អ្នកជំនាញអន្តរជាតិ: ខេត្តកំពតកំពុងបង្ហាញសក្តានុពលទាក់ទាញគម្រោង អភិវឌ្ឍន៍អចលនទ្រព្យ

ដោយៈ ម៉ាណេត

កំពតៈ អ្នកជំនាញអន្តរជាតិបានអះអាងថា តម្រូវការអចលនទ្រព្យនៅខេត្តកំពត បាននិងកំពុងមានការកើនឡើង បន្ទាប់ពីគម្រោងអភិវឌ្ឍន៍ជាច្រើន ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាបន្តបន្ទាប់នៅក្នុងខេត្តនេះ។

លោក Ross Wheble ប្រធានក្រុមហ៊ុន Knight Frank ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន South China Morning Post នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២១នេះថា តម្រូវការ និងតម្លៃដីធ្លីនៅទីតាំងសំខាន់ៗក្នុងខេត្តកំពតបានកើនឡើង ក្នុងកំឡុងពេល១៨ខែចុងក្រោយនេះ ខណៈកត្តាជាច្រើនកំពុងជំរុញតម្រូវការឱ្យមានការកើនឡើងបែបនេះ។

លោកបានថ្លែងថា “សម្រស់ធម្មជាតិ និងទេសភាពដ៏ស្រស់ត្រកាល ការចំណាយពេលធ្វើដំណើររយៈពេលខ្លីពីទីក្រុងភ្នំពេញ និងការកើនឡើងប្រជាប្រិយភាពជាមួយភ្ញៀវទេសចរក្នុងស្រុក ក៏ដូចជាគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនកំពុងក្លាយជាកត្តាលីករជម្រុញការអភិវឌ្ឍខេត្តនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ហេដ្ឋារចនាសម្ព័ន្ឋសំខាន់ៗ ដែលកំពុងជំរុញសក្តានុពលរបស់ខេត្តនេះ រួមមានកំពង់ផែទេសចរណ៍ ការពង្រីកនិងកែលំអផ្លូវជាតិលេខ៣ ការវិនិយោគដ៏ធំនៅលើភ្នំបូក​គោ ក៏ដូចជាការសាងសង់កំពង់ផែទឹកជ្រៅ និងតំបន់សេដ្ឋកិច្ចពិសេស គឺជាកត្តាលីករជំរុញតម្រូវការដីធ្លីនៅទីនោះ។

ការអភិវឌ្ឍកំពង់ផែទេសចរណ៍​តម្លៃ៨លានដុល្លារនៅខេត្តកំពត ត្រូវបានគេព្យាក​រណ៍ថា នឹងបង្កើនចំនួនភ្ញៀវទេសចរទៅតំបន់នោះ។ ជាផ្នែកមួយនៃផែនការមេរបស់មន្ទីរទេសចរណ៍ខេត្តកំពត កំពង់ផែនេះនឹងអាចតភ្ជាប់អ្នកដំណើរ ទៅកាន់ប្រទេសវៀតណាម និងគោលដៅទេសចរណ៍មួយចំនួនរបស់ថៃ និងកោះជាច្រើននៅកម្ពុជា។

យោងតាមការសិក្សារបស់ធនាគារអភិវឌ្ឍន៍អាស៊ីស្តីពី ទេសចរណ៍នៅមហាអនុតំបន់មេគង្គព្យាករថា កំពង់ផែនេះ នឹងផ្តល់សេវាកម្មទេសចរណ៍អន្តរជាតិ និងក្នុងស្រុកចំនួន៣៦០.០០០នាក់ក្នុងមួយឆ្នាំ បន្ទាប់បើកឱ្យដំណើរនៅដើមឆ្នាំ២០២២។

លោកWheble មានប្រសាសន៍ថា “យើងជឿជាក់ថា [កំពង់ផែនេះ] នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់តម្រូវការអចលនទ្រព្យ ដូចជា ការបញ្ចប់គម្រោងរមណីយដ្ឋាន Amber Kampot resort លំដាប់ផ្កាយ៥នៅខេត្តនេះ”។

រមណីយដ្ឋានផ្កាយ៥ដំបូងគេរបស់ទីក្រុងកំពត បានបើកដំណើរការកាលពីខែតុលា ឆ្នាំមុន។ ទោះបីជាតម្លៃបន្ទប់ចាប់ផ្តើមពី៣៥០ដុល្លារអាមេរិក ក្នុងមួយយប់ក៏ដោយ ក៏រមណីយដ្ឋាននេះ កំពុងទទួលបានការពេញនិយមពីភ្ញៀវក្នុងស្រុក។

នៅភាគនិរតីនៃខេត្តនេះ ការអភិវឌ្ឍគម្រោងវីឡាប្រណីត Forest Harmonyដំណា​ក់កាលទី២ បានប្រកាសចាប់ផ្តើមការសាង់សង់កាលថ្មីៗនេះ ខណៈការអភិវឌ្ឍតំណាក់កាលទី១ ដែលមានវីឡាចំនួន៧៨ផ្ទះ មានទឹកប្រាក់ប្រមាណ១៨លានដុល្លារកាលពីខែធ្នូ​ឆ្នាំមុន។

លោកWheble មានប្រសាសន៍ថា “ការអភិវឌ្ឈទាំងនេះបង្ហាញថា មានតម្រូវការកាន់តែច្រើនឡើង នៅក្នុងវិស័យអចលនទ្រព្យនៅខេត្ត ហើយយើងនឹងឃើញការផ្លាស់ប្តូរទៅរកការអភិវឌ្ឍអចលនទ្រព្យបែបប្រណីត”។

កាលពីខែសីហា ឆ្នាំ២០១៩ រដ្ឋាភិបាលបានដាក់បង្ហាញ “ផែនការមេសម្រាប់គម្រោងអភិវឌ្ឍន៍ ទីក្រុងបូកគោរហូតដល់ឆ្នាំ២០៣៥” ហើយគម្រោងនេះ នឹងរួមបញ្ចូលតំបន់លំនៅដ្ឋាន និងតំបន់ពាណិជ្ជកម្ម តំបន់ប្រើប្រាស់ចម្រុះ កន្លែងសាធារណៈបៃតង តំបន់ទាក់ទាញទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here