ដោយ៖ លក្ខិណា
ភ្នំពេញ៖ ក្រុមហ៊ុនលក់អចលនទ្រព្យជាច្រើននៅកម្ពុជា បានបង្ហាញពីសុទិដ្ឋិនិយមចំពោះ ទីផ្សារខុនដូនៅក្នុងឆ្នាំ២០២១នេះ បន្ទាប់ពីវិស័យនេះ បានរងផលប៉ះពាល់ពេញមួយឆ្នាំ ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩។
លោកង៉ែត តារាស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ International Property Investment Network ( IPIN ) បានឱ្យដឹងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ថា ឆ្នាំ២០២០កន្លងទៅ ដោយសារតែវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ និងបានរារាំងដល់ការធ្វើដំណើររបស់ជនបរទេស ទេសចរ និងវិនិយោគិនជាដើមនោះ បានធ្វើឱ្យការទិញលក់ខុនដូនៅកម្ពុជា មានការធ្លាក់ចុះ។
លោកបន្តថា ទីផ្សារខុនដូនៅកម្ពុជា រហូតមកដល់ពេលនេះ គឺនៅតែពឹងលើបរទេស ហើយនៅពេលបរទេសមិនបានមកកម្ពុជា ទើបធ្វើការមានការធ្លាក់ចុះបែបនេះ តែសម្រាប់ឆ្នាំ ២០២១នេះ ដោយផ្អែកតាមការព្យាករណ៍របស់ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា យើងជឿជាក់ថា កំណើននៃទីផ្សារខុនដូ នឹងងើបឡើងវិញក្នុងឆ្នាំ២០២១នេះ ហើយសញ្ញានៃវិស័យនេះនឹងអាចប្រសើរដូចមុនវិបត្តិ។
លោកបន្ថែមថា ដោយមើលពីសញ្ញាវិជ្ជមាននៃទីផ្សារមួយនេះ បណ្ដាក្រុមហ៊ុនលក់អចលនទ្រព្យនានា បានចាប់ដៃសហការជាមួយគ្នា ដើម្បីជំរុញការលក់ខុនដូ ខណៈការអភិវឌ្ឍខុនដូ នៅក្នុងប្រទេសកម្ពុជានៅតែមានដំណើរការ សម្រាប់គម្រោងចាស់ៗ។
លោកសេក សារ៉ាន់ស្ថាបនិកក្រុមហ៊ុន A1 Realty Investment ក៏បានឱ្យដឹងផងដែរថា កាលពីឆ្នាំមុនការលក់យើងពិតជាជួបបញ្ហា ហើយអតិថិជនទិញខុនដូ ភាគច្រើនគឺភ្ញៀវក្នុងស្រុក ដោយបាត់ភ្ញៀវបរទេសអស់ ព្រោះតែការរឹតបន្តឹងការធ្វើដំណើររបស់ពួកគេ ប៉ុន្តែសម្រាប់ឆ្នាំ២០២១នេះ យើងរំពឹងភ្ញៀវបរទេសនឹងត្រលប់មកកាន់កម្ពុជាវិញ ដែលអាចជំរុញទីផ្សារខុនដូក្នុងប្រទេសកម្ពុជាមានសន្ទុះឡើងវិញ។
លោកបន្តថា នៅក្នុងឆ្នាំ២០២១នេះ យើងនឹងជំរុញការលក់របស់ពួកយើងបន្ថែមទៀត ទាំងភ្ញៀវក្នុងស្រុក និងបរទេស ក្នុងពេលក្រុមហ៊ុនរបស់លោកមានបទពិសោធន៍ស្រាប់។
លោក Ding Yongjun អគ្គនាយកក្រុមហ៊ុន Morgan Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូធំមួយនៅកម្ពុជា បានថ្លែងថា ទោះបីជាឆ្នាំ២០២០កន្លងទៅ កម្ពុជាជួបវិបត្តិ ដោយសារតែកូវីដ១៩ ហើយធ្វើឱ្យការលក់គម្រោងខុនដូជួបប្រទះបញ្ហាក្ដី ក៏ក្រុមហ៊ុនមិនបញ្ឈប់ ឬក៏ផ្អាកគម្រោងនោះដែរ ជាក់ស្ដែងគម្រោងខុនដូរបស់Morgan នៅទីក្រុងកោះពេជ្រ បានបញ្ចប់គម្រោងទាំងស្រុងនៅអំឡុងខែធ្នូ កន្លងទៅនេះផងដែរ ដែលបង្ហាញពីការបន្តអភិវឌ្ឍន៍ដោយក្ដីរំពឹងនៅពេលអនាគត៕







