ប្រទេសថៃ និងចិនបន្តកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណរយៈពេល៥ឆ្នាំបន្តទៀត

ដោយ ៖ សុខុម

បាងកក ៖ នៅដើមឆ្នាំ២០២១នេះគេសង្កេតឃើញថា កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងប្រទេសថៃ និងប្រទេសចិន កាន់តែស្អិតរមួត និងរីកកាន់តែធំគួរឱ្យកត់សម្គា​ល់ ថ្វីបើនៅតែប្រឈមនឹងស្ថានភាពឆ្លងរាតត្បាតកូវីដ-១៩ នៅឡើយយ៉ាងណាក្ដី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តួយ៉ាងធនាគារកណ្ដាលនៃប្រទេសថៃ Bank of Thailand បានប្រកាសកាលពីថ្ងៃសុក្រ ទី៨ មករា ឆ្នាំ២០២១នេះថា ខ្លួន និងធនាគារកណ្ដាលនៃប្រទេសចិន People’s Bank of China បានចុះហត្ថលេខាបន្តកិច្ចព្រមព្រៀង ដោះដូររូបិយប័ណ្ណទ្វេភាគី (Bilateral Currency Swap Arrangement) រយៈពេល៥ឆ្នាំបន្ថែមទៀត។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយក្នុងថ្ងៃដដែល។

តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន ធនាគារកណ្ដាលនៃប្រទេសថៃ បានលើកឡើងថា កិច្ចព្រមព្រៀងដ៏ធំនេះ អនុញ្ញាតឱ្យមានការដោះដូររូបិយប័ណ្ណ ក្នុងស្រុករវាងប្រទេសទាំងពីរ រហូតដល់៣៧០ពាន់លានបាត ឬ៧០ពាន់លានយ័ន (១០.៨៣ ពាន់លានដុល្លារអាមេរិក) សម្រាប់រយៈពេល៥ឆ្នាំ ដោយមានប្រសិទ្ធភាពអនុវត្តន៍ចាប់ពីថ្ងៃទី២២ ធ្នូ ចុងឆ្នាំ២០២០ តទៅ។

ទន្ទឹមនេះ ធនាគារកណ្ដាលនៃប្រទេសថៃ ក៏បានគូសបញ្ជាក់ដែរថា កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើង ក្នុងគោលបំណងជួយគាំទ្រដល់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគលើរូបិយប័ណ្ណក្នុងស្រុក ព្រមទាំងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ហិរញ្ញវត្ថុទ្វេភាគីរវាងប្រទេសទាំងពីរផងដែរ។

ធនាគារកណ្ដាលនៃប្រទេសថៃ បានសង្កត់ធ្ងន់បន្ថែមទៀតថា លើសពីនេះ កិច្ចព្រមព្រៀងនេះ នឹងជួយធ្វើឱ្យវិស័យឯកជន កាន់តែមានទំនុកចិត្តលើការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក នៅក្នុងកិច្ចសហប្រតិបត្តិការឆ្លងដែនរបស់ប្រទេសទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here