Wall Street  បោះជំហាន​ឆ្ពោះទៅរក​ការចាប់ផ្ដើម​ដ៏​រឹងមាំ ខណៈ​ចូ បៃ​ឌិន​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​សប្ដាហ៍​ក្រោយ

ដោយៈ​សុខុម

ញូ​យ៉​កៈ សង្កាត់​ហិរញ្ញវត្ថុ Wall Street  ក្នុង​ក្រុង​ញូវយ៉ក បាន​បោះជំហាន​ឆ្ពោះទៅរក​ការចាប់ផ្ដើម​ដ៏​រឹងមាំ កាលពី​ថ្ងៃ​អង្គារ ទី១២ មករា នៅពេល​ការលក់​ចេញ​សញ្ញាប័ណ្ណ​របស់​សហរដ្ឋ​អាមេរិក បានធ្វើ​តម្រូវការ​រូបិយប័ណ្ណ​ដុល្លារ​កើនឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីផ្សារ​មាន​សុទិដ្ឋិនិយម​ថា ការចូល​កាន់តំណែង​ជា​ផ្លូវការ​របស់លោក ចូ បៃ​ឌិន ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក នៅ​សប្ដាហ៍​ក្រោយ​នឹង​ប្រព្រឹត្ត​ទៅដោយ​រលូន។

យោងតាម​ការចុះផ្សាយ របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ឱ្យដឹងថា សកម្មភាព​ទិញ​ចូល​ភាគហ៊ុន​អឺរ៉ុប​តិចតួច បូករួម​គ្មាន​ដំណឹងសំខាន់ៗអំពី​ក្រុមហ៊ុន​សាជីវកម្ម ឬ​ទិន្នន័យ​សេដ្ឋកិច្ច​ផង​នោះ បានផ្ដល់​សញ្ញា​តិចតួច​ណាស់​អំពី​ការតម្រង់ទិស​ទីផ្សារ។

លោក Ned Rumpeltin ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​រូបិយប័ណ្ណ​នៅ​ធនាគារ TD Securities ដែលជា​ធនាគារ​វិនិយោគ​ពហុ​ជាតិ​សាសន៍ របស់​ប្រទេស​កាណាដា​បាន​ថ្លែងថា ទីផ្សារ​នានា​កំពុងតែ​បញ្ជូន​សារ​ចម្រុះ សម្រាប់​ដើមឆ្នាំ២០២១នេះ នៅពេលដែល​ភាគហ៊ុន​ហក់​ឡើង​ខ្ពស់ ហាងឆេង​មាស និង​រូបិយប័ណ្ណ​ដុល្លារ​ហាក់​នៅ​ទ្រឹង ហើយ​សញ្ញាប័ណ្ណ​ធ្លាក់ចុះ។

លោក​បាន​បន្ថែមថា “វា​ជា​សប្ដាហ៍​ដែល​តានតឹង​ខ្លាំង​នៅឡើយ សម្រាប់​នយោបាយ​របស់​សហរដ្ឋអាមេរិក ហើយ​រយៈពេល​ពីរ​បី​ថ្ងៃ​ខាងមុខ អ្វីៗក៏​អាច​កើតឡើង​បានដែរ។ នោះ​នឹង​ធ្វើឱ្យ​បណ្ដា​វិនិយោគិន​ប្រយ័ត្នប្រយែង​បន្តិច​ហើយ” ។

បក្ស​ប្រជាធិបតេយ្យ​បានប្រកាសថា ខ្លួន​នឹង​ទុក​ឱកាស​ជា​លើកចុងក្រោយ​ឱ្យ​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ចុះ​ចេញពី​តំណែង​មុនពេល​កំណត់ ដោយ​មិនបាច់​រង់ចាំ​ដល់​អាណត្តិ​របស់លោក​ផុត ជា​ផ្លូវការ​នៅ​ថ្ងៃទី២០ មករា ដ៏​ខ្លី​ខាងមុខ​នេះឡើយ ដោយសារតែ​លោក​បាន​ញុះញង់ ឱ្យ​អ្នកគាំទ្រ​របស់ខ្លួន​ធ្វើការ​ប្រហារ ទៅលើ​វិមាន​រដ្ឋ​អា​សភា​កា​ពី​តូ​ល របស់​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី៦ មករា។

ក្រឡេក​មក​មើល​ផ្សារភាគហ៊ុន​វិញ​ឃើញថា ផ្សារភាគហ៊ុន Dow Jones បាន​ហក់​ឡើង ០,២% ហើយ​ផ្សារភាគហ៊ុន S&P 500 បាន​ហក់​ឡើង ០,២៦% ។ ចំណែកឯ​ផ្សារភាគហ៊ុន Nasdaq បាន​ហក់​ឡើង ០,៣% ។

ក្រុមអ្នកវិភាគ​លើកឡើងថា ការលក់​ចេញ​សញ្ញាប័ណ្ណ​របស់​សហរដ្ឋ​អាមេរិក ធ្វើឡើង​ដោយសារ​មានការ​រំពឹងទុក​ថា រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់លោក​ចូ បៃ​ឌិន ដែល​នឹង​ចូលកាន់​តំណែង នៅ​សេត​វិមាន​សប្ដាហ៍​ក្រោយ នឹង​បញ្ចេញ​កញ្ចប់​ថវិកា​ស្ដារ​សេដ្ឋកិច្ច​បន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here