

ខុនដូតម្លៃមធ្យម មានតម្លៃជាមធ្យម២.២៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ ធ្លាក់ចុះ៥,៨៩ភាគរយ ខណៈខុនដូតម្លៃសមរម្យ មានតម្លៃជាមធ្យម១,៤០០ដុល្លារ ធ្លាក់ចុះ១,៥៦ភាគរយ។

សម្រាប់ទីផ្សារជួលខុនដូនៅត្រីមាសទី៤ ខុនដូលំដាប់ប្រណីតជាមធ្យមមានតម្លៃ១២,៦៩ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ធ្លាក់ចុះ០,០៨ភាគរយ និងខុនដូតម្លៃមធ្យម មានតម្លៃប្រហែល១០.២០ ដុល្លារ ធ្លាក់ចុះ៦.៧ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here