ដោយៈ ចំណាន
ភ្នំពេញៈ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជំទាវជា សិរី បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាភិបាលថ្មីនៃ សមាគមធនាគារនៅកម្ពុជា ដឹកនាំដោយលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារកាលពីសប្តាហ៍មុន។
ជំនួបនេះបានផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ សមាគមធនាគារនៅកម្ពុជា ដើម្បីជម្រាបជូនអំពីសមាសភាពថ្មី នៃសមាជិកក្រុមប្រឹក្សាភិបាលរបស់សមាគមក្នុងអាណត្តិ ២០២៦-២០២៨ ផែនការសកម្មភាពសម្រាប់អាណត្តិថ្មី និងទទួលបានអនុសាសន៍ណែនាំបន្ថែម។
កិច្ចពិភាក្សានេះ បានផ្តោតសំខាន់លើប្រធានបទពាក់ព័ន្ធ នឹងការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជា រួមមាន ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ការពង្រឹងប្រព័ន្ធការពារអតិថិជន ការពង្រឹងអភិបាលកិច្ចស្ថាប័ន និងការពង្រឹងក្រមប្រតិបត្តិវិជ្ជាជីវៈ ក្នុងគ្រឹះស្ថានធនាគារជាដើម។
បន្ថែមលើនេះ កិច្ចពិភាក្សាក៏បានលើកឡើង ពីការពង្រីកលទ្ធភាពផ្តល់ឥណទាន ដល់សហគ្រាសខ្នាតតូច និងមធ្យម យន្តការគាំទ្រការផ្តល់ឥណទានប្រកបដោយចីរភាព និងយន្តការឆ្លើយតបចំពោះបញ្ហាប្រឈមថ្មីៗក្នុងវិស័យធនាគារផងដែរ។
នាឱកាសនោះ លោកជំទាវទេសាភិបាល បានស្វាគមន៍ចំពោះសមិទ្ធផលការងារ របស់សមាគមនាពេលកន្លងមក និងបានផ្តល់អនុសាសន៍មួយចំនួន ដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព។
លើសពីនេះ លោកជំទាវក៏បានលើកឡើង ពីសារៈសំខាន់នៃការរក្សាទំនាក់ទំនង និងកិច្ចសហការជិតស្និទ្ធជាមួយស្ថាប័នរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធនានា និងការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុប្រកបដោយចីរភាព៕









